រតនគីរី ៖ ក្នុងបរិវេណចម្ការកៅស៊ូបរកែវ ខេត្តរតនគិរី មានប្រជាពលរដ្ឋជាជនជាតិខ្មែរជាច្រើននាក់មកពីខេត្តនានា បាននាំគ្នាជីករកត្បូងមានតម្លៃរាប់រយរណ្តៅជម្រៅពី១២ទៅ១៥ម៉ែត្រស្វែងរកត្បូងប្រថុយនឹងគ្រោះថ្នាក់ ដើម្បីជីវភាពរស់នៅ ។
លោកម៉ៅ ចាន់តារា(Mao Chandara)បានរៀបរាប់ក្នុងអាខោនហ្វេសប៊ុករបស់កាលពីថ្ងៃទី ២៩មករាឆ្នាំ២០១៦ម្សិលម៊ិញបន្ទាប់ពីលោកចុះទៅដល់តំបន់ជីកត្បូងដោយផ្ទាល់ថា "ខ្ញុំបានធ្វើដំណើរដល់កន្លែងជីកត្បូង បរកែវដែលមានចម្ងាយពីក្រុង បានលុងប្រមាណ ២០គីឡូម៉ែត្រ។ ទីនោះមានរណ្តៅរាប់រយកន្លែងក្នុងបរិវេណចម្ការកៅស៊ូ។កម្មករជីកត្បូងនៅទីនោះ គឺជាជនជាតិខ្មែរដែលទៅពីចម្រុះខេត្តផ្សេងៗ។រណ្តៅរាវរកត្បូងនិមួយៗ ត្រូវបានជីកក្នុងជម្រៅប្រមាណ ១២-១៥ម៉ែត្រ។ អ្នកចុះក្នុងរណ្តៅ អាចធុននិងបរិយាកាសបានប្រហែលជា ១ម៉ោង ឬ លើស នេះបន្តិចបន្តួចប៉ុណ្ណោះ"។
លោកម៉ៅ ចាន់តារាបន្តថា "ពួកគាត់ត្រូវជីកដីដែលមានត្បូងពីខាងក្រោម ដើម្បីយកមករាវរកនៅខាងលើ យ៉ាងយកចិត្តទុកដាក់ដើម្បីរកត្បូង។គ្រោះថ្នាក់ ដីបាក់ក៏មានញឹកញាប់ដែរ។មានអ្នកស្លាប់ច្រើនកន្លងមកដោយសារដីបាក់។ពួកគាត់អាចរកបានត្បូង តូច ឬ ធំ ដោយថ្ងៃ ហេង ឬ ស៊យ"។
លោកចាន់តារាបន្តថា "ពួកគាត់ អាចរកកម្រៃបានមធ្យម ជាទូទៅ។ខ្ញុំបានដើរទស្សនាទិដ្ឋភាពនានានៅទីនោះយ៉ាង យកចិត្តទុកដាក់បំផុត។ បន្ទាប់មក ខ្ញុំបានទៅកាន់កន្លែងច្នៃត្បូងដែលគេជីកបាននៅតំបន់ បរកែវ នោះ ក្នុងក្រុងបានលុង នៃខេត្តរតនគីរី។គ្រាប់ត្បូងខ្លះច្នៃ រួចហើយលក់ក្នុងតម្លៃ ចាប់ពី ៤០$ ទៅ ១០០០$ ឬ ២០០០$ ទៅតាមទឹកល្អ ឬ ខ្នាតនិង ការ៉ាត់របស់វា "។
លោកបន្តទៀតថា "ដីខ្មែរ សម្បូរសព្វយ៉ាង។គ្មានការគ្រប់គ្រងធនធានធម្មជាតិច្បាស់លាស់ទេ។អ្នកមាន និង ក្រ ដាច់ឆ្ងាយពីគ្នាមេឃ និង ដី។ធនធានធម្មជាតិនៅតំបន់នោះ មិនមានអ្វីសល់ជាដុំកំភួនទេ នេះបើតាមការដែលខ្ញុំអង្កេតមើលឃើញជាក់ស្តែង"៕
(សូមមើលរូបភាពដែលលោកម៉ៅ ចាន់តារាថតបាន)
