ភ្នំពេញ ៖ កម្មការិនីរោងចក្រម្នាក់ខណៈកំពុងជិះកង់ទៅរៀនអ៊ុតសក់ ត្រូវចោរថ្មើរជើងម្នាក់រត់មកឆក់កាបូប ហើយបានជះទឹកអាស៊ីតបណ្តាលឱ្យរងរបួសផ្ទៃមុខ ត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃទី១៤ មិនា ២០១៧ នៅចំណុចខាងត្បុងវិហារចាម ម្តុំលក់ទឹកត្នោតជូរ ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការបំភ្លឺឈ្មោះ ផន ភឿក អាយុ២៧ឆ្នាំ ធ្វើការនៅកន្លែងហ្គេម ស្នាក់នៅបន្ទប់ជួលម្តុំផ្សារដេប៉ូ ត្រូវជាសង្សារជនរងគ្រោះ បានប្រាប់ថា ជនរងគ្រោះឈ្មោះ ស៊ន ចាន់ទី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម។ ចំពោះសម្ភារៈបាត់បង់ ៖ លុយអាមេរិកជាង៤០០ដុល្លារខ្សែកអ៊ីតាលី, ទិញជាង៦០០ដុល្លារ។
ផន ភឿក បន្តថា ជនរងគ្រោះចេញពីធ្វើការដូចសព្វដង រួចបានជិះកង់ដើម្បីទៅរៀនអ៊ុតសក់ ខណៈមកដល់ចំណុចកើតហេតុម្តុំទឹកត្នោតជូរ វិហារចាម ក៏មានជនសង្ស័យម្នាក់ រត់មកឆក់កាបូបស្ពាយរបស់ជនរងគ្រោះ រួចបានជះទឹកអាស៊ីតទៅលើមុខជនរងគ្រោះបណ្តាលឱ្យរងរបួសតែម្តង។
ភ្លាមៗក៏មានប្រជាពលរដ្ឋមកជួយ ហើយជនរងគ្រោះបានតេទូរស័ព្ទហៅសង្សារពី កន្លែងធ្វើការនៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប មកជួយលុះពេលមកដល់កន្លែងកើតហេតុជនរងគ្រោះបានឡើងឡានជាមួយបុរសជាសង្សារមកព្យាបាលនៅពេទ្យ លោកសង្ឃ។
បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ បន្ទាប់មកសមត្ថកិច្ចបានទៅសាកសួរនិងបំភ្លឺសង្សាររងគ្រោះដើម្បីធ្វើកំណត់ហេតុ តាមនីតិវិធី៕
