adverise with khmeread 12

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​អាមេរិក​ធ្លាប់​ចាយ​ក្រដាស ១០០.០០០ និង​ក្រដាស​ធំៗ​ផ្សេងទៀត​?

​    ​រូបិយវត្ថុ​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់ (​ក្រដាសប្រាក់​ធំ​) បាន​ត្រូវគេ​ស្គាល់​ទូទៅ​ចាប់តាំងពី​ការចេញផ្សាយ​ដំបូង​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ឆ្នាំ ១៨៦០ ។ ក្រដាសប្រាក់​ដែល​គេ​និយម​កាន់​គឺ​ក្រដាស ៥០០ ដុល្លារ ១.០០០ ដុល្លារ ៥.០០០ ដុល្លារ និង ១០.០០០ ដុល្លារ បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ ១៨៦១ ក្នុងនោះ​ក្រដាស ៥.០០០ និង ១០.០០០ ដុល្លារ​អាមេរិក​បាន​ត្រូវដាក់​ឲ្យ​ចរាចរ​ក្នុង​ឆ្នាំ ១៨៧៨ ។ មាន​ម៉ូដ និង​ប្រភេទ​ខុសៗ​គ្នា​ជាច្រើន​នៃ​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់ ។   

​    ​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់ (​រួមទាំង​ក្រដាស​ដែលមាន​ខ្នាត​តម្លៃ ១ ដុល្លារ រហូតដល់ ១០០ ដុល្លារ​) បាន​ត្រូវ​ចេញផ្សាយ (​លើក​ទី​ពីរ​) ក្នុង​ឆ្នាំ ១៩២៩ ក្នុង​ទំហំ​តូច​ជាង​មុន ដែល​នៅ​រក្សា​ទម្រង់​រហូតដល់​សព្វថ្ងៃ​នេះ ៖

​    ​- ក្រដាស ៥០០ ដុល្លារ ($) : រូបលោក វីលៀម ម៉ាក​គីន​ឡេ (William McKinley) ប្រធានាធិបតី​អាមេរិក​ទី ២៥ (​ឆ្នាំ ១៨៩៧-១៩០១) 
​    ​- ក្រដាស ១.០០០ ដុល្លារ ($) : រូបលោក ហ្គ្រូ​វើ ក្លេ​វើ​លែ​ន (Grover Cleveland) ប្រធានាធិបតី​អាមេរិក​ទី ២៤ (​ឆ្នាំ ១៨៨៥-៨៩ និង ឆ្នាំ ១៨៩៣-៩៧)
​    ​- ក្រដាស ៥.០០០ ដុល្លារ ($) : រូបលោក ជេ​ម​ស៍ ម៉ា​ឌី​សុន (James Madison) ប្រធានាធិបតី​អាមេរិក​ទី ៤ (​ឆ្នាំ ១៨០៩-១៧)
​    ​- ក្រដាស ១០.០០០ ដុល្លារ ($) : រូបលោក សាល​ម៉ុ​ន ភី ឆេស (Salmon P. Chase) រដ្ឋមន្ត្រី​យុត្តិធម៌​ទី ៦ (​ឆ្នាំ ១៨៦៤-៧៣) 
​    ​- ក្រដាស ១០០.០០០ ដុល្លារ ($) : រូបលោក វូដ​រ៉ូ​វ វី​ល​សុន (Woodrow Wilson) ប្រធានាធិបតី​អាមេរិក​ទី ២៨ (​ឆ្នាំ ១៩១៣-២១) 


​    ​បញ្ជាក់​៖ ពាក្យ​ចចាមអារ៉ាម​ថា​អាមេរិក​មាន​ក្រដាស ១.០០០.០០០ ដុល្លារ គឺ​មិន​ពិត​នោះទេ​។​

