អំឡុងការធ្វើដំណើរទៅកាន់ប្រទេសចិន កំពូលកីឡាករ Messi បានទៅទស្សនាបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមយុវជនមួយ ជាកន្លែងដែល Messi បានជួបនឹងអ្នកគាំទ្រអធិរាជស Real Madrid ម្នាក់។ ដំណើរទស្សនកិច្ចនេះត្រូវបានគ្រោងទុកដោយទូរទស្សន៍របស់ចិន។
ក្មេងៗទាំងអស់មានការភ្ញាក់ផ្អើលពេលបានឃើញតារារបស់អ្នកមានបុណ្យរូបនេះ ប៉ុន្តែខុសគេតែក្មេងម្នាក់ប៉ុណ្ណោះ។ ស្ថិតនៅក្នុងបន្ទប់នោះដែរ ក្មេងប្រុសអាយុ ១៦ ឆ្នាំរូបនេះគ្មានការភ្ញាក់ផ្អើលឬក៏រំភើបចង់និយាយជាមួយកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះទាល់តែសោះ។
ក្មេងនោះត្រូវបានគេស្គាល់ឈ្មោះថា Li Boxi បានពាក់អាវជាមួយនឹងស្លាកសញ្ញាក្លឹប Real Madrid។ ប៉ុន្តែបន្ទាប់ពីមានការរិះគន់ធ្ងន់ៗទៅលើក្មេងប្រុសរូបនេះថាឈ្លើយនោះ រូបគេក៏បានឆ្លើយតបទៅនឹងការនិន្ទាទាំងឡាយដែលថាខ្លួនមិនបានងើបឈរដើម្បីចាប់ដៃជាមួយនឹង Messi នៅលើបណ្តាញសង្គមរបស់ខ្លួនថា "ខ្ញុំដឹងថាកាយវិការនេះគឺពិតជាឈ្លើយដែលមិនបានងើបឈរនៅពេលចាប់ដៃនរណាម្នាក់។ ប្រសិនបើខ្ញុំចង់ក្លាយជាតារាបាល់ទាត់ ខ្ញុំត្រូវតែធ្វើជាមនុស្សល្អជាងនេះ។ ខ្ញុំនឹងចងចាំរឿងនេះទៅថ្ងៃអនាគត និងព្យាយាមជម្នះភាពទន់ខ្សោយរបស់ខ្ញុំ"៕
