តុលាការ​ខេត្តកណ្តាល​ចុះ​អនុវត្ត​ដីកា​សម្រេច​របស់​តុលាការ​កំពូល​រឿង​ប្តឹង​ទាមទារ​ដី​កេរ្តិ៍​ពី​សង្គមចាស់​អ្នកចាញ់​ក្តី​ស្រែកថា​អយុត្តិធម៌​

​    កណ្តាល ​៖ ប្រជាពលរដ្ឋ មួយ​គ្រួសារ បាននាំគ្នា ក្រាញ់ននៀល ​និង​ស្រែក​រក​យុត្តិធម៌​ខណៈពេលដែល​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ ដោយ​លោក ហេង​ប៊ុន ឡុង ​អាជ្ញាសាលា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល​ បាន​ចុះទៅ​អនុវត្ត​ដីកា​សម្រេច​របស់​តុលាការ​កំពូល​លេខ​២២​ដ​.​ស ចុះ​ថ្ងៃទី០៤​ ខែមេសា ​ឆ្នាំ​២០១១ ​ដែល​បាន​រឹបអូស​ដី​ទំហំ​ ២៩០២ ​ម៉ែត្រការ៉េ​ទៅឱ្យ​អ្នកឈ្នះ​ក្តី។​

​    ហេតុការណ៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ព្រឹក​ថ្ងៃទី​៩ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០១៧ ​នៅក្នុង​ភូមិ ត្រពាំង អណ្តូង ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ទោះបីជា​យ៉ាងណា​ការអនុវត្ត​ដីកា​សម្រេច​ខាងលើនេះ បាន​ដោយ​ជោគជ័យ ក្រោម​ស្រ​សែ​ភ្នែក អ្នកចាញ់​ក្តី និង​អ្នកភូមិ ក្តី​ក៏​នៅមាន​សម្រែក​ថា​"​អយុត្តិធម៌​ណាស់​"​។​

    អ្វីដែល​មានការ​ចាប់អារម្មណ៍ នៅក្នុង​ការចុះអនុវត្ត​ដីកា​នេះ គឺ​សមត្ថកិច្ច​ពុំបាន​ជូនដំណឹង​ដល់​អ្នកចាញ់​ក្តី​ឱ្យបាន​ដឹង​មុន​ឡើយ​ហើយ​នៅក្នុង​ការចុះអនុវត្ត​ទៀតសោត​លោក​អភិបាលស្រុក​មេឃុំ​មិនបាន​ដឹង​មិនបាន​ចូលរួម​និង​មេ​ភូមិក៏​មិ​ន​បាន​ចូលរួម​នោះដែរ​។​

    យោងតាម​សមត្ថកិច្ច​ចម្រុះ​បានឱ្យដឹងថា ​ការចុះអនុវត្ត​ដី​​កា​នេះ​ធ្វើឡើង​ទៅតាម​អំណាច ដីកា​សម្រេច  លេខ ២២​ដ​.​ស ចុះ​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ ២០១១ ​របស់​តុលាការ​កំពូល តាម​ពាក្យស្នើសុំ​របស់​ម្ចាស់បំណុល​ដែល​បាន​ប្តឹង​ទាមទារ​ដី​កេរ្តិ៍ ពី​សង្គមចាស់ រវាង​ដើមចោទ ឈ្មោះ​យ៉ាន់ សាវ ផ្ទេរសិទ្ធិ​ទៅឱ្យ​កូន​ឈ្មោះ សាវ​ ខឿន​ អាយុ​៣១​ឆ្នាំ​ (​ជា​ចុង​បណ្តឹង​សារទុក្ខ​) ហើយ​ចុងក្រោយ​បាន​ផ្ទេរ​ទៅឱ្យ​ឈ្មោះ​ឡូញ លាប និង​ចុង ចម្លើយ ឈ្មោះ ​ឈឺ​ន ឈឿ​ប​ (​ជា​ម្ចាស់​បណ្តឹង​សារទុក្ខ​)​ ដែល​បាន​ប្តឹងផ្តល់​គ្នា ប្រមាណ​ជាង​២០​ឆ្នាំ​មកហើយ​។​

