1

Joe Hart បង្ហើប​ថា​ចង់បាន​លោក Guardiola មក​ដឹកនាំ Man City

​អ្នកចាំទី​ដៃ​ស្អិត​របស់​ក្រុម​សេដ្ឋី​អារ៉ាប់ Man City កីឡាករ Joe Hart ទទួលស្គាល់ថា រូបលោក​នឹង​សប្បាយរីករាយ​ក្រោម​ការដឹកនាំ​របស់លោក Pep Guardiola ប្រសិនបើ​គ្រូបង្វឹក​ក្រុម​យក្ស Bayern Munich ត្រូវបានតែងតាំង​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​នៅ​រដូវក្តៅ​ខាងមុខ​។​

​ក្រុម Man City កំពុងតែ​ជ្រួលជ្រើម​ចង់បាន​លោក Guardiola ខណៈ​គូប្រជែង Manchester United, Chelsea និង Arsenal ក៏​ចង់បាន​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ដែរ នៅពេលដែល​គាត់​ចាក​ចេញពី​ទ្រនុំ​បច្ចុប្បន្ន​នៅ​ប្រទេស​អាល្លឺម៉ង់​។​

​ប៉ុន្តែ​កីឡាករ​រូបនេះ​ក៏បាន​និយាយ​ផងដែរ​ថា រូបគេ​ក៏​សប្បាយចិត្ត​ជាមួយ​គ្រូបង្វឹក​លោក Pellegrini ដែល​កំពុង​ដឹកនាំ​បច្ចុប្បន្ន ប៉ុន្តែ​ដោយហេតុ​មិនអាច​លាក់បាំង​ក្តីរំភើប​របស់ខ្លួន អ្នកចាំទី​រូបនេះ​ក៏​ធ្លោយមាត់​សរសើរ​អតីត​គ្រូបង្វឹក Barcelona តែម្តងទៅ​។​

​និយាយ​ជាមួយ​ទូរទស្សន៍ CNN អ្នកចាំទី​ជនជាតិ​អង់គ្លេស​រូបនេះ​និយាយថា "​គាត់​បានធ្វើ​រឿង​ដ៏​អស្ចារ្យ​នៅក្នុង​ការប្រកួត​។ ខ្ញុំ​ប្រាកដ​ណាស់ ខ្ញុំ​ច្បាស់​ជា​សប្បាយចិត្ត​បើ​បាន​លេង​នៅក្រោម​ការបញ្ជា​របស់គាត់ ប៉ុន្តែ​បច្ចុប្បន្ន ខ្ញុំ​រីករាយ​ខ្លាំងណាស់​ដែល​បាន​លេង​ក្រោម​ការដឹកនាំ​របស់លោក Manuel និង Roy Hodgson"៕

ប្រភព៖ ដេលីមែល

មតិយោបល់