​    ​ម៉ូដ​ក្រដាសប្រាក់​ទាំងសងខាង​គឺជា​ការងារ​វិចិត្រ​បែប​អរូបី​ដែលមាន​កំណត់សម្គាល់​ខ្នាត​តម្លៃ​ដ៏​ស្រស់ស្អាត ។ ក្រដាសប្រាក់​ទាំងអស់​ត្រូវ​បាន​បោះពុម្ព​ជា​ពណ៌​បៃតង លើកលែងតែ​ស៊េរី​ក្រដាសប្រាក់​មាស​ឆ្នាំ ១៩៣៤ ដែល​ត្រូវបាន​បោះពុម្ព​ជា​ពណ៌​ទឹកក្រូច​នៅ​ផ្នែក​ម្ខាង​ទៀត​។ ប្រភេទ​ក្រដាសប្រាក់​ឆ្នាំ ១៩៣៤ ទាំងអស់នេះ (១០០ $, ១០០០$, ១០.០០០$, និង ១០០.០០០$) បាន​ត្រូវ​ចេញផ្សាយ បន្ទាប់ពី​ស្តង់ដារ​មាស​បាន​ត្រូវ​ច្បាប់​ហាមឃាត់ ហើយ​មាស​ត្រូវបាន​រឹបអូស​ជាដាច់ខាត​ដោយ​បទបញ្ជា​របស់​ប្រធានាធិបតី លោក ហ្វ្រែ​ង​គ្លី​ន រូ​សេ​វែ​ល (Franklin Roosevelt) នៅ​ថ្ងៃទី ៩ ខែមីនា ឆ្នាំ ១៩៣៣ ហេតុនេះហើយ​ទើប​ក្រដាសប្រាក់​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​សម្រាប់តែ​ប្រតិបត្តិការ​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ និង​មិន​ត្រូវបាន​ចេញផ្សាយ​ដល់​សាធារណៈជន​នោះទេ​។ ក្នុងចំណោម​ក្រដាសប្រាក់​ទាំងនេះ មានតែ​ក្រដាស ១០០.០០០ ដុល្លារ​ប៉ុណ្ណោះ​មើលទៅ​រាង​ចម្លែក​ខុសគេ​បន្តិច ខណៈដែល​វា​ជា​ក្រដាសប្រាក់​មាស​តែមួយគត់​បោះពុម្ព​ក្នុង​ឆ្នាំ ១៩៣៤ ។ ក្រដាសប្រាក់ ១០០.០០០ ដុល្លារ​នេះ​លែង​បន្ត​បោះពុម្ព​នៅ​ឆ្នាំ ១៩៤០​។ ក្រដាសប្រាក់​ដទៃទៀត​ក៏​ត្រូវបាន​បោះពុម្ព​ជា​ពណ៌​ខ្មៅ និង បៃតង​វិញ ។ 

​    ​ទោះបីជា​ក្រដាសប្រាក់​ទាំងនេះ​តាមន័យ​បច្ចេកទេស​នៅតែមាន​តម្លៃ​ខាង​ផ្លូវច្បាប់​ក្នុង​សហរដ្ឋអាមេរិក​ក៏ដោយ ក៏​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់​ទាំងនេះ (៥០០$ ១.០០០$ ៥.០០០$ ១០.០០០$ និង ១០០.០០០ $) បាន​ត្រូវ​បោះពុម្ព​លើកចុងក្រោយ​បំផុត​ក្នុង​ឆ្នាំ ១៩៤៥ និង ឈប់​ត្រូវបាន​ប្រើ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ១៩៦៩ ដោយ​ប្រព័ន្ធ​រតនាគារ​អាមេរិក​។ មាន​ក្រដាសប្រាក់ ១០.០០០ ដុល្លារ តែ ១០០ សន្លឹក​ប៉ុណ្ណោះ​បាន​ត្រូវ​រក្សាទុក​បាន​យ៉ាង​ល្អជា​ច្រើន​ឆ្នាំ​ដោយ​លោក Benny Binion ជា​ម្ចាស់​កាស៊ីណូ Binion's Horseshoe ក្នុង​ទីក្រុង​ឡាស​វ៉េ​ស​ហ្គាស រដ្ឋ​ណេ​វ៉ា​ដា ជាទី​ដែល​ក្រដាសប្រាក់​ទាំងនេះ​បាន​ត្រូវ​តាំង​បង្ហាញ​នៅក្នុង​កញ្ចក់​ជ័រ​ដែល​ស្រោប​ជិត​មួយ ។ 

