adverise with khmeread 20

មេបក្សឈ្នះឆ្នោតមីយ៉ាម៉ាជួបមេយោធាមានអំណាចពិភាក្សាពីការផ្ទេរអំណាច

​    ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​មេ​យោធា​ដ៏​មានអំណាច​របស់​មី​យ៉ាន់​ម៉ា លោក​ឧ​ត្ត​ម​សេនីយ៍​មីន អ៊ុង លាំង (Min Aung Hlaing) បានរៀបចំ​កិច្ចពិភាក្សា​ថ្មី​មួយ​កាលពី​ថ្ងៃ​ចន្ទ (២៥ មករា​) ស្តីពី​ការផ្លាស់ប្តូរ​នយោបាយ​ដ៏​គួរឱ្យកត់សម្គាល់​របស់​ប្រទេស​នេះ ពោល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​អង្គនីតិបញ្ញត្តិ​គ្រប់គ្រង​ដោយ​យោធា​ប្រគល់​សភា​ប្រជាធិបតេយ្យ​បំផុត​មិន​ធ្លាប់មាន​រាប់​ជំនាន់​មកហើយ​ដល់​បក្ស​ឈ្នះឆ្នោត​។ 

​    ​ការពិភាក្សា​ទាំងនេះ​គឺជា​កិច្ចប្រឹងប្រែង​ចុងក្រោយ​បំផុត​ដើម្បី​សម្រួល​ឱ្យ​ការផ្ទេរអំណាច​មាន​ភាព​រលូន បន្ទាប់ពី​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​សម្រាប់​គ​ណ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD ) របស់លោក​ស្រី​ស៊ូ​ជី​ក្នុងការ​បោះឆ្នោត​កាលពី​ខែវិច្ឆិកា ដែល​គ្រោង​នឹង​ផ្លាស់ប្តូរ​ប្រទេសមួយ​នេះ​បន្ទាប់ពី​ស្ថិត​ក្រោយ​ការគ្រប់គ្រង​របស់​យោធា​អស់​ជាច្រើន​ទសវត្សរ៍​។ 

​    ​យោងតាម​សេចក្តី​ថ្លែង​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​គណបក្ស NLD កាលពី​យប់​ថ្ងៃ​ចន្ទ កិច្ចប្រជុំ​នេះ​គេ​ឃើញ​មាន "​ការពិភាក្សា​ប្រកបដោយ​ភាពស្និទ្ធស្នាល និង​ការបើក​ទូលាយ​អំពី​ការបង្កើត​រដ្ឋាភិបាល​ថ្មី ការផ្ទេរអំណាច សន្តិភាព​និង​ស្ថេរភាព​ក្រោយ​ការបោះឆ្នោត ព្រមទាំង​ដំណើរការ​របស់​សភាជាតិ​និង​សន្តិភាព​"​។ 

​    ​ក្រុមអ្នកតាមដាន​ចាត់ទុក​ការជួបគ្នា​រវាង​លោកស្រី​ស៊ូ​ជី​អាយុ​៧០​ឆ្នាំ និង​មេ​យោធា​គឺជា​រឿង​សំខាន់បំផុត​មួយ​ក្នុង​ការធានា​ឱ្យ​ការប្រគល់អំណាច​នយោបាយ​បន្ត​ប្រព្រឹត្ត​ទៅមុខទៀត​។ កិច្ចប្រជុំ​បិទទ្វារ​រយៈ​ពេល​ពីរ​ម៉ោង​នេះ​គឺជា​ការជួបគ្នា​លើក​ទី​ពីរ​ហើយ​ចាប់តាំងពី​ការបោះឆ្នោត​។​

​    ​សមាជិកសភា​របស់​គ​ណ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ដែល​បានឈ្នះ​ឆ្នោត​នឹង​ចាប់ផ្តើម​អង្គុយ​នៅ​អាសនៈ​របស់ខ្លួន​នៅ​សភា​ក្នុង​រដ្ឋធានី​ណៃ​ពិដោរ​នៅ​ថ្ងៃទី ១ ខែកុម្ភៈ ២០១៦​។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​មីន អ៊ុង លាំង (Min Aung Hlaing) ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់គាត់​ដែរ​ដោយ​អម​ជាមួយ​រូបថត​នៃ​កិច្ចប្រជុំ ក្នុងនោះ​មាន​រូបថត​មួយ​របស់គាត់​ក្នុង​ឯកសណ្ឋាន​យោធា​ចាប់ដៃ​ជាមួយ​លោកស្រី​ស៊ូ​ជី​ក្នុង​ទឹកមុខ​ញញឹម​រីករាយ និង​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​បុរាណ​ពណ៌​បៃតង​ស្រស់​៕

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់