ព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង កើតហេតុដោយសារជនសង្ស័យម្នាក់ប្រើដំបងឈើជាអាវុធវាយសម្លាប់ កាលពីម៉ោងជិត១១យប់ថ្ងៃទី២៦ មីនា ២០១៧ នៅចំណុច ផ្ទះជួលលោក យិម គឹមឡេង ស្ថិតក្នុង ក្រុមទី១៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ផ្លូវម្នាងសីលា ដែលជាកន្លែងជនរងគ្រោះស្នាក់នៅ។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ជ្រិន អួក ភេទប្រុស អាយុ៣២ឆ្នាំ ជាកម្មករ សំណង់មានស្រុកកំណើត ភូមិកំណប់ ឃុំកំណប់ ស្រុកគីរីវង់ ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ក្រុម១៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានយកដំបងឈើ (ដើមទឹកដោះគោ) វាយ ទៅលើជនរងគ្រោះ ចំផ្ទៃមុខ និងកញ្ជឹងក ជាច្រើនដំបងបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើត រួចហើយជនសង្ស័យរត់គេចខ្លួនបាត់។
ចំណែកជនរងគ្រោះឈ្មោះ ឃុន តាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់ មាន ស្រុកកំណើត ភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ករណីនេះស្ត្រីជាភរិយាជនរងគ្រោះស្នើសុំសមត្ថកិច្ចជួយស្រាវជ្រាវរកជនដៃដល់មកទទួលខុសត្រូវតាមផ្លូវច្បាប់៕
