អ្នកជំនាញនិយាយថា កូរ៉េខាងជើងជាប្រទេសឆ្លាត មិនមែនឆ្កួតដូចពិភពលោកយល់ឃើញនោះទេ

    ​មនុស្ស​ភាគច្រើន​ចូលចិត្ត​ចង្អុល​ដាក់​កូរ៉េខាងជើង​ថា​ជា​របប​ចម្លែក​អ៊ីចេះ ចម្លែក​អ៊ី​ចោះ ដោយ​ហៅ​គីម​ជុង​អ៊ុន សុទ្ធតែ​មនុស្ស​ឆ្កួត​។ ហើយ លោក ច​ន ម៉ាក​ខេន ទើបតែ​ហៅ​គីម ជុង​អ៊ុន ថា "​អា​ជ្រូក​ឆ្កួត​" ថែម​ទៀតផង ។ ប៉ុន្តែ​មើល​រឿងរ៉ាវ​ទាំងអស់នេះ​សិន​៖

​    ​សុទ្ធ​តែមាន​ហេតុផល​ហើយ​ទើប​កូរ៉េខាងជើង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ហើយ​វា​មិនមែនជា​ទង្វើ​ប្រៀប​ដូច​កូនក្មេង​បៀម​ដៃ​ចង់បាន​របស់​លេង​ថ្មីៗ​នោះទេ​។ ពួកគេ​ធ្វើបែបនេះ​គឺ​ដើម្បី​រក្សា​ពួកគេ​ក្នុង​អំណាច និង​ទប់ស្កាត់​យ៉ាង​ណែន​ក្នុង​ដៃ ពី​ការ​ងើប​បះបោរ​ផ្លាស់ប្តូរ​របប ។ 

​    ​អាវុធ​នុយក្លេអ៊ែរ​ជា​អានុភាព​តែមួយគត់ ដើម្បី​រស់រាន និង​ជួនកាល​ដើម្បី​ទទួលបាន​ជំនួយ​ផងដែរ​។ ប្រទេស​តូច​ក្រីក្រ​មួយ​នេះ អាចធ្វើ​បាន​យ៉ាង​ល្អ​ជាមួយ​សន្លឹក​បៀរ​តែមួយគត់​ក្នុង​ដៃ​។ 

​    ​គីម ជុង​អ៊ុន​នឹងមិន​បង្ក​សង្គ្រាមលោកលើកទីបី​ដោយសារតែ​សន្លឹក​បៀរ​មួយ​នេះ​ទេ (​នុយក្លេអ៊ែរ​)​។ ប៉ុន្តែ​កុំ​ទាន់​អាល​ដកដង្ហើម​ធូរទ្រូង គេ​នៅមាន​ហេតុផល​ត្រូវ​បារម្ភ​ទៀត​។ 

​    ​គីម ជុង​អ៊ុន មានបទពិសោធន៍​តិចតួច​ណាស់​ក្នុងការ​ដោះស្រាយ​ជាមួយ​អន្តរជាតិ បើ​ធៀប​នឹង​ឪពុក​គាត់​។ គេ​ដឹង​ច្បាស់​ណាស់ គីម ជុង​អ៊ុន ពូកែ​ធ្វើឱ្យ​ភាព​តានតឹង​កើនឡើង ប៉ុន្តែ​គាត់​ដឹង​ពី​របៀប​សម្រាល​ភាព​តានតឹង​ទេ​? 

​    ​មួយវិញទៀត បច្ចេកវិជ្ជា​របស់​កូរ៉េខាងជើង​កាន់តែ​ល្អ​ឡើង និង​កាន់តែ​លឿន​ជាង​មុន​។ 

​    ​ក្រុម​អ្នកជំនាញ​និយាយថា កូរ៉េខាងជើង​មាន​ភាព​ច្បាស់លាស់​ណាស់​ក្នុងការ​ឆ្ពោះទៅរក​គោលដៅ​របស់ខ្លួន​ក្នុងការ​ផលិត​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​។ 

​    ​ដូ​ណា​ល់ ត្រាំ អះអាងថា កូរ៉េខាងជើង​ធ្វើ​មិន​បានទេ​។ ប៉ុន្តែ​តើ​ដូ​ណា​ល់ ត្រាំ អាច​បញ្ឈប់​កូរ៉េខាងជើង​កុំឱ្យ​អភិវឌ្ឍ​មី​ស៊ី​ល​នេះ​ដោយ​របៀប​ណា​?

