ការបាញ់ប្រហារ លើ​អ្នកបើក​គោយន្ត​បណ្តាល​ឱ្យស្លាប់ និង​របួស​២​នាក់​, ជនដៃដល់​ជា​ប្រធាន​សន្តិសុខ​ក្រុមហ៊ុន HLH.1

    កំពង់ស្ពឺ ៖ ក្រោយពី​កម្លាំង​អាវុធហត្ថ និង​កម្លាំង​ប៉ូលិស​ខេត្តកំពង់ស្ពឺ សួរនាំ​រួចមក ជា​លទ្ធផល​ដឹងថា ជនដៃដល់​ដែល​បាញ់សម្លាប់ អ្នកបើក​គោយន្ត​បណ្តាលឱ្យ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ នៅ​ស្រុក​ឱ​រ៉ា​ល់​នោះ គឺជា​ប្រធាន​សន្តិសុខ ក្រុមហ៊ុន​តែម្តង រួមជាមួយ​បក្ខពួក​៣​នាក់ ផ្សេងទៀត ជា​សន្តិសុខ និង​ប្រពន្ធ​សន្តិសុខ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៧​ មាន​សាក្សី​ឈ្មោះ ក្លែប ងូ​យ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ មុខរបរ​លក់ដូរ​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ បាន​និយាយថា​មាន​រថយន្ត​១​គ្រឿង ម៉ាក​កូរ៉ូឡា​ពណ៌​ផ្ទែ​មេឃ ដោយ​ជិះ​គ្នា​២​ទៅ​៣​នាក់ ហើយ​ជា​សន្តិសុខ​របស់​ក្រុមហ៊ុន H-L-H បាន​ទៅ​ឃាត់​គោយន្ត ដឹកឈើ​ដុល ហើយក៏​ផ្ទុះ​ហេតុការណ៍​នេះ​ឡើង​តែម្ដង​។​

    ដោយមាន​ការចង្អុលបង្ហាញ​ពី​សាក្សី​ខាងលើ​កម្លាំង​អាវុធហត្ថ និង​កម្លាំង​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​សន្តិសុខ​៣​នាក់ និង​ប្រពន្ធ​សន្តិសុខ​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយគ្នា ដែល​ទី​១-​ឈ្មោះ ឈន វុទ្ធី អាយុ​៣៧​ឆ្នាំ ពាក់​ស័ក្ដិ​៣ ជា​មន្ត្រី​យោធា និង​បច្ចុប្បន្ន​ជា ប្រធាន​សន្តិសុខ​H-L-H មាន​ទីលំនៅ​ផ្ទះ​លេខ​៦៦ ផ្លូវ ២០០ ភូមិ​៦ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​, ទី​២-​ឈ្មោះ កែវ វណ្ណា អាយុ​៣៧​ឆ្នាំ ពាក់​ស័ក្ដិ​៣ ហើយ​ជា​អនុប្រធាន​សន្តិសុខ ក្រុមហ៊ុន H-L-H មាន​ទីលំនៅ​ផ្ទះ​លេខ​៣៧៥ ក្រុម​៦ ភូមិ​ព្រៃ​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​, ទី​៣-​ឈ្មោះ ដួង ពៅ អាយុ​៥៧​ឆ្នាំ មុខរបរ​សន្តិសុខ ក្រុមហ៊ុន H-L-H មាន​ទីលំនៅ​ភូមិ​ពោធិ​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ និង​ទី​៤៖​ឈ្មោះ ជេ​ង ចំប៉ី ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

    សមត្ថកិច្ច​បន្តថា ពេលដែល​កម្លាំង​អាវុធហត្ថ និង​កម្លាំង​ប៉ូលិស​ធ្វើការ​សាកសួរ​ជន​ទាំង​៤​នាក់​រួច ក៏មាន​ការ អនុញ្ញាត​ពី​លោក កែវ សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បី​ធ្វើការ​ឆែកឆេរ កន្លែង​ស្នាក់នៅ​របស់​ជនសង្ស័យ​៤​នាក់ និង​ក្នុង​រថយន្ត​២​រឿង ទៀត​បាន​ដកហូត​សម្ភារៈ ដូចជា ទី​១-​ផាវ​គ្រាប់បែក​៦​កញ្ចប់ រាយ​១២​គ្រាប់​, ទី​២-​គ្រាប់កង់​៨១​គ្រាប់​, ទី​៣-​គ្រាប់កាំភ្លើង​ប៉េអាកុល​៣​គ្រាប់​, ទី​៤-​គ្រាប់កាំភ្លើង​k54 ១០​គ្រាប់​, ទី​៥-​គ្រាប់​រ៉ូឡូ​ធុន​តូច​៨៥​គ្រាប់​, ទី​៦-​កាំភ្លើង​ខ្យល់​ច្នៃ​១​ដើម​, ទី​៧-​ស្លាក​លេខ ខេមរភូមិន្ទ​១​គូរ​, ទី​៨-​រថយន្ត​២​គ្រឿង ព្រមទាំង​វត្ថុតាង​ជាច្រើន​ទៀតផង​ដែរ​។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ខាងលើ រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ដ​៕

adverise with khmeread