ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីយុវសិស្សម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកYamaha TTXក្នុងល្បឿនលឿនឡើងលើស្ពានជ្រោយចង្វារ ដោយធ្វើដំណើរពីលិចទៅកើតក៏ជ្រុលចង្កូតបុកបង្កាន់ដៃស្ពានផ្លោងធ្លាក់ចុះមកក្រោមរងរបួសបាក់ភ្លៅម្ខាង និងដៃតែសំណាងល្អមិនធ្លាក់ចូលទៅក្នុងទឹកទន្លេ។
គ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវសិស្សខាងលើនេះ បានជិះម៉ាកម៉ូតូ១គ្រឿងYamaha TTX ពាក់ស្លាកលេខភ្នំពេញ 1BZ-9930តែម្នាក់ឯងយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតឡើងលើស្ពានជ្រាយចង្វារគោលបំណងឆ្លងទៅត្រោយម្ខាង។
ស្រាប់តែឡើងបានបន្តិចក៏ជ្រុលចង្កូតទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវលើស្ពានយ៉ាងពេញទំហឹង បណ្ដាលឲ្យយុវសិស្សរូបនោះ ខ្ទាតចេញពីម៉ូតូផ្លោងធ្លាក់ពីលើស្ពានមកក្រោមរងរបួសធ្ងន់តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចនិងប្រជាពលរដ្ឋបាននាំគ្នាទៅជួយសង្គ្រោះ ដោយទូរស័ព្ទហៅរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។
ចំណែកឯយុវជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថាជាសិស្សរៀននៅសាលាភាសាចិន ៕
