Arsenal កំពុង​ទាក់ទង​គ្រូ Dortmund មក​ជំនួស Wenger?

    ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ទាក់ទង​ចង់បាន​អ្នកចាត់ការ​ទូទៅ Dortmund លោក Thomas Tuchel ដើម្បី​ជំនួស​តំណែង​របស់លោក Arsene Wenger នៅឯ​ចុងបញ្ចប់​រដូវ​កាល​នេះ ។​នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​យ៉ាង​ក្តៅគគុក​ក្នុងប្រទេស​អាល្លឺម៉ង់​។​

​    ​យោងតាម​វេ​ប​សាយ Bild បាន​អះអាងថា កាំភ្លើង​ធំ​បាន​ស្ថិតនៅក្នុង​កិច្ចចរចា​ជាមួយនឹង​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​លោក Tuchel អំពី​ការជំនួស​តំណែង​របស់លោក Wenger ដែល​នឹង​លាលែង​តំណែង ឬ​បញ្ឈប់​ពី​ក្លឹប បន្ទាប់ពី​ដឹកនាំ​ក្លឹប​មួយ​នេះ​អស់​រយៈពេល ២១​ឆ្នាំ​កន្លងមកនេះ​។​

​    ​លោក Wenger នឹង​ផុតកំណត់​កុងត្រា​បច្ចុប្បន្ន​របស់ខ្លួន​នៅឯ​ចុងបញ្ចប់​រដូវ​កាល​នេះ ហើយ​គាត់​មិនទាន់​ចុះហត្ថលេខា​នៅឡើយ​នោះទេ ទៅលើ​កិច្ចព្រមព្រៀង​រយៈពេល​ពី​រ​ឆ្នាំ​បន្ទាប់​ជាមួយនឹង​កាំភ្លើង​ធំ​។​

​    ​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង​វ័យ ៦៦​ឆ្នាំ​រូបនេះ បាន​ធ្លាក់​ចូលទៅក្នុង​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ការតវ៉ា​ទាមទារ​ឱ្យ​គាត់​ចុះ​ចេញពី​តំណែង​ដោយ​ប្រិយមិត្ត​របស់ខ្លួន ហើយ​កាន់​ធ្ងន់ធ្ងរ​បន្ថែមទៀត​នា​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ ខណៈដែល Arsenal បាន​បរាជ័យ​ដល់​ទៅ​ប្រាំមួយ​លើក ក្នុងការ​ប្រកួត​ចំនួន​ប្រាំបួន​ប្រកួត​ចុងក្រោយ​របស់ខ្លួន​រាល់​ការប្រកួតប្រជែង​ទាំងអស់​។​

​    ​អ្នកចាត់ការ​ទូទៅ​វ័យ ៤៣​ឆ្នាំ លោក Tuchel បាន​កាន់កាប់​តំណែង​ត​ពី​លោក Jurgen Klopp នៅឯ Dortmund ហើយ​ក្រុម​របស់គាត់​បានបញ្ចប់​ចំណាត់ថ្នាក់​ទី​ពីរ នៅ​ពីក្រោយ Bayern Munich ក្នុងអំឡុង​រដូវ​កាល​ដំបូង​របស់គាត់​ជាមួយនឹង​ក្លឹប​មួយ​នេះ​។​

​    ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ ក៏បាន​ដឹកនាំ​ក្រុម​របស់ខ្លួន​ឆ្លងទៅ​កាន់​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ផងដែរ នៃ​ដំណើរ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League ដែល​ពួកគេ​នឹងត្រូវ​ជួប​មុខ​ជាមួយនឹង Monaco ហើយ​ក្រុម​របស់គាត់​ត្រូវបាន​គេ​កោតសរសើរ​យ៉ាង​ទូលំទូលាយ​សម្រាប់​យុទ្ធវិធី​ប្រយុទ្ធ ដែល​ពួកគេ​បានអនុម័ត​ក្រោមបង្គាប់​របស់លោក Tuchel ។​

​    ​លោក Tuchel ក៏មាន​ភាគរយ​ឈ្នះ​ចំនួន ៦២​ភាគរយ​ផងដែរ អំឡុង​អាជីព​របស់គាត់​នៅឯ Dortmund ៕

ប្រភព៖ បរទេស

adverise with khmeread
tiger
Loading ad ...