បើក​ម៉ូតូ​លឿន ដួល​បោក​ក្បាល​នឹង​ទ្រូងផ្លូវ​ស្លាប់​ម្នាក់​,​ របួសធ្ងន់​ស្រាល​២​នាក់​

    ភ្នំពេញ ៖ បុរស​បីនាក់​ទើបតែ​ចេញមក​ពី​ក្លឹប​ជិះ​ម៉ូតូ​ទាំង​ស្រវឹង​ក្នុង​ល្បឿន​លឿន​ទៅផ្ទះ​វិញ​តែ​ជា​អកុសល​ត្រូវ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​និង​រងរបួស​ធ្ងន់​ស្រាល​២​នាក់​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​កាលពី​វេលា​ម៉ោង៣ ​និង​៣០​នាទី​ទៀបភ្លឺ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុច​មុខ​ផ្សារ​ទឹកថ្លា ស្ថិត​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ជនរងគ្រោះ​ម្នាក់​បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ វិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ទី​២​មានឈ្មោះ នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​លក់​កាហ្វេ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ទី​៣​មានឈ្មោះ អេង តា​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​ម្ដំ​អាងទឹក សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន។​

    ប្រភព​ដដែល​បន្តថា ដំបូង​រូបគាត់​ទាំងបី​នាក់​ទើបតែ​ចេញពី​ផឹក​ស៊ីក្នុង​ក្លឹប អាវ៉ា​ឡូ​ន ហើយ​ជនរងគ្រោះ​បាន​ជូន​មិត្ត​របស់គេ​ដែល​អង្គុយ​ពីក្រោយ​នោះ​ត្រលប់​ទៅផ្ទះ​វិញ​នៅ​ម្ដុំ​អាងទឹក អូឡាំពិក។​

    ខណៈ​ពួកគេ​កំពុងតែ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ស៊ី​រុស ពណ៌​ក្រហម​លាយ​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-8162 បើក​តាមផ្លូវ​ខាងលើ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ​ដោយសារតែ​ម្ចាស់​ម៉ូតូ​ស្រវឹង​ជ្រុល​ទើបបានជា​រេ​ចង្កូត​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ដែល​នៅ​ខាងឆ្វេង​ដៃ​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ហោះ​ទៅ​បោក​ក្បាល​ផ្ទប់​នឹង​របាំង​ថ្ម​ទ្រូងផ្លូវ​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

    ចំណែក​អ្នកជិះ​កណ្ដាល​វិញ​រងរបួស​ធ្ងន់ធ្ងរ​ហើយ​អ្នកជិះ​ក្រោយ​គេ​មិនមាន​រងរបួស​អ្វី​នោះទេ។ ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជួយ​ទាក់ទង​ទៅកាន់​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក​ឯកជន ហុង ហាក់ មក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​។​

    ក្រោយពេល​កើតហេតុ​សព​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ធ្វើឯកសារ​ប្រគល់​សព​ឱ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​លំនៅដ្ឋាន​៕​

adverise with khmeread