0

បំបាត់​ផ្សិត​តាម​កន្លៀត​ជញ្ជាំង​ជា​រៀងរហូត​ដោយ​ប្រើ​វិធី​ងាយៗ​

​    ​ជំនួស​ឱ្យ​ការជ្រើសរើស​យក​សារធាតុ​គីមី​គ្រោះថ្នាក់​ដូចជា ថ្នាំលាប​ឱ្យ​ស ឬ​ទឹក​ថ្នាំ​កម្ចាត់​មេរោគ​បូរ៉ា​ក់ (Borax) ដើម្បី​កម្ចាត់​ស្នាម​ផ្សិត​នៅផ្ទះ សូម​ជ្រើសរើស​វិធី​ធម្មជាតិ ដែលការពារ​ដល់​បរិស្ថាន និង​មិន​បង្ក​ផលប៉ះពាល់​ដល់​គ្រួសារ​ឬ​សត្វ​ចិញ្ចឹម​របស់​អ្នក​។ ផ្សិត​អាចមាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក ទោះបី​អ្នក​ពុំមាន​អា​ឡែ​ស៊ី​ជាមួយ​វា​ក៏ដោយ​។ មនុស្សភាគច្រើន​មានប្រតិកម្ម​ជាមួយ​ផ្សិត​ដោយ​ធ្វើឱ្យ​អស់កម្លាំង និង​ថែមទាំង​តប់ប្រមល់​បាក់​ទឹកចិត្ត​ថែមទៀត​។ ជាងនេះទៅទៀត ផ្សិត​និង​ជាតិ​ស្នឹម​គឺជា​មូលហេតុ​បង្ក​លេខ​មួយ​នៃ​អា​ឡែ​ស៊ីមេរោគ​ឆ្លង​ក្នុង​រន្ធ​ឆ្អឹង និង​ការ​រលាក​ស្បែក​។ ជាការ​ពិត មាន​ផលិតផល​ច្រើនណាស់ ដែល​អាច​កំចាត់​ផ្សិត​បាន ប៉ុន្តែ​ផលិតផល​មួយចំនួន​មាន​ជាតិពុល​ខ្ពស់​ណាស់ ដូច្នេះ​ត្រូវ​ប្រើ​ឱ្យ​ប្រយ័ត្នបំផុត​។

​    ​បំបាត់​ផ្សិត​ទាំងនេះ​ចេញពីផ្ទះ​របស់​អ្នក​តាមរយៈ​ការប្រើ​នូវ​គន្លឹះ​ធម្មជាតិ និង​វិធីសាស្ត្រ​សម្អាត​ដូចខាងក្រោម​៖

​    ​១. ទឹក​អ៊ី​ត្រូ​សែន ភឺ​រ៉ូ​ស៊ីត (Hydrogen Peroxide)
​    ​អ្នកត្រូវការ​ទឹក​នេះ ៣% ហើយ​បាញ់​វា​ទៅលើ​តំបន់​មាន​ផ្សិត​។ ទុក​វា​ចោល​១០​នាទី​។ ដំបូង​ត្រូវ​ដុស​ឱ្យ​ស្អាត ហើយ​បន្ទាប់មក​យក​ក្រណាត់​សើម​មក​ជូត​សម្អាត​ស្នាម​ផ្សិតដែល​នៅ​សេសសល់​។ ត្រូវ​ទុក​ទឹក​នេះ​នៅ​កន្លែង​ងងឹត ព្រោះ​ពន្លឺ​អាចធ្វើឱ្យ​វា​បាត់បង់​គុណភាព​។

