adverise with khmeread 62b42f4a 8d74 41de 922e f7a7980eace5

តម្រូវការប្រើប្រាស់ទឹកស្អាត នៅភ្នំពេញកើនកាន់តែខ្ពស់

     ភ្នំពេញ ៖  តម្រូវការអ្នកប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ មានកំណើនកើនឡើងកាន់តែខ្ពស់ រហូតដល់៤៥ម៊ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ស្របពេលដែលប្រទេសជាតិកាន់តែមានការអភិវឌ្ឍន៍នៅក្នុងពេលបច្ចុប្បន្ន ។

    លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានថ្លែងបែបនេះ គឺនៅក្នុងកម្មវិធីចុះពិនិត្យគម្រោងរដ្ឋាករទឹកស្អាតនិរោធ ជំហានទី២ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រួមជាមួយប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅព្រឹកថ្ងៃទី ៣ ធ្នូ ឆ្នាំ២០១៥ ។

     លោកស៊ឹម ស៊ីថា បន្តថា សម្រាប់កំណើននៃតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងបែបនេះ គឺបណ្តាលមកពីកំណើនប្រជាពលរដ្ឋ កំណើនអាជីវកម្មក្នុង ស្រុក និងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈនៃការវិនិយោគទុនផ្សេងៗ ជាពិសេស ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់សាលារាជធានីភ្នំពេញ ។ គិតមកដល់បច្ចុប្បន្ននេះការផ្គត់ផ្គង់ទឹកស្អាត សម្រាប់រោងចក្រទាំង ៤នៅរាជធានីភ្នំពេញក៏បានធ្វើការផ្គត់ផ្គង់ទឹកស្អាតអស់ពីសមត្ថភាព ពោលគឺបានប្រមាណ៤៥ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃៗ ហើយបរិមាណនេះ ទាល់តែកើនឡើងជាង៥០ម៉ឺនម៉ែត្រគូបទើបអាចធ្វើការផ្គត់ផ្គង់តាមតម្រូវការបាន ។

     លោកអគ្គនាយក បានបន្តទៀតថា ដើម្បីជំរញការគ្រប់គ្រងទឹកស្អាតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នៅក្នុងតម្រូវការរបស់ក្រុមហ៊ុននោះ ចាំបាច់គឺគេត្រូវការ បច្ចេកវិទ្យាទំនើបកម្ម ។បច្ចុប្បន្នរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ កំពុងបានប្រើប្រាស់នូវប្រព័ន្ធ GS ដើម្បីភាពងាយស្រួលលើការគ្រប់គ្រងអតិថិជន ការគ្រប់គ្រងបណ្តាញទឹកទាំងមូលនៅក្នុងរាជធានីភ្នំពេញ និងគ្រប់គ្រងទឹកដែលបាត់ផ្សេងៗជាដើម ។

     ទាក់ទិននឹងវិស័យទឹកស្អាតនេះដែរលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ ដែលបានយកចិត្តទុកខ្ពស់ លើការគ្រប់គ្រងផ្តល់ ជូនដល់អថិតិជន ស្ទើរគ្រប់ទីកន្លែងនៅលើភូមិសាស្រ្តរបស់ខ្លួន ដោយបានជំរុញការផ្គត់ផ្គង់ទឹកស្អាតនេះ ប្រកបដោយប្រសិទ្ធភាពទាន់ពេលវេលា។ 

    លោកទេសរដ្ឋមន្រ្តី បានស្នើឲ្យរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ ត្រូវខិតខំជំរុញការស្ថាបនារដ្ឋាករទឹកនិរោធជំហានទី២នេះ ឲ្យបានចប់សព្វគ្រប់ទៅតាមការគ្រោងទុក ប្រកបដោយសុវត្ថិភាព ចីរភាព ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋនៅក្រុងភ្នំពេញឲ្យបានគ្រប់គ្រាន់ ៕

 

adverise with khmeread

មតិយោបល់