adverise with khmeread Singing

ច្រៀង​ផ្តល់​អត្ថប្រយោជន៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំនួន ១១

​អ្នក​ដែល​ចូលចិត្ត​ច្រៀង​ប្រហែលជា​អាច​ប្រាប់​អ្នក​បាន​ថា​តើ​មាន​អារម្មណ៍​អស្ចារ្យ​ប៉ុនណា​នៅពេល​បាន​ច្រៀង​ម្តងៗ​។ វា​គ្មានអ្វី​ជា​រឿង​អា​ថ៍កំ​បាំង​ទេ ដែលថា​ការ​ច្រៀង​អាចជួយ​កាត់បន្ថយ​ស្ត្រេ​ស៍ ជម្រុញ​ឲ្យ​មាន​អារម្មណ៍ល្អ និង​បង្កើន​ភាពសប្បាយ​រីករាយ​បន្ទាប់​ពីថ្ងៃ​ធ្វើការ​ដ៏​ហត់នឿយ​។ ប៉ុន្តែ​នៅមាន​អត្ថប្រយោជន៍​ខាង​រាងកាយ អារម្មណ៍ សង្គម និង​ចិត្តសាស្ត្រ​ផ្សេង​ជាច្រើន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ច្រៀង ដែល​អ្នក​ប្រហែលជា​មិនដឹង​នោះទេ​។ 

១- ការ​ច្រៀង​ជួយ​បញ្ចេញ​នូវ​អ័រម៉ូន​សប្បាយ Endorphions និង Oxytocin
Endorphions គឺជា​អ័រម៉ូន​ដែល​បង្កើន​អារម្មណ៍​សប្បាយ និង​រំភើប​រីករាយ​។ អ័រម៉ូន Oxytocin ក៏​ត្រូវគេ​ស្គាល់​ថា​ជា "​អ័រម៉ូន​ថ្នាក់ថ្នម​អារម្មណ៍​ឲ្យ​រីករាយ​" ដែរ ពីព្រោះ​អ័រម៉ូន​នេះ​នឹង​ត្រូវបាន​បញ្ចេញ​នៅពេល​មនុស្ស​បាន​អង្គុយ​ក្បែរ​គ្នា​សាច់​ប៉ះ​នឹង​សាច់​។ 

២- ការ​ច្រៀង​ជួយ​បង្កើន​បញ្ញា
​ការសិក្សា​ជាច្រើន​បាន​លើកឡើងថា អ្នកចម្រៀង និង​តន្ត្រីករ​មាន IQ ខ្ពស់ជាង​អ្នក​ធម្មតា​។ ការ​ច្រៀង​អាចជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​មុខងារ​ខួរក្បាល​ជារួម​របស់​អ្នក និង​ជួយ​ឲ្យ​អ្នក​គិត​អ្វីមួយ​បាន​ឆាប់រហ័ស​។ 

៣- ការ​ច្រៀង​ជួយ​ធ្វើ​ឲ្យ​អាយុ​វែង
​ការសិក្សា​រួមគ្នា​រវាង​សាកលវិទ្យាល័យ Yale និង Harvard បាន​បង្ហាញថា សម្រាប់​មនុស្ស​មួយចំនួន ដែល​រស់នៅ​ទីក្រុង New Haven រដ្ឋ Connecticut ការ​ច្រៀង​រួមគ្នា​ជា​ក្រុម​បាន​ជួយ​ជម្រុញ​សុខភាព​ផ្លូវចិត្ត និង​បេះដូង​របស់​ពួកគេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគេ​មាន​អាយុ​កាន់តែ​វែង​។ 

៤- ការ​ច្រៀង​ជួយ​បន្ថយ​សម្ពាធ​ឈាម​
​មាន​ករណី​សិក្សា​ជាច្រើន​បានបង្ហាញ​ថា ការ​ច្រៀង​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​បាន ដោយសារតែ​ឥទ្ធិពល​នៃ​ការធ្វើ​ឲ្យ​ស្ងប់ចិត្ត និង​ស្រួលខ្លួន​របស់​ចម្រៀង​។ អ្នកជំងឺ​អាចមាន​លទ្ធភាព​ធ្វើ​ឲ្យ​ខ្លួនឯង​ស្ងប់​អារម្មណ៍ និង​ថយចុះ​សម្ពាធ​ឈាម​តាមរយៈ​ការ​ច្រៀង​នេះឯង​។ 

៥- ការ​ច្រៀង​ធ្វើ​ឲ្យ​សាច់ដុំ​ថ្ពាល់ សាច់ដុំ​ទ្រូង និង​សាច់ដុំ​ក្រោម​ឆ្អឹងជំនីរ​តឹង​ណែន​ល្អ
​ការប្រើ​បច្ចេកទេស​ច្រៀង​ចេញពី​ទ្រូង​អាចជួយ​ពង្រឹង​សាច់ដុំ​ក្បាលពោះ និង​ខ្នង​របស់​អ្នក​បាន​។ អ្នក​ក៏បាន​ធ្វើ​លំ​ហាត់ប្រាណ​សាច់ដុំ​ថ្ពាល់​របស់​អ្នក​តាម​វិធី​ពិសេស​ដែរ នៅពេល​ច្រៀង ដូច្នេះ​មុខ​របស់​អ្នក​នឹងមាន​ភាពរស់រវើក និង​កាន់តែ​ពោរពេញ​ដោយ​ថាមពល​។ សាច់ដុំ​ក្រោម​ឆ្អឹងជំនីរ​ក៏​នឹងធ្វើ​លំ​ហាត់ប្រាណ​ដែរ​នៅពេល​អ្នក​ច្រៀង​។ 