​    ​ក្រោយពី​ការប្រកាស​ឈប់​ប្រើ​ក្រដាសប្រាក់​ទាំងនេះ​មក រតនាគារ​អាមេរិក​បាន​ចាប់ផ្តើម​ប្រមូលយក​ក្រដាសប្រាក់​ធំ ឬ​ក្រដាសប្រាក់​ដែលមាន​ខ្នាត​តម្លៃ​ខ្ពស់​ទាំងនេះ​ចេញពី​ចរាចរណ៍​ក្នុង​ឆ្នាំ ១៩៦៩​។ គិត​ត្រឹម​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០០៩ មាន​ក្រដាសប្រាក់ ១០.០០០ ដុល្លារ​តែ ៣៣៦ សន្លឹក​តែប៉ុណ្ណោះ​ដែល​នៅ​សេសសល់ ចំណែក​ក្រដាសប្រាក់ ៥០០០ ដុល្លារ​នៅសល់ ៣៤២ សន្លឹក និង​ក្រដាសប្រាក់ ១.០០០ ដុល្លារ នៅសល់ ១៦៥.៣៧២ សន្លឹក ។ ដោយសារតែ​ភាព​កម្រ​របស់​ប្រាក់​ទាំងនេះ ក្រុម​អ្នកប្រមូល​របស់របរ​ដេញថ្លៃ​អាច​នឹង​ពិចារណា​ទិញយក​ក្រដាសប្រាក់​ទាំងនេះ​ក្នុងតម្លៃ​ថ្លៃ​ជាង​តម្លៃពិត​នៅលើ​ក្រដាសប្រាក់​ទាំងនេះ​ទៀត ។ ក្រដាសប្រាក់​ទាំងនេះ​មួយចំនួន​បាន​ស្ថិតនៅក្នុង​សារៈមន្ទីរ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ។ 

​    ​សម្រាប់​បណ្តា​រដ្ឋ​ជាច្រើន ក្រដាសប្រាក់​ទាំងនេះ​ធ្លាប់បាន​ត្រូវ​ប្រើ​ដោយ​ធនាគារ និង រដ្ឋាភិបាល​សហព័ន្ធ​សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ទ្រង់ទ្រាយ​ធំ​ពី​ឆ្នាំ ១៨៦៥ ដល់ ១៩៣៤ ។ ទោះយ៉ាងណា ការណែនាំ​នូវ​ប្រព័ន្ធ​រូបិយវត្ថុ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​បានធ្វើ​ឲ្យ​ប្រតិបត្តិ​ការទូទាត់​ជា​សាច់ប្រាក់​ទ្រង់ទ្រាយ​ធំ​ក្លាយជា​ហួស​សម័យ ។ នៅពេល​គួបផ្សំ​គ្នា​ជាមួយនឹង​ក្តីបារម្ភ​អំពី​ការ​ក្លែងបន្លំ​ក្រដាសប្រាក់ និង ការប្រើប្រាស់​ក្នុង​សកម្មភាព​ខុសច្បាប់​ដូច​ជាការ​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់ និង ការលាង​លុយ អាមេរិក​ទំនង​នឹងមិន​ចេញ​រូបិយវត្ថុ​ដែលមាន​ខ្នាត​តម្លៃ​ធំ​របៀបនេះ​ឡើងវិញ​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខនេះ​ទេ ថ្វីបើ​ចំនួន​អតិផរណា​បាន​កើនឡើង​ចាប់តាំងពី​ឆ្នាំ ១៩៦៩ ក៏ដោយ ។ យោងតាម​វេ​ប​សាយ​របស់​ក្រសួង​រតនាគារ​អាមេរិក​បាន​ឲ្យ​ដឹងថា ខ្នាត​តម្លៃ​រូបិយវត្ថុ​បច្ចុប្បន្ន​របស់​អាមេរិក​ក្នុង​ផលិតកម្ម​គឺមាន​តែ​ប្រភេទ $១, $២, $៥, $១០, $២០, $៥០, និង $១០០ ប៉ុណ្ណោះ​។ ទាំង​ក្រសួង​រតនាគារ និង ប្រព័ន្ធ​រតនាគារ​គ្មាន​ផែនការ​ណាមួយ​ដើម្បី​ផ្លាស់ប្តូរ​ខ្នាត​តម្លៃ​ដែល​កំពុង​ប្រើប្រាស់​សព្វថ្ងៃនេះ​ទេ​៕ 

adverise with khmeread
ប្រភព៖ វីគីភេឌា

មតិយោបល់