ឃាត់​បុរស​អូស្ត្រាលី​ម្នាក់​បង្ក​ហិង្សា​វាយ​មេការ​ហាង​ម្នាក់​ និង​មន្ត្រីប៉ូលិស​២​នាក់​របួស​

    ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនជាតិ​អូស្ត្រាលី​ម្នាក់​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​វាយ​និង​ច្របាច់ក បង្កឡើង​នៅក្នុង​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​នៅ​ថ្ងៃទី​៣០​ មីនា​ ២០១៧ ​វេលា​ម៉ោង​១២​ និង​៤៥​នាទី​អធ្រាត្រ បណ្តាលឱ្យ​របួស​មេការ​ហាង​ម្នាក់ ​និង​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​២​នាក់​។​

    ប៉ូលិស​និយាយថា ដំបូង​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១​បាន​ឃាត់​ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ​MILLER PETER  RICHARD ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ 3704118 ស្នាក់នៅ​ខន​ដូ​លេខ​៦​អឺ​2 ផ្លូវ លេខ៣១២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

    បន្ទាប់​ជនបរទេស​រូបនេះ​បាន​វាយ​មកលើ​ជនរងគ្រោះ​នាង វណ្ណៈ ​ភេទប្រុស អាយុ​២៩​ឆ្នាំ ជ​នជាតិខ្មែរ មុខរបរ​មើល​ការខុសត្រូវ​ហាង​ផ្លេ ឌី រ៉ា​យ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៤ ផ្លូវ​១៤៤ សង្កាត់​ផ្សា​រកណ្តាល​ទី​១ ​ខណ្ឌដូនពេញ រងរបួស​ចំ​បបូរមាត់​ឈាម ​និង​ពក​ក្បាល, ២.​ឈ្មោះ​ អែម សា​វី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារកណ្តាលទី​១ រងរបួស​ដោយ​ច្របា​ច់​ក, ៣.​ឈ្មោះ ជួង សុផៃ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ប៉ូលិស​ប៉ុស្តិ៍ ផ្សារកណ្តាល​ទី​១​រងរបួស​ថ្ពាល់ ខាងឆ្វេង​។ 

    ក្រៅពីនេះ​បាន​វាយបំផ្លាញ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា វាយ​បំបែក​អំពូល​ភ្លើង​ វាយបំបាក់​កង្ហា វាយបំបាក់​កៅអី​ជ័រ ក្នុង​ទីស្នាក់ការ​ប៉ុស្តិ៍​រដ្ឋបាល​ថែមទៀត​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

adverise with khmeread