adverise with khmeread Untitled 1

ឃាត់​មន្ត្រីប៉ូលិស​ម្នាក់​ប្រើ​ហិង្សា​វាយ​អ្នកដទៃ​

     កណ្ដាល ៖ បុរស​ម្នាក់​ជា​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​ទំនប់ទឹក​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ឃាត់ខ្លួន​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​វាយ​អ្នកដទៃ​រួច​យក​កាំបិត​និង​ពូថៅ​ប៉ង​កាប់​គេ​ថែមទៀត ។​

    អំពើហិង្សា​ខាងលើនេះ​កើតឡើង​កាលពី​ថ្ងៃទី ៣០​មករា​ឆ្នាំ​២០១៦​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ផ្លូវលំ​កន្លែង​លក់​ពោត​អាំង​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​សាន សុភា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ កសិករ​។​

    ចំណែក​ជនល្មើស​ឈ្មោះ​ពាន មនោ​រម្យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទំនប់ទឹកខណ្ឌចំការមន ភ្នំពេញ​ឋានន្តរសក្ដិ​អនុសេនីយ៍ទោ ឋានៈ មន្ត្រី​ប៉ុស្តិ៍​ត្រូវបាន​ឃាត់ខ្លួន​។​

    វត្ថុតាង​ដកហូត​ពូថៅ​ដង​ឈើ​០១​ប្រវែង​៤២​សង្ទីម៉ែត្រ កូនកាំបិត​ចុង​ស្រួច​ដង​ឈើ​១​ប្រវែង​២៣​សង្ទីម៉ែត្រ  ទូរស័ព្ទដៃ​១​គ្រឿង​ម៉ាក​LG​ពណ៌​ខ្មៅ អត្តសញ្ញាណ ប័ណ្ណ​នគរបាលជាតិ​១​សន្លឹក ។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​កំពុងតែ​ឈរ​ទិញ​ពោត​ស្រាប់តែ​ជនល្មើស​មាន​សភាព​ស្រវឹង​ស្រា​យ៉ាងខ្លាំង​បាន​ដើរ​មកពី​ក្រោយ ខ្នង​ជនរងគ្រោះ​មិនបាន​និយាយ​អ្វី​ទាំងអស់ បាន​វាយ​ទៅលើ​ជនរងគ្រោះ​ចំ​ខ្នង​៣​ដៃ ហើយ​ត្រូវបាន​អ្នកជិតខាង​ជួយ​ឃាត់​បំបែក​ចេញទៅ ។​

    លុះ​ប្រហែលជា​៣​នាទី​ក្រោយមក​ស្រាប់តែ​ជនល្មើស​បាន​ដើរមក​កន្លែងកើតហេតុ​ម្តងទៀត​ដោយមាន​កាន់​ពូថៅ និង​សៀត​កូនកាំបិត​នៅ​ចង្កេះ​ខោ​ទៀតផង តាមរក​ជនរងគ្រោះមិនឃើញ​ក៏​ស្រែក​ឡូឡា​ជេរ​គេ​ជេរ​ឯង ឃើញ​ដូចនេះ​អ្នកជិតខាង​បាន​រាយ​ការជូន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ពេលនោះ​ជនល្មើស​បាន​ដក​កូនកាំបិត​ពី​ចង្កេះ​បំរុង​ចាក់​មកលើ​សមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បានរួម​ទាំង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

    មកដល់ពេលនេះ​មិនទាន់​អាច​សួរ​យក​ចម្លើយ​បានទេ ដោយនៅ​យប់​នេះ​ជនល្មើស​នៅ​ស្រវឹងស្រា​នៅឡើយ ៕​

adverise with khmeread

មតិយោបល់