    លោក ឈឺ​ន ឈឿ​ប ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ ជា​អ​តី​តយោធា​នៅ​ខេត្តកំពង់ស្ពឺ​ដែលជា​ម្ចាស់​ដី និង​ជា​អ្នក​ចាញ់ក្តី​បានឱ្យដឹងថា​ការអនុវត្ត​ដីកា​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​ដែល​តុលាការ​ប្រគល់​ដី​របស់គាត់​ដែល​បានរស់នៅ​តាំងពី​ឆ្នាំ ១៩៧៩ ​ទៅឱ្យ​ម្ចាស់​ដើម​តាំងពី​សង្គមចាស់​។ 

    តាម​អ្នក​ចាញ់ក្តី​បានឱ្យដឹង​ទៀតថា គាត់​និង​គ្រួសារ បានរស់នៅ​លើដីទំហំ ប្រមាណ ៦០ ​ម៉ែត្រ គុណ​នឹង ១០០​ ម៉ែត្រ តាំងពី​ឆ្នាំ ១៩៧៩ មកម្ល៉េះ​។ ​នៅ​ឆ្នាំ ១៩៨០ សម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា ភូមិ ឃុំ​សម័យ​នោះ​ក៏បាន​ចែក​ដី​នោះ​ជា​របងភូមិ​ឃុំ រឹងមាំ​ដើម្បីឱ្យ​គាត់​គ្រប់គ្រង​ដូចគ្នា​ និង​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដ៏ទៃទៀត​ដែរ​។ 

    លុះ​នៅ​ឆ្នាំ​១៩៩៥​ ស្រាប់តែ​អ្នកភូមិ​ម្នាក់​ឈ្មោះ​ យ៉ាន់ ​សាវ​ ដែល​បច្ចុប្បន្ន​គាត់​បាន​ស្លាប់​បាត់ទៅហើយ​បានមក​សុំ​ដី​កេរ្តិ៍​សម័យ​សង្គមរាស្ត្រនិយម​នៅ​ផ្នែក​ខាងក្រោយ​ផ្ទះ​គាត់​តែ​គាត់​មិនឱ្យ​ ហើយ​បាន​ប្តឹង​ទាមទារ​ដី​របស់គាត់​ដែលជា​អំណោយ​រដ្ឋ ទំហំ​ប្រមាណ​៥៥​ម៉ែត្រ គុណ​នឹង ៦០​ម៉ែត្រ មួយ​កំណាត់​ខាងក្រោយ តែម្តង​។​

    លោក​ ឈឺ​ន​ ឈឿ​ប​ បាន​បន្តទៀតថា​នៅពេល​មានការ​ប្តឹង​ទាមទារ​ដី​កេរ្តិ៍​ស្រាប់តែ​សាលាដំបូង​ខេត្តកណ្តាល​ និង​តុលាកា​កំពូល​បានចេញ​ដីកា​ប្រគល់​ដី​នោះ​ទៅឱ្យ​ឈ្មោះ ​យ៉ាន់ សាវ ហើយ​ចុះមក​អនុវត្ត​ជាច្រើន​លើ​មកហើយ មិនបាន​សម្រេច តែ​លើ​នេះ​បាន​លើកគ្នា មក​ស្ងាត់ៗ ដោយ​ពុំបាន​ជូនដំណឹង​មុន​នោះទេ ហើយ​សូម្បីតែ​មេស្រុក​មេឃុំ​មេភូមិ​ក៏​មិនបាន​ចូលរួម​ដែរ​។​

    គួរ​បញ្ជាក់ថា កន្លងមក​លោក ឈឺ​ន ឈឿ​ប រួមទាំង​ក្រុមគ្រួសារ​និង​អ្នកភូមិ​ចំនួន​១៩​នាក់ ដែល​បាន​ផ្តិតមេដៃ គាំទ្រ​ធ្វើ​សាក្សី  និង​ទ​ទួ​ច​សុំឱ្យ​សម្តេច តេ​ជោ និង​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា មេ​ត្ត​ជួយ​រក​យុត្តិធម៌ តែ​គ្មាន​ប្រសិទ្ធភាព៕​

adverise with khmeread