adverise with khmeread 1

​នាង Vicki Zhao នឹង​ដឹកនាំ​រឿង​គំនូរជីវចល​ដែល​យក​លំនាំ​រឿង​ព្រះ​នាង​ត្រចៀកកាំ​

​តារា​សម្តែង​ចិនដីគោក​នាង Vicki Zhao នឹង​ដឹកនាំ​រឿង​គំនូរជីវចល​ដែល​យក​លំនាំ​រឿង Princess Returning Pearl ឬ​ខ្មែរ​យើង​ហៅថា​រឿង​ព្រះ​នាង​ត្រចៀកកាំ​។ រឿង​ដែល​និយាយ​ពី​រាជវង្ស​ឈី​ង​ដ៏​ល្បីល្បាញ​នេះ បានចេញ​ផ្សាយ​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៩៨​។​

​ពីរ​ឆ្នាំ​មកហើយ ដែល​ពាក្យ​ចចាមអារ៉ាម​បាន​លេចឮ​គ្រប់ទិសទី​ថា ផលិតកម្ម Alibaba Pictures មាន​គម្រោង​ថត​រឿង Princess Returning Pearl ដែល​បាន​សរសេរ​ដោយ​លោកស្រី Chiung Yao​។​

​ផលិតកម្ម​ប៉ុន្មាន​មកនេះ​ក៏បាន​ប្រកាសថា គម្រោង​នេះ​នៅ​ទីបំផុត​ត្រូវបាន​ចាប់ផ្តើម ប៉ុន្តែ​រឿងនេះ​មិនមែន​ថត​ជា​លក្ខណៈ​តួ​អង្គជា​មនុស្ស​ពិត​នោះទេ តែ​ជា​គំនូរជីវចល​។​

​នាយក​ប្រតិបត្តិ​ផលិតកម្ម Alibaba Pictures លោក Zhang Qiang ពន្យល់ថា "​វា​ច្បាស់​ពិបាក​ជាមិនខាន​ដើម្បី​រក​កូនចាប​តូច​" ដោយ​សំដៅ​ទៅលើ​តួឯក​ក្នុង​រឿង​ព្រះ​នាង​ត្រចៀកកាំ​នាង Vicki កាលពី​ឆ្នាំ ១៩៩៨ និង តួ​ស្រី​ចិនដីគោក​នាង Li Sheng ដែល​សម្តែង​ក្នុង​រឿងនេះ​ឡើងវិញ​ក្នុង​ឆ្នាំ​២០១១​។

​លោក​បាន​បន្តទៀតថា "​គ្មាន​នរណាម្នាក់​អាចធ្វើ​បានល្អ​ជាង​តួអង្គ​ជើងចាស់​នោះទេ​។ វា​មាន​ភាពខុសគ្នា​ប្រសិនបើ​យើង​ផលិត​គំនូរជីវចល​។ យើង​អាច​ផលិត​រឿងនេះ​ទាំងមូល​បាន​"​។​

​នាង Vicki ត្រូវបាន​ជ្រើសរើស​ដើម្បី​ធ្វើជា​អ្នកដឹកនាំ​រឿង ដោយសារ​នាង​បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​ដឹកនាំ​ពី​បណ្ឌិត្យសភា​ភាពយន្ត​ក្រុង​ប៉េកាំង (Beijing Film Academy) កាលពី​ឆ្នាំ ២០១២​។ ការដឹកនាំ​ដំបូង​របស់​នាង​គឺ​រឿង "So Young" ដែល​បាន​ចាក់​បញ្ចាំង​ក្នុង​រោងកុន​កាលពី​ពីរ​ឆ្នាំមុន​។​

​មកដល់ពេលនេះ Alibaba Pictures មិនទាន់​ចេញផ្សាយ​ព័ត៌មាន​ច្បាស់ការ​ណាមួយ​ថា​រឿងនេះ​នឹង​ថត​នៅពេលណា​ឬក៏​បញ្ចេញ​នៅពេលណា​នោះទេ និង​មិនទាន់​បញ្ជាក់ថា​តួអង្គ​ដើមពី​រឿងនេះ ដែល​រួមបញ្ចូល​តារា​ល្បីៗ​ដូចជា លោក Alec Su នាង Ruby Lin និង​នាង Fan Bingbing នឹងចូលរួម​ឬ​យ៉ាងណា​៕

adverise with khmeread
ប្រភព៖ ចេនេស្តារ

មតិយោបល់