អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ជាមួយ​ថ្នាំញៀន​៣​កញ្ចប់​

    ព្រះសីហនុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ក្រុងព្រះសីហនុ បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០២​នាក់​នៅវេលា​ម៉ោង​១​០ ​និង​៣០​នាទី​យប់ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​មុខ​ផ្សារ​ចិន ក្រុមទី​២៣ ភូមិ​០១ សង្កាត់​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​។​

    មន្ត្រី កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន​នោះ​រួមមាន​១.​ឈ្មោះ ហេង ស្រី​ណែ​ត ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង​ បច្ចុប្បន្ន​រស់នៅ​ក្រុម​២៣ ភូមិ​០១ សង្កាត់​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ​និង​២.ឈ្មោះ អ៊ុន សុផាត ហៅ​ហួត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​បុគ្គលិក​កំពង់ផែ មាន​ស្រុកកំណើត ស្រុក​កោះសូទិន ខេត្តកំពង់ចាម បច្ចុប្បន្ន​រស់នៅ​ក្រុម​២៣ ភូមិ​០១ សង្កាត់​០៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

    មន្ត្រី​ដដែល បន្តថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ធ្វើការ​ចាប់យក​វត្ថុតាង​មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០៣​កញ្ចប់ ដែលមាន​ទម្ងន់ ០.៩៩​ក្រាម​, ២. ដប​ជក់​ចំនួន​០២, ៣. ទូរស័ព្ទដៃ ចំនួន​០១​គ្រឿង​, ៤. ដែកកេះ​ចំនួន​១០, ៥. លុយ​ខ្មែរ ចំនួន​២​សែន​រៀល និង​ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕

adverise with khmeread