adverise with khmeread 2

យក​ស្ករត្នោត​លាយ​ជាតិគីមី​៥​តោន​ដុត​កម្ទេចចោល​

     ភ្នំពេញ ៖ ស្ករត្នោត​លាយ​ជាតិគីមី​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ចំនួន​៥​តោន ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​ដុត​កម្ទេចចោល​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ នៅ​ទីលាន​ចាក់សំរាម ស្ថិតនៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

     ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ដឹកជញ្ជូន​យក​ស្ករត្នោត​ខូចគុណភាព និង​មាន​លាយ​ជាតិគីមី ដែល​បាន​បង្ក្រាប​កាលពី​ម្សិលមិញ​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​ចំនួន​ជាង​៥​តោន បានមក​ដុត​កម្ទេចចោល​នៅ​ទីលាន​ចាក់សំរាម ស្ថិតនៅ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

     គួររំលឹកថា ប៉ូលិស​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​កាំកុងត្រូល​បាន​ចុះបង្ក្រាប​ទីតាំង​ផលិត​កែច្នៃ​ស្ករត្នោត​លាយ​សារធាតុ​គីមី​ជាតិ​អ៊ី​សូល​ដ្យូ​ម​។​

   កិច្ចប្រតិបត្តិការ​បង្ក្រាប​ខាងលើនេះ​ផ្តើម​កាលពី​ព្រឹក​ថ្ងៃទី​២៧​មករា រហូតដល់​ល្ងាច​ថ្ងៃ​ដដែល​ទើបត្រូវ​បានបញ្ចប់ ក្រោម​ការសម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង និង​មានការ​ចូលរួម​ពី​អង្គភាព​ពាក់ព័ន្ធ​រាជធានី និង​មូលដ្ឋាន ។​

    ទីតាំង​នោះ​ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​០៨ ផ្លូវ​៦៦៤ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ក្នុងនោះ​សមត្ថកិច្ច​បាន​រកឃើញ​ស្ករ​ជា​វត្ថុធាតុដើម​រាប់សិប​តោន និង​សារ​ធាតុគីមី​អ៊ី​សូល​ដ្យូ​ម​រាប់សិប​ធុង ។​

    ការចុះ​បង្ក្រាប​នោះ​មាន​២​ទីតាំង ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ចាន់ វ៉ាន់​ធឿ​ន ប្រធាន​នាយកដ្ឋាន​គរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ។​

   ម្ចាស់​ទីតាំង​ត្រូវបាន​ឃាត់ខ្លួន​និង​ដកហូត​ស្ករត្នោត​និង​ជាតិគីមី​ចំនួន​ជាង​៥​តោន​ដុត​កម្ទេចចោល នា​រសៀល​ថ្ងៃនេះ ៕​

adverise with khmeread

មតិយោបល់