Untitled 1

បន្ទាប់ពី​ការស្លាប់​របស់ Por ឥឡូវ​ថៃ​កំពុង​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ធំ​ប្រឆាំង​ជំងឺគ្រុនឈាម​

​    ​បន្ទាប់ពី​មួយឆ្នាំ​នៃ​ការផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម ប្រទេស​ថៃ​ឥឡូវ​កំពុង​ត្រៀមខ្លួន​សម្រាប់​ការផ្ទុះ​ឡើង​ដ៏​ធំ​នៃ ជំងឺគ្រុនឈាម​កាន់តែ​អាក្រក់​ឡើង​ថែមទៀត​ក្នុង​ឆ្នាំ​២០១៦ ខណៈ​ក្រុម​អ្នកជំនាញ​ព្រមាន​ថា ចំនួន​នៃ​ការឆ្លង​មេរោគ​នេះ​អាច​នឹង​ស្មើ​ជាមួយនឹង​ការផ្ទុះ​ជំងឺគ្រុនឈាម​ដ៏​ធំ​ក្នុង​ឆ្នាំ​១៩៨៧​។ 

​    ​ថៃ​បាន​កត់ត្រា​ករណី​ឆ្លង​មេរោគ​គ្រុនឈាម​ចំនួន ១៤០.០០០ ករណី​កាលពី​ឆ្នាំមុន ជា​ចំនួន​ខ្ពស់បំផុត​មិន​ធ្លាប់មាន​តាំងពី​វិបត្តិ​ជំងឺគ្រុនឈាម​ចំនួន ១៧០.០០០ ករណី​ក្នុង​ឆ្នាំ ១៩៨៧​។ 

​    ​ខ្សែត្រៀម​ការពារ​ទីមួយ​សម្រាប់​ប្រឆាំងនឹង​ការរីក​រាលដាល​ដែល​បាន​វាយលុក​ពេញ​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ក្រុមមន្ត្រី​ក្នុងស្រុក​ជាច្រើន​នាក់ ដែល​ប្រុង​ជើង​ខ្ពស់​ជាមួយនឹង​ការបំពាក់​នូវ​ម៉ាស៊ីន​បាញ់ថ្នាំ​មូស និង​ល្បាត​ជុំវិញ​ទីក្រុង​បាងកក​រាល់ថ្ងៃ​ក្នុង​បំណង​កម្ចាត់​ទីតាំង​បង្កាត់​ពូជ​របស់​មូស​។ 

​    ​ក្រុមមន្ត្រី​បាន​កត់ត្រា​ចំនួន​អ្នកស្លាប់ ១២៦ នាក់ ជាមួយនឹង​ករណី​គួរឱ្យកត់សម្គាល់​បំផុត​គឺ​ការស្លាប់​របស់​តារាភាពយន្ត​ល្បី លោក ប៉រ ទ្រី​សា​ឌី សាហាវ​ង់ (Por Thrisadee Sahawong) ដែល​ស្លាប់​បន្ទាប់ពី​វិវត្តន៍​ជំងឺ​ផ្សេងៗ​ទាក់ទង​នឹង​វីរុស​គ្រុនឈាម​។ 

​    ​ការស្លាប់​របស់លោក​បាន​ធ្វើឱ្យ​សាធារណជន​ភ្ញាក់​ដឹងខ្លួន​ថា ជំងឺគ្រុនឈាម​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​ដែល​រស់នៅ​ដាច់ស្រយាល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អ្នក​ដែល​រស់នៅ​ទីក្រុង​ទៀតផង​។​

​    ​លោក​វេជ្ជបណ្ឌិត ដួង​ផន ពី​ន​ស្រី​ឡេ​ស៊ី​គុល (Duangporn Pinsrilesikul) មកពី​នាយកដ្ឋាន​សុខាភិបាល​នៃ​រដ្ឋបាល​ក្រុង​បាងកក​បាន​និយាយថា "​មនុស្ស​ច្រើនឡើង​បាន​ផ្លាស់​មក​រស់នៅ​ទីក្រុង​បាងកក ហេតុនេះហើយ​បានជា​ជំងឺគ្រុនឈាម​មាន​ច្រើន​នៅទីនេះ​ជាង​នៅ​បណ្តា​ខេត្ត​និង​ទីប្រជុំជន​តូចៗ​នានា​"៕ 

ប្រភព៖ ឆានែលញូវស៍អេស៊ា

អ្នកនឹងចូលចិត្ត

មតិយោបល់