៦- ការ​ច្រៀង​ជួយ​បង្កើន​ការយល់​ចិត្ត​គ្នា និង​ការយល់ដឹង​អំពី​វប្បធម៌​នានា
​តន្ត្រី​អាចធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ភ្ជាប់​ទំនាក់ទំនង​ទៅកាន់​មនុស្សជាតិ​ទាំងឡាយ ទោះបី​មកពី​វប្បធម៌​ផ្សេងគ្នា​ក៏ដោយ​។ ការ​ច្រៀង​ចម្រៀង​ដែលមាន​ប្រភពដើម​ចេញពី​វប្បធម៌​ដទៃ​អាចធ្វើ​ឲ្យ​យើង​ចេះ​កោតសរសើរ​វប្បធម៌​ទាំងនោះ និង​ជួយ​យើង​ឲ្យ​ចេះ​យល់ចិត្ត​មនុស្ស​គ្រប់គ្នា​។ 

៧- ការ​ច្រៀង​ជួយ​ដល់​សួត និង​ធ្វើ​ឲ្យ​អ្នកមាន​ឥរិយាបថ​កាន់តែ​ប្រសើរ​
​នៅពេល​អ្នក​ច្រៀង អ្នកនឹង​អង្គុយ​ឬ​ឈរ​តាម​លក្ខណៈ​ធម្មជាតិ​ដើម្បី​ច្រៀង​ឲ្យ​កាន់តែ​ពិ​រោះ​។ ការ​ច្រៀង​ក៏​ជួយ​ជម្រុញ​ដល់​សមត្ថភាព​សួត និង​ជួយ​អ្នក​ឲ្យ​ដកដង្ហើម​បាន​ងាយស្រួល​ផងដែរ​។ 

៨- ការ​ច្រៀង​ជួយ​ឲ្យ​មនុស្ស​កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា និង​បង្កើត​អារម្មណ៍​ដូចជា​សហគមន៍​មួយ
​ការ​ច្រៀង​ជា​ក្រុម ឬ​ច្រៀង​ក្នុង​បរិយាកាស​មួយ​ដែលមាន​គ្នាច្រើន​ចូលរួម​ច្រៀង​អាច​បង្ក​ភាព​រីករាយ និង​ស្និទ្ធស្នាល​បំផុត​។ វា​ផ្តល់​ឲ្យ​អ្នក​នូវ​ឱកាស​ចែករំលែក​បទពិសោធន៍​ជាមួយ​ក្រុមមនុស្ស​ណាមួយ​។ ហើយក៏​មានការ​សិក្សា​ជាច្រើន​ដែរ​លើកឡើងថា ការ​ច្រៀង​ជា​ក្រុម​ជួយ​កាត់បន្ថយ​ការបាក់​ទឹកចិត្ត​ក្នុងចំណោម​មនុស្សពេញវ័យ​។ 

៩- ការ​ច្រៀង​អាចជួយ​ដល់​អ្នកជំងឺ Parkinson’s (​ជំងឺ​ញ័រ​សរសៃ​សាច់ដុំ​)
​ការសិក្សា​ជាច្រើន​បាន​បង្ហាញថា ការ​ច្រៀង​អាច​បង្កើន​សុខភាព​ដល់​អ្នកជំងឺ Parkinson’s​។ ការ​ច្រៀង​អាចធ្វើ​ឲ្យ​ការគ្រប់គ្រង​សម្លេង និង​ការ​លេប​អាហារ​របស់​ពួកគេ​បានល្អ​ប្រសើរឡើង​។ ហើយ​តន្ត្រី​ក៏​អាចមាន​លទ្ធភាព​ជួយ​ពួកគេ​ឲ្យ​ទទួលបាន​ជំហរ​រឹងប៉ឹង​ឡើងវិញ និង​លែង​ញី​ញ័រ​តទៅទៀត​ផងដែរ​។ 

១០- ការ​ច្រៀង​ជួយ​ធ្វើ​ឲ្យ​ការចងចាំ​របស់​អ្នក​ល្អ​ប្រសើរឡើង
​ទោះបីជា​អ្នក​មិនអាច​ចាំ​បទ​ចម្រៀង​ពេញចិត្ត​របស់​អ្នក​ទាំងអស់​ក៏ពិតមែន ប៉ុន្តែ​គ្មាន​ការលើកឡើង​ណាមួយ​និយាយថា ការ​ច្រៀង​តម្រូវ​ឲ្យ​អ្នក​ប្រើការ​ខួរក្បាល​រក​នឹក​បទ​ដែល​អ្នក​កំពុង​ច្រៀង​នោះឡើយ​។ នេះ​គឺជា​វិធី​ដ៏​អស្ចារ្យ​មួយ​ដើម្បី​រក្សា​ខួរក្បាល​របស់​អ្នក​ឲ្យ​បំពេញ​មុខងារ​បានល្អ​នៅពេល​ចាស់​ឡើង​។ 

១១- ការ​ច្រៀង​អាច​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​បាន
​ដោយសារ​ការ​ច្រៀង​អាច​បន្ថយ​សម្ពាធ​ឈាម ធ្វើ​ឲ្យ​ថយចុះ​កម្រិត​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល និង​បន្ថយ​ស្ត្រេ​ស៍​និង​ភាព​តប់ប្រមល់ ដូច្នេះ​វា​ច្បាស់​ជា​នឹងមាន​ឥទ្ធិពល​វិជ្ជមាន​លើ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​៕  

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់