adverise with khmeread 1

ឡាន​ដឹក​ឥដ្ឋ​បើក​បុក​ខ្លោងទ្វារ​ភូមិគ្រឹះ​លោក​ផ្កាយ​បី​ស្លាប់​ម្នាក់ របួស​បាក់ជើង​ម្នាក់ និង​២​នាក់​ទៀត​រត់គេច​បាត់​

     ភ្នំពេញ ៖ មនុស្សម្នា​ក់បាន​ស្លាប់​នៅនឹងកន្លែង​និង​ម្នាក់ទៀត​រងរបួស បាក់ជើង នៅក្នុង​ហេតុការណ៍​បើករថយន្ត​ដឹក​ឥដ្ឋ​ជ្រុល​ទៅបុក​ខ្លោងទ្វារ​ភូមិគ្រឹះ​ដ៏​ធំ​មួយ​នៅ ជាប់ បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ស្ថិត​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​កាលពី​វេលា​ម៉ោង ៥​និង​១០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៨​ខែមករា ឆ្នាំ​២០១៦​នេះ ។

    អ្នក​ដែល​ស្លាប់ នៅក្នុង​ហេតុការណ៍​នេះ​ឈ្មោះ សុំ ស៊ីថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ មាន​ស្រុកកំណើត​នៅ​ភូមិ តាំង​ស្នាយ ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង និង​អ្នករបួស ម្នាក់ទៀត​មិនទាន់​ស្គាល់ អត្តសញ្ញាណ​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

    ប្រភពព័ត៌មាន​បាន​ឲ្យ​ពី​ហេតុការណ៍​នេះ​ថា ដំបូង​រថយន្ត​ដឹក​ឥដ្ឋ ១​គ្រឿង​ប្រភេទ​រថយន្ត​ហ៊ីយ៉ាន់ដាយ ពុំមាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ម្នាក់​និង​អ្នក​រួម ដំណើរ​ជា​កម្មករ​ចំនួន​៣​នាក់​ទៀត បានធ្វើ​ដំណើរ​ចេញពី​ព្រែក​អញ្ចាញ​សំដៅ​មក​ភ្នំពេញ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ។​

    លុះ​មកដល់​ជិត​ចំណុចកើតហេតុ រថយន្ត​បង្ក​បាន​ព្យាយាម វ៉ា​ស្តាំ​ជែង​រថយន្ត​ធុន​ធំ​មួយគ្រឿង​នៅ​ពី​ខាងមុខ ក៏​ជ្រុល​ចង្កូត​ទៅបុក​ក្លោងទ្វារ​ភូមិគ្រឹះ​ដែល មាន​ម្ចាស់​ជា​ឧ​ត្ត​ម​សេនីយ៍​ឯក​ម្នាក់​(​ផ្កាយ​៣) បណ្តាល​ឲ្យ​បាក់​ក្លោងទ្វារ​និង​រថយន្ត​ខ្ទេច ស្ទើរ​ទាំងស្រុង ។​

    ភ្លាមៗ​នោះគេ​បានឃើញ​មនុស្សម្នា​ក់បាន​ស្លាប់ និង​ម្នាក់ទៀត​បាក់ជើង រីឯ​២​នាក់​ទៀត​ក្នុង​មាន​តៃកុង​ឡាន​ផងដែរ​បាន​រត់គេចខ្លួន​បាត់ ។ អ្នក​ទាំង​៤​គឺជា​កម្មករ​ឥដ្ឋ ដូចគ្នា ។

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះមក​វាស់វែង​និង​បំពេញ​សំណុំបែបបទ ប្រគល់ សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត ៕​

adverise with khmeread

មតិយោបល់