adverise with khmeread Index

បង្ក្រាប​ទីតាំង​លេង​ហ្គេម​បាញ់​ត្រី បង្កប់​លក់​គ្រឿងញៀន​ដ៏​សកម្ម​

     ភ្នំពេញ ៖ ទីតាំង​លេង​ហ្គេម​ដែលជា​ទូទៅ​ពង្វក់​សិស្សសាលា​មិនបាន​ទៅ​រៀន ជាទី​តាំង​ល្បែងស៊ីសង ជា​កន្លែង​បង្កប់​លក់ដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ជាពិសេស​ជា​កន្លែង​មុខសញ្ញា​ចោរឆក់ លួច ប្លន់​មក​ជ្រក​ពួន​សម្ងំ​ក្រោយ​ពេលធ្វើ​សកម្មភាព ហើយ​សមត្ថកិច្ច​តែងតែ​បង្ក្រាប​ជារឿយៗ ប៉ុន្តែ​ទោះជា​គេ​ដឹងថា ជាទី​កន្លែង​មិនល្អ​ក៏ដោយ ក៏​ទីតាំង​ទាំង​នោះគេ​សង្កេតឃើញ​នៅតែ​បើក​លេង​ជាធម្មតា​គ្មានអ្វី​ត្រូវ​បារម្ភ​ដោយសារ​មាន​មន្ត្រី​រលួយ ។​

    ជាក់ស្តែង សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​កម្លាំង​ដោយ​លោក​ឃឹម ស៊ុន​សូ​ដា អភិបាលរងខណ្ឌ បាន​ចុះ​ប​ង្ក្រា​ម​ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង​នៅ​ចំណុច ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ​ខាងក្រោយ​ភោ​ជនី​ដ្ឋា​នទី​ក្រុង​អង្គរ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៨ ខែមករា​២០១៦ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​១៦​នាក់ និង​ថ្នាំញៀន​មួយកញ្ចប់​តូច ។​

     លោក​ឃឹម ស៊ុន​សូ​ដា​អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​ថា ទីតាំង​ខាងលើ មាន​បើក​ហ្គេម​បាញ់​ត្រី​២៤​ម៉ោង ទើប​លោក​អភិបាលខណ្ឌ​ចាត់​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ចុះទៅ បង្ក្រាប​ទាំងយប់​តែម្តង ហើយ​នៅ​ទីតាំង​នេះ​មាន​បំពាក់​កាមេរ៉ា​ថត​មើល​រាល់​សកម្មភាព​នៅ​ច្រកចេញចូល​ព្រោះ​ខ្លាច​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប​។​

     ខណៈពេល​អាជ្ញាធរ​ចុះទៅ​ដល់​ធ្វើការ​ឆែកឆេរ​រកឃើញ​មាន យុវជន​ដែល​ចូល​ទៅលេង​ហ្គេម​និង​ប្រមូលគ្នា​ជក់​គ្រឿងញៀន​បាន​ចំនួន​១៦​នាក់ ក្នុងនោះ ស្រី​ម្នាក់ ដកហូត​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២ ម៉ូតូ​ចំនួន​៤​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​២​គ្រឿង គុប​ជ្រុង​មួយគ្រឿង និង​ម៉ាក​ឆា​លី​មួយគ្រឿង ទូរទស្សន៍​១​គ្រឿង​កៅអី​ចំនួន​១៦​ម៉ូតូ​ចំនួន​៤​គ្រឿង ព្រមទាំង​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច និង​ឧបករណ៍​ជក់​មួយចំនួន​ទៀតផង​ដែរ ។​

     ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​វ៉ាត វង្ស​រស្មី​និង​បុរស​ម្នាក់ទៀត​ជា​ប្តី ឈ្មោះ​ង៉ែត ពិសិដ្ឋ​អាយុ​២៨​ឆ្នាំ​ជា​អ្នកមើលការខុសត្រូវ​ក្នុង​ទីតាំង​ខាងលើ​។​ក្រៅពីនោះ​មាន​អ្នកញៀន​ល្បែង​និង​ញៀន​ថ្នាំ​១៥​នាក់​ទៀត ។​

    ក្រោយពេល​កើតហេតុ​ជន​ពាក់ព័ន្ធ​ទាំង​១៦​នាក់ បញ្ជូនទៅ​ប៉ុស្តិ៍​កា​កាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​ទូ​ហ្គេម​បាញ់​ត្រី និង​សម្ភារៈ​ដែល​ដកហូត​បាន​រក្សាទុក​នៅ​សាលាខណ្ឌ ។​

    ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​បាន​រីកដុះដាល​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រោងព្រាត សូម្បីតែ​សង្វៀន​ជល់​មាន់​អាជ្ញាធរ​ចុះទៅ​បង្ក្រាប​ព្រឹក​ឡើង​ថ្ងៃរសៀល​បើក​ឡើងវិញ​ដដែល ៕​

adverise with khmeread

មតិយោបល់