ទីតាំង​ម៉ាស្សា ​7777 បង្កប់​សេវា​បម្រើ​ផ្លូវភេទ​ឃាត់​ម្ចាស់​ហាង​២​នាក់​ និង​រំដោះ​៤​នាក់​

    ភ្នំពេញ ៖ លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ សហកា​ជាមួយ​សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ផ្លូវភេទ​បាន​ចុះ​ឆែកឆេរ ហាង​មួយកន្លែង​កាលពី​វេលា​ម៉ោង​៨ ​និង​៥០​នាទី​យប់​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៧​​ នៅ​ចំណុច​ទីតាំង ម៉ាស្សា ដែលមាន​បង្កប់ សេវា​បម្រើ​ផ្លូវភេទ មួយកន្លែង យីហោ "​ម៉ាស្សា​៧៧៧៧" ស្ថិតនៅ​ផ្លូវ ២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ដោយ​ឃាត់​មនុស្ស​៦​នាក់​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា ការចុះ​បង្ក្រាប ជាក់ស្តែង​នេះ ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ជា​ម្ចាស់​ហាង​មានឈ្មោះ​ ថាច់ ស្រី​លក្ខណ៍ ភេទ​ស្រី​ អាយុ​៤២​ឆ្នាំ​ មុខរបរ​ម៉ាស្សា​ និង​ឈ្មោះ​ ញ៉ែម សា​រ៉ុ​ម​ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ​ មុខរបរ​ដូចគ្នា​ និង​រំដោះ​នារី រងគ្រោះ ៤ ​នាក់​។ 

    ប៉ូលិស​បាន​បន្ត​ឱ្យដឹងថា ក្នុងការ​ចុះបង្ក្រាប​នេះ​ប៉ូលិស​បាន​រកឃើញ​វត្ថុតាង​មួយចំនួន ដូចជា ស្រោមអនាម័យ​មិនទាន់​ប្រើ និង​ប្រើ​ហើយ មួយចំនួនធំ​, សៀវភៅ​កត់ត្រា​បញ្ជី​មួយចំនួន​ចេញចូល​៣​ក្បាល ​និង​កិច្ចសន្យាជួល​ផ្ទះមួយ​ច្បាប់​។​

    បច្ចុប្បន្ន​មនុស្ស​៦​នាក់​ និង​វត្ថុតាង​បាន​បញ្ជូនទៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread