ចុះ​រាវ​លៀស​ក្នុង​ទឹកទន្លេ​ធ្វើ​ទុក​បេះដូង​ស្លាប់​ក្នុង​ទឹក

    កណ្តាល ៖ បុរស​ម្នាក់​ចុះ​រាវ​លៀស​ក្នុង​ទឹក​បណ្តាល​ឱ្យស្លាប់​នា​ថ្ងៃទី​២៦​ មីនា​ ២០១៧ វេលា​ម៉ោង​១២ ​និង​៥០​នាទី​នៅ​ចំណុច​ក្នុង​ទឹកទន្លេ​បាសាក់  ជម្រៅ​១​ម៉ែត្រ ខាង​កើ​ត​ភូមិ​ស្វាយ​ក្រោម​ចំងាយ ៥០០ ​ម៉ែត្រ ស្ថិត​ក្នុងភូមិ ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី​ ​ស្រុក​កោះធំ​ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​លាង ឡុង​ ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ជន​ជាតិ ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅៗ​ភូមិស្នោ ឃុំស្នោ ស្រុក ព្រៃកប្បាស ខេត្តតាកែវ។​

    តាម​ការ​ឆ្លើយ​បំភ្លឺ របស់​ឈ្មោះ ​យ៉ែម អ៊ីម ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​បានឱ្យដឹងថា​កន្លងមក​ជនរងគ្រោះ ធ្លាប់មាន​ជម្ងឺ គាំងបេះដូង ជា​ញឹកញាប់ តែ​ពុំបាន​ព្យាបាល​ឱ្យបាន​ជា​សះ​ស្បើ​យ​ទេ។ 

    លុះ​នៅ​ថ្ងៃទី​២៦ ​មីនា ​២០១៧ វេលា​ម៉ោង​០៦​ជនរងគ្រោះ និង បងប្អូន​ក្នុងភូមិ មាន​គ្នា​០៦​នាក់ បាន​ចេញពីផ្ទះ មក​រាវ​លៀស​នៅ​ចំណុច ក្នុង​ទន្លេបាសាក ភូមិ​ស្វាយ​ក្រោម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល។  

    មកដល់​ចំណុច រាវ​លៀស ក៏​នាំគ្នា​ហូបបាយ​រួច​នាំគ្នា​ចុះ​រាវ​លៀស​រហូតដល់​ម៉ោង​កើ​ត​ហេតុ​ជនរងគ្រោះ ក៏លិចទៅ​ក្នុង​ទឹក​ដែលមាន​ជម្រៅ ១​ម៉ែត្រ​។ ភ្លាមនោះ ឈ្មោះ​ យ៉ែម អ៊ី​ម ត្រូវជា​ប្អូនថ្លៃ ក៏​ហៅ​បងប្អូន ដែល​រាវ​លៀស នៅ​ជិត​នោះមក​ជួយ ។​លុះ​មក​ដល់ក៍​នាំគ្នា​រាវរក​ជនរងគ្រោះ លុះ​ពេល​បាន​ឃើញ​ជនរងគ្រោះៗ​បាន​ដាច់ខ្យល់​ស្លាប់​បាត់ទៅ​ហើយ​បាននាំគ្នា​បី​ជនរងគ្រោះ​ឡើង​លើ​គោក​រួច​បាន​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច។ 

    ក្រោយពី​បានទទួល​ព័ត៌មាន​ផ្នែក​ជំនាញ នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​កោះធំ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ និង ក្រុមគ្រួសារ​សព​ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​ជនរងគ្រោះ ឃើញថា​ជនរងគ្រោះ ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យកត់សំគាល់ ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេង​ឡើយ។​

    ការសន្និដ្ឋាន របស់លោក វេជ្ជបណ្ឌិត កឹម សុផល គ្រូពេទ្យ មន្ទីរពេទ្យ បង្អែក​ស្រុក​កោះធំ បាន​សន្និដ្ឋានថា​៖ ជនរងគ្រោះ មាន​ជំងឺខ្យល់គ បណ្តាល​ឱ្យ​ដួល​ស្លាប់​ក្នុង​ទឹក​ប្រាកដ​មែន។ ក្រោយ​ការពិនិត្យ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕


 

adverise with khmeread