ម៉ូតូ​ ២ ​គ្រឿង​បើក​បុក​គ្នា​គ្មាន​អ្នកឈ្នះ​, ​គ្មាន​អ្នកចាញ់ ​ស្លាប់​ ២​ នាក់ ​របួសធ្ងន់​ម្នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ថ្ងៃទី​១០​ កុម្ភៈ ​២០១៧ វេលា​ម៉ោង​១១ ​និង​៤០​នាទី​យប់​ត្រង់ចំណុច​មុខ​យានដ្ឋាន​ជាម​ម៉េង​ឈាង​៥ លើផ្លូវ​ជាតិ​លេខ​២១ ភូមិ​ព្រែក​សំរោង​៣​ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បណ្តាលឱ្យ​អ្នកបើកបរ​ទាំងសងខាង​២​នាក់​ស្លាប់​ភ្លាម និង អ្នករួមដំណើរ​ម្នាក់​របួសធ្ងន់។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក​ SUZUKI SMASH​ ពណ៌​ខ្មៅ​-​ស ពាក់​ស្លាកលេខ ភ្នំពេញ ​1AP.0242 (​មិន​ពាក់មួក​សុវត្ថិភាព​ និង​គ្មាន​កញ្ចក់​) អ្នកបើកបរ​ឈ្មោះ នុប រ៉ាវី ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​) ​បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង។​

    លុះដល់​ចំណុច​ខាងលើ​ក៏បាន​បុក​ជាមួយ​ម៉ូតូ ​០១ ​គ្រឿង​ម៉ាក HONDA DREAM-125​ ពណ៌​ខ្មៅ​ គ្មាន​ស្លាកលេខ​ (​គ្មាន​កញ្ចក់​និង​មិន​ពាក់មួក​សុវត្ថិភាព​) ​បើកបរ​ក្នុង​ទិស​​ដៅ​ពី​ជើង​ទៅ​ត្បូង អ្នកបើកបរ​ឈ្មោះ ផាត់ សារ៉ន​ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល​ (​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​)​ និង​មាន​អ្នករួមដំណើរ​ជាមួយ​ម្នាក់​ឈ្មោះ ​សៅ កុសល ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​ស៊ី​រ៉ែ​ន​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ជ័យជំនះ​។​

    ដោយឡែក​សាកសព​អ្នកបើកបរ​ម៉ូតូ​ទាំង​០២​នាក់ ត្រូវបាន​រថយន្ត​ស៊ី​រ៉ែ​ន​របស់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ ដឹក​ទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ជ័យជំនះ ដើម្បី​រង់ចាំ​ក្រុមគ្រួសារ​មក​ទំនាក់ទំនង ឬ​បងប្អូន​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។​

    ចំណែក​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​បណ្តោះអាសន្ន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។ ​ករណីនេះ បណ្តាល​ឱ្យ​ស្លាប់​ប្រុស​ចំនួន​០២​នាក់​ និង​រងរបួស​ធ្ងន់​មនុស្ស​ប្រុស​ចំនួន​ម្នាក់​,​ ​ខូចខាត​ធ្ងន់​ម៉ូតូ​០២​គ្រឿង​។ ​មូលហេតុ​មកពី អ្នកបើកប​ម៉ូតូ​ SUZUKI-SMASH ​បើក​រំលោភ​ចូល​ចំណែក​ផ្លូវ​របស់​ភាគី​ខាង​ម៉ូតូ​ HONDA DREAM 125៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab