3

បើក​ម៉ូតូ​បត់​ត្រឡប់ក្រោយ​ត្រូវ​រថយន្ត​ព្រូស​បុក​រងរបួស​ធ្ងន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារតែ​រូបគាត់​ជិះ​ម៉ូតូ​បត់​ត្រឡប់ក្រោយ​បញ្ច្រាសទិស​ចរាចរណ៍ ហើយក៏ត្រូវ​រថយន្ត​ព្រូស​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ស្តុ​ប​កាណាឌីយ៉ា តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​មនោ​រម្យខណ្ឌ​៧​មករា ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ​២២ ១-០២៧៤ ជិះ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​ទិសដៅ​ពីត្បូង​ទៅ​ជើង ។​

    ពេលមកដល់​ចំណុច​ស្តុ​ប​កាណាឌីយ៉ា ក៏បាន​បត់​ឆ្វេង​ត្រឡប់ក្រោយ​វិញ​ដែល​បញ្ច្រាសទិស​ចរាចរ​ណ៍ ពេលនោះ​ស្រាប់​តែមាន​រថយន្ត​ម៉ាក តូយ៉ូតា​ព្រូស ពណ៌ ទឹកប្រាក់ ពាក់​ស្លាកលេខ ភ្នំពេញ 2P-7990 បើក​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស​ពី​ជើង​ទៅ​ត្បូង បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​បោក​ក្បាល​ផ្ទប់​ជាមួយនឹង​កញ្ចក់​រថយន្ត​រងរបួស​ធ្ងន់ ។​

    ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ ឱ្យមក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច ចុះមក​អន្តរាគមន៍​ផងដែរ។​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ​។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​៧​មករា ដើម្បី​រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕​

មតិយោបល់