បុរស​២​នាក់ បាន​ស្លាប់​ភ្លាមៗ​ដោយ​រថយន្តបុក​ពីក្រោយ​នៅ​ស្តុ​ប​ផ្សារ​ដី​ហុយ​

    ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ ​និង​បុរស​ម្នាក់​ជិះ​កង់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​បើក​បុក​ពីក្រោយ​ពេញទំហឹង ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់​។​

    គ្រោះថ្នាក់​ខាងលើនេះ កើតឡើង​កាលពី​វេលា​ម៉ោង១ ​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី១៧ កុម្ភៈ ​២០១៧ នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ ផ្លូវ​ភ្នំពេញ​ហាណូយ កែង​និង​ផ្លូវ​១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ស៊ុំ សោ​ភ័​ណ្ឌ អាយុ​ជាង៣០​ឆ្នាំ មុខរបរ​សន្តិសុខ បុរី​ពិភពថ្មី មាន​ស្រុកកំណើត​នៅ​ស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី​ ​ពណ៌​ខ្មៅ​ ពាក់​ស្លា​ក​​លេខ​កណ្តាល 1N-8594។ ចំណែក​បុរស​ម្នាក់ទៀត​ដែល​ជិះ​កង់ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ​ទេ។​

    សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​២​នាក់​ដែលជា​ជនរងគ្រោះ បាន​ជិះ​កង់​និង​ម៉ូតូ​ស្រប​ទិស​គ្នា​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។​

    ខណៈ​មកដល់​ចំណុច​ស្តុ​ប​ជា​កន្លែងកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក បើក​ក្នុង​ល្បឿន​លឿន មក​បុក​ពីក្រោយ​ពេញទំហឹង ប៉ើ​ង​ជនរងគ្រោះ​ទាំង​២​នាក់​ខ្ទាត ចម្ងាយ​ជាង​៣​០​ម៉ែត្រ បណ្តាលឱ្យ​ជនរងគ្រោះ​ស្លាប់​ទាំង​២​នាក់​ភ្លាម​តែម្តង។​ ចំណែក​រថយន្ត​បង្ក​ខូ​ត​ខាត​ផ្នែ​ក​ខាងមុខ​ធ្ងន់ធ្ងរ រួច​បើក​រត់​សំដៅ​ឆ្ពោះ​មក​ទៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​តែម្តង​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ចុះទៅពិនិត្យ​កន្លែងកើតហេតុ បានធ្វើ​ឯកសារ យក​សព​ទៅ​រក្សាទុក​នៅ​វត្ត​តាំង​កសាង​ខាងត្បូង​រង់ចាំ​សាច់ញាតិ​មក​ទទួល​យ​ក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី៕

 

adverise with khmeread
tiger
Loading ad ...