​    ​ការដាក់ទណ្ឌកម្ម​បន្ថែម មិនមែនជា​ដំណោះស្រាយ​ទេ​។ អង្គការ​អ​.​ស​.​ប និយាយថា ពួកគេ​បាន​ផ្អាក​ជំនួយ​ដល់​ប្រជាជន​ដែល​ខ្វះខាត​បំផុត​របស់​កូរ៉េខាងជើង​។ ប៉ុន្តែ​ទោះយ៉ាងណា ពួក​ឥស្សរជន​កូរ៉េខាងជើង នៅតែមាន​របស់​ថ្លៃៗ​ប្រើ និង បន្ត​អភិវឌ្ឍ​អាវុធ​ដោយ​រលូន​ដដែល​។ 

​    ​ប្រាកដ​ណាស់ ចិន​អាច​ប្រឹងប្រែង​ផ្តល់ជំនួយ​ដល់​កូរ៉េខាងជើង ប៉ុន្តែ​ចិន​នៅតែ​មិនអាច​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​បានឡើយ​។  

​    ​អាមេរិក​និយាយថា ការប្រើ​កម្លាំងយោធា​ជា​ជម្រើស​មួយ​។ វា​មិន​គ្រាន់តែ​ជា​គំនិតអាក្រក់​ប៉ុណ្ណោះ​ទេ ថែមទាំង​ជា​គំនិត​ឆ្កួត​លីលា​បំផុត​ផងដែរ​។ អាមេរិក​មិនអាច​បំផ្លាញ​សមត្ថភាព​របស់​កូរ៉េខាងជើង​បានទេ​។ ហើយ​ប្រសិនបើ​គីម ជុង​អ៊ុន សម្រេចចិត្ត​វាយប្រហារ​តប​វិញ សូម្បី​តាមរយៈ​ការវាយលុក​ធម្មតា ក៏​កូរ៉េខាងត្បូង និង​ជប៉ុន​ដេក​យ៉ាង​ងាយ​ដែរ​។ 

​    ​គេ​នៅតែ​អាចមាន​ជម្រើស​ផ្សេងទៀត​។ ក្រោម​សម័យ​លោក ប៊ី​ល គ្លី​ន​តុ​ន អាមេរិក​បានសម្រេច​កិច្ច​ព្រម​ព្រមជាមួយ​កូរ៉េខាងជើង ដោយ​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​សិន​។ ហើយ​កិច្ចព្រមព្រៀង​នោះ មាន​ប្រសិទ្ធភាព​រាប់​ឆ្នាំ​។ 

​    ​កូរ៉េខាងជើង​នឹងមិន​ដកថយ​ពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ទេ ប៉ុន្តែ​ប្រសិនបើ​មាន​លក្ខខណ្ឌ​ល្អ កូរ៉េខាងជើង​អាច​នឹង​ផ្អាក​កម្មវិធី​របស់ខ្លួន​ដូច​សម័យ​ប៊ី​ល គ្លី​ន​តុ​ន​។ 

​    ​កូរ៉េខាងជើង​ជា​ប្រទេស​មិនគួរ​ឱ្យ​ទុកចិត្ត និង គ្មាន​នរណាម្នាក់​ហ៊ាន​លើកឡើងថា កូរ៉េខាងជើង​ជា​ប្រទេស​ល្អ ឬ ប្រទេស​ប្រក្រតី​នោះទេ​។ ចង់ដឹង គ្រាន់តែ​ក្រឡេកមើល​កំណត់ត្រា​សិទ្ធិមនុស្ស​កូរ៉េខាងជើង​ទៅ​គឺ​បាន​ហើយ​។ ប៉ុន្តែ​ក៏​មិនអាច​ថា​កូរ៉េខាងជើង​ជា​ប្រទេស​គ្មាន​ហេតុផល​នោះដែរ​។ ហេតុ​ដូច្នេះហើយ វា​ជា​ពេលដែល​ប្រទេស​ផ្សេងទៀត​លើ​ពិភពលោក គួរតែ​ឆ្លាត​ដូច​កូរ៉េខាងជើង​ហើយ​៕

​ដកស្រង់​ពី​កាសែត The Guardian

adverise with khmeread

អ្នកនឹងចូលចិត្ត