ក្រុមមន្ត្រីសុខាភិបាលអន្តរជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វីរុសហ្ស៊ីកា (Zika) បានកំពុង "រីករាលដាលយ៉ាងខ្លាំង" ក្នុងទ្វីបអាមេរិក ដែលអាចឃើញករណីកើតវីរុសនេះកើនដល់ទៅ ៤ លាននាក់នៅឆ្នាំក្រោយ ហើយបានធ្វើការប្រកាសអំពីកិច្ចប្រជុំពិសេសមួយនៅសប្តាហ៍ក្រោយដើម្បីសម្រេចថាតើពួកគេគួរប្រកាសអាសន្នផ្នែកសុខាភិបាលអន្តរជាតិដែរឬក៏យ៉ាងណា។
ការព្រមានពីអង្គការសុខភាពពិភពលោកកើតឡើងចំពេលដែលមានការអំពាវនាវឱ្យក្រុមមន្ត្រីនៅទ្វីបអាមេរិកទាំងពីរ (ជើងនិងត្បូង) ធ្វើការប្រយុទ្ធប្រឆាំងវីរុសកើតចេញពីមូស ដែលត្រូវបានផ្សាភ្ជាប់នឹងការកើនឡើងនូវពិការភាពពីកំណើតដ៏កម្រក្នុងប្រទេសប្រេស៊ីល។
ប្រធានាធិបតីប្រេស៊ីល ដែលបានកត់សម្គាល់ឃើញថាគ្មានការការពារផ្នែកវេជ្ជសាស្ត្រណាមួយប្រឆាំងនឹងជំងឺនេះ បានអំពាវនាវឱ្យធ្វើសង្គ្រាមប្រឆាំងមូស ដែលកំពុងនាំវីរុសនេះរាតត្បាតគ្រប់ទីកន្លែង។
ប្រធានាធិបតីលោកស្រី ឌីលម៉ា រូសសេហ្វ (Dilma Rousseff) បានថ្លែងថា "ដរាបណាយើងមិនទាន់មានវ៉ាក់សាំងប្រឆាំងនឹងវីរុសហ្ស៊ីកានៅឡើយ សង្គ្រាមត្រូវតែផ្តោតលើការធ្វើឱ្យសាបសូន្យតំបន់បង្កាត់ពូជរបស់មូស"។
ទីភ្នាក់ងារសុខាភិបាលរបស់ UN បានកោះប្រជុំពិសេសមួយតាមផ្នែកដើម្បីបង្ហាញក្តីបារម្ភរបស់ខ្លួនអំពីជំងឺ ដែលបានបង្ហាញភាពភ័យខ្លាចក្នុងចំណោមស្ត្រីដែលនឹងក្លាយជាម្តាយជាច្រើនរូប។ ទីភ្នាក់ងារនេះក៏ប្រហែលចាត់វិធានការយ៉ាងឆាប់រហ័សផងដែរ ព្រោះទីភ្នាក់ងារមួយនេះបានរងការរិះគន់យ៉ាងខ្លាំងចំពោះការឆ្លើយតបយឺតរបស់ខ្លួនចំពោះការផ្ទុះឡើងជំងឺអេប៊ូឡានៅអាហ្វ្រិកខាងលិចរួចម្តងមកហើយ។
វីរុសហ្ស៊ីកាត្រូវបានរកឃើញដំបូងក្នុងទ្វីបអាហ្វ្រិកក្នុងឆ្នាំ ១៩៤៧។ វីរុសនេះគ្មានបង្កអ្វីក្រៅពីការឈឺធ្ងន់ធ្ងរមួយឆាវចំពោះមនុស្សភាគច្រើននោះឡើយ។ ប៉ុន្តែឥឡូវមានភស្តុតាងច្រើនឡើងៗពីប្រទេសប្រេស៊ីលបង្ហាញថា ការឆ្លងមេរោគនេះចំពោះស្ត្រីមានផ្ទៃពោះត្រូវបានផ្សាភ្ជាប់ទៅនឹងក្បាលតូចខុសធម្មតាចំពោះទារក ជាពិការភាពពីកំណើតមួយ ដែលគេហៅថា Microcephaly (មនុស្សកើតមកក្បាលតូច)៕