​    ​២. ទឹកខ្មេះ​
​    ​ចាក់ទឹក​ខ្មេះ​ចូល​ដប​មួយ រួច​បាញ់​វា​ទៅលើ​តំបន់​មាន​ផ្សិត​។ អ្នក​ក៏​អាច​លាយ​ទឹក​ចូល​ជាមួយ​ទឹកខ្មេះ​ដើម្បី​បន្ថយ​ក្លិនឈួល​ផងដែរ ប៉ុន្តែ​ជម្រើស​ប្រើ​ទឹកខ្មេះ​សុទ្ធ​ល្អ​ជាង​។ ទុកវា​ចោល​បី​បួន​ម៉ោង​រួច​ដុស​វា​ឱ្យ​ស្អាត​ជាមួយ​ច្រាស​។ ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ក្លិន​ទឹកខ្មេះ អ្នក​អាច​បន្តក់​ប្រេង​ក្រអូប​ខ្លះ​ពីលើ​នោះ​។ យោងតាម​ការសិក្សា ទឹកខ្មេះ​ស​អាច​កម្ចាត់​ស្នាម​ផ្សិតបាន ៨២% ក្នុងនោះ​រួមទាំង​វីរុស និង​បាក់តេរី​។ វា​អាច​ទប់ស្កាត់​ផ្សិត​និង​ស្លែ​មិនឱ្យ​កើតឡើង​នោះទេ​តាមរយៈ​ការបាញ់​ទឹកខ្មេះ​តាម​ជញ្ជាំង​រួច​ទុក​វា​ឱ្យ​ស្ងួត​។

​    ​៣. ប្រេង​ចម្រាញ់​ចេញពី​ដើម​តែ (​ឬ ទឹក Tea Tree Oil)
​    ​មាន​ឱសថ​ធម្មជាតិ​មាន​ប្រយោជន៍​ច្រើនណាស់​សម្រាប់​បំបាត់​ផ្សិត ដែល​មិន​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន ប៉ុន្តែ​ឱសថ​ធម្មជាតិ​ខ្លះ​ក៏​ថ្លៃ​ណាស់ដែរ​។ ជាក់ស្តែង ប្រេង Tea Tree Oil មានតម្លៃ​ថ្លៃ​គួរសម ប៉ុន្តែ​ចាក់​វា​តែ​ពីរ​ស្លាបព្រា​កាហ្វេ​ចូលក្នុង​ទឹក​ពីរ​កែវ​នឹង​អាច​បំបាត់​ផ្សិត​បាន​រយៈពេល​ដ៏​យូរ​។ បាញ់​ទឹក​នេះ​ទៅលើ​កន្លែង​មាន​ស្នាម​ផ្សិត ហើយ​កុំ​ដុស​វា​ឱ្យសោះ​។ ទឹក​នេះ​មាន​ក្លិនឈួល​ខ្លាំងណាស់ ដែល​អាច​បាត់​ទៅវិញ​នៅ​រយៈពេល​ពីរ​ឬ​បី​ថ្ងៃក្រោយ​។

​    ​៤. ម្សៅ​មេនំ​ប៉័ង​
​    ​ម្សៅ​មេនំ​ប៉័ង​គឺជា​គ្រឿងផ្សំ​ធម្មជាតិ​ដ៏​មាន​ប្រយោជន៍​បំផុត​ក្នុងការ​កម្ចាត់​ស្នាម​ផ្សិត​។ លាយ​ម្សៅ​នេះ​ជាមួយ​ទឹក ហើយ​បាញ់​ទៅលើ​កន្លែង​ដែល​ដុះ​ផ្សិត​។ ទុក​វា​ចោលមួយសន្ទុះ រួច​ដុស​សម្អាត​វា ហើយ​ជូត​ជាមួយ​ក្រណាត់​សើម​។ ម្សៅ​មេនំ​ប៉័ង​នឹង​កម្ចាត់​ផ្សិត​ដោយ​មិន​បន្សល់​ក្លិន​អ្វី​នោះឡើយ​។

​    ​ប្រសិនបើ​អ្នក​ចង់​ទប់ស្កាត់​កុំឱ្យ​ដុះ​ផ្សិត​តាម​វិធី​ធម្មជាតិ អ្នក​ត្រូវតែ​ជូត​សម្អាត​ផ្ទៃ​ជញ្ជាំង​ឱ្យបាន​ញឹកញាប់ បើក​ម៉ាស៊ីន​បាញ់​ចំហាយ​ទឹក​ត្រជាក់​ចោល បាញ់​ទឹកខ្មេះ ហើយ​មើលឱ្យ​សព្វកន្លែង​ដែលមាន​លេច​ឬ​ហូរ​ទឹក​៕

 

ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

មតិយោបល់