ឆ្លងហ៊ីវ ៥ នាក់នៅមន្ទីរពេទ្យបុរាណចិន, អាជ្ញាធរចាត់វិធានការហាមឃាត់ភ្លាម កុំឱ្យពិភាក្សាគ្នាអំពីបញ្ហានេះផ្អើលលើអនឡាញ

    ​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​កុម្ភៈ​ថា អ្នកជំងឺ​យ៉ាងតិច ៥ នាក់​នៅ​មន្ទីរពេទ្យ​បុរាណ​ចិន​ក្នុងប្រទេស​ចិន​បាន​ឆ្លង​ហ៊ី​វ​ដោយ​ចៃដន្យ ខណៈដែល​អាជ្ញាធរ​ចិន​បានចេញ​ចំណាត់ការ​ហាមឃាត់​ការពិភាក្សាគ្នា​ជុំវិញ​បញ្ហា​នេះ​នៅលើ​អន​ឡាញ​។ នេះ​បើ​ផ្អែក​តាម​ប្រភពព័ត៌មាន​សិង្ហ​បុរី Channelnewsasia​។​

​    ​គណៈកម្មការ​រៀបចំ​ផែនការ​សុខភាព​និង​គ្រួសារ​ខេត្ត​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​លើ​វេ​ប​សាយ​ផ្លូវការ​របស់ខ្លួន​ថា អ្នកបច្ចេកទេស​នៅ​មន្ទីរពេទ្យ​ឱសថ​បុរាណ​ចិន​ខេត្ត​ចឺ​ជាំ​ង (Zhejiang Provincial Hospital of Traditional Chinese Medicine) បាន​ប្រើប្រាស់​ម្តងទៀត​នូវ​បំពង់​បង្ហូរឈាម ដែល​ប្រើ​ក្នុងការ​ពិនិត្យ​អ្នកជំងឺ​ឆ្លង​ហ៊ី​វ មុននេះ​មួយរូប ដោយ​ហៅ​ករណីនេះ​ថា​ជា "​ការរំលោភ​នីតិវិធី​ព្យាបាល​យ៉ាងធ្ងន់ធ្ងរ​"​។​

​    ​គណៈកម្មការ​នេះ​បាន​បន្ថែមថា មណ្ឌល​គ្រប់គ្រង​ជំងឺ​ខេត្ត​បាន​បញ្ជាក់ថា អ្នកជំងឺ ៥ នាក់​បាន​ឆ្លង​ហ៊ី​វ ដោយ​មិនបាន​ផ្តល់ព័ត៌មាន​បន្ថែ​ម​អំពី​ចំនួន​អ្នកជំងឺ​សរុប ដែល​អ្នកជំនាញ​ពេទ្យ​បុរាណ​ចិន​បានធ្វើឱ្យ​ឆ្លង​ហ៊ី​វ​ទេ​។ 

​    ​របាយការណ៍​ព័ត៌មាន​ជា​ភាសា​ចិន​ភាគច្រើនបំផុត​អំពី​ឧបទ្ទវហេតុ​ឆ្លង​ហ៊ី​វ​នេះ​ត្រូវបាន​លុបចោល​នៅត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សល់​តែ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​អំពី​បញ្ហា​នេះ​នៅលើ​អន​ឡាញ​ប៉ុណ្ណោះ​។ អ្នក​បញ្ចេញមតិ​រិះគន់​ភាគច្រើន​នៅលើ​បណ្តាញ​សង្គម​ត្រូវបាន​លុបចោល​ទាំងអស់​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត