adverise with khmeread 1

បញ្ហា​គេង​មិន​លក់ និង វិធី​ធ្វើឱ្យ​គេង​លក់​ស្រួល​

    ​បញ្ហា​គេង​មិន​លក់ បាន​ក្លាយជា​បញ្ហា​ដ៏​សំខាន់​មួយ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​និង ប្រសិទ្ធភាព​ធ្វើការ​របស់​មនុស្ស​ម្នាក់ៗ​។ ប្រសិនបើ​ពេល នេះ​អ្នកមាន​បញ្ហា​គេង​មិន​លក់​វិធី​ងាយៗ​ខាងក្រោម​អាចជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​បាន​។​

​    ​១. គេង​ឱ្យបាន​គ្រប់គ្រាន់​
​    ​តាម​ក្បួន​វេជ្ជសាស្ត្រ មនុស្ស​ត្រូវការ​ពេលវេលា​គេង សម្រាក​ខុសៗ​គ្នា​ពី​៧-៩​ម៉ោង​ប្រសិនបើ​នៅ​ចុង​សប្តាហ៍ អ្នក​នៅមាន​អារម្មណ៍​ថា​អស់កំលាំង សូម​សាកល្បង​គេង​បន្ថែមចំនួន​១៥​នាទី ជា​រៀងរាល់​យប់ រហូតដល់​មាន​អារម្មណ៍​ស្រស់ថ្លា​។ ក្រៅពីនេះ​អ្នក​គួរ​ព្យាយាម​គេង​ឱ្យបាន​គ្រប់​គ្រន់​ក្នុង​រយៈពេល​ដូចគ្នា​ជា​រៀងរាល់​យប់​ព្រមទាំង​ទម្លាប់​ចូល​គេង និង​ភ្ញាក់ឡើង​ក្នុងពេល​វេលា​មួយ​ទៀងទាត់​ជាប្រចាំ​។​

​    ​២. បង្កើត​បរិយាកាស​សម​ស្រប​
​    ​សីតុណ្ហភាព​រាងកាយ​ក៏មាន​ឥទ្ធិពល​ដល់​ការ​គេង​ផងដែរ​។ បន្ទប់​គេង​ដែលមាន​អាកាសធាតុ​ត្រជាក់​ស្រួល ប្រមាណ​១៨-១៩​អង្សា​សេ​អាចជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់​ជាង​ធម្មតា ខណៈដែល​ភាព​ងងឹត​ជួយ​ជំរុញ​ឱ្យ​រាងកាយ​បង្កើត​អ័រម៉ូន​មេ​ឡា​ថូ​នី​ន (Melatonin) ដែល​ជួយ​ឱ្យ​កេង​លក់បាន​ស្កប់ស្កល់ ទៀតផង​ដូចនេះ​អ្នក​គួរ​បិទ​ភ្លើង​ទូរទស្សន៍ និង​កុំព្យូទ័រ មុនពេល​ចូល​គេង ដើម្បីឱ្យ​បន្ទប់​គេង​ងងឹត​ឆាប់​គេង​លក់​។​

​    ​៣. ចៀសវាង​អាហារ​ជំរុញ​សរសៃប្រសាទ
​    ​ចៀសវាង​ការទទួល​ទាន​កាហ្វេ ទឹកក្រូច​ដែលមាន​ជាតិ​ហ្គាស នំ​ផ្អែម​មុត ទឹក​ផ្លែឈើ និង​បារី ជាពិសេស​នៅក្រោយពេល​ល្ងាច ព្រោះ​អាហារ​ទាំងនេះ​នឹង​ជំរុញ​សរសៃ​ប្រាសាទ​មិនឱ្យ​គេង​លក់​។ ការហាត់​កីឡា​ជាប្រចាំ ក៏​ជា​វិធី​មួយ​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់​ផងដែរ ក៏ប៉ុន្តែ​នៅពេល​ល្ងាច​ពុំគួរ​ហាត់​កីឡា​ខ្លាំងពេក​ទេ ព្រោះ​វា​ធ្វើឱ្យ​អ្នក​គេង​មិន​លក់​ទៅវិញ​ទេ​។ ទន្ទឹមគ្នានេះ​គួរពិនិត្យមើល​រាងកាយ​របស់​អ្នក​ថា​ត្រូវការ​រយៈពេល​ប៉ុន្មាន ដើម្បីឱ្យ​គេង​លក់​ហើយ​លៃលក​ពេលវេលា​ហាត់ប្រាណ​ឱ្យ​សមស្រប​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ការ​គេង​។​

​    ​៤. ប្រើប្រាស់​គ្រែ​សម្រាប់តែ​ការ​គេង​
​    ​អ្នក​ត្រូវដាក់​លក្ខខណ្ឌ​ខ្លួនឯង​ថា​ត្រូវ​ប្រើប្រាស់​គ្រែ​សម្រាប់តែ​ការ​គេង​មួយ​មុខ​ប៉ុណ្ណោះ​។ មិនត្រូវ​ប្រើ​គ្រែ​គេង ជា​កន្លែង​មើល​ទូរទស្សន៍ ញុំ​អាហារ មើលសៀវភៅ និយាយ​ទូរស័ព្ទ ឬ​គិត​បញ្ជី​ប្រាក់ចំណូល​ចំណាយ​នោះឡើយ ព្រោះថា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​មិន​ស្ងប់​គេង​មិន​លក់​។

​    ​៥. កាត់បន្ថយ​ការ​គេង​នៅពេល​ថ្ងៃ​
​    ​អ្នក​គួរ​កំណត់​រយៈពេល​គេង​នៅពេល​ថ្ងៃ​ឱ្យបាន​តិចជាង​១​ម៉ោង ព្រោះ​ការ​គេង​លក់​មួយស្រឡេត​ក្នុង​រយៈពេល​ខ្លី គឺ​គ្រប់គ្រាន់​សម្រាប់​ការផ្ដល់​នៅ​អារម្មណ៍​ស្រស់ថ្លា​និង​មិន​ធ្វើឱ្យមាន​ការរំខាន​ដល់​ការ​គេង (​ភ្ញាក់​) នៅពេល​យប់​ទៀតផង​។​

​    ​៦. ចៀសវាង​ភេសជ្ជៈ​គ្រឿង​ស្រវឹង និង​អាហារ​រសជាតិ​ចាស់​មុនពេល​ចូល​គេង​
​    ​គ្រឿង​ស្រវឹង​អាចធ្វើឱ្យ​គេង​លក់​ស្រួល​បាន​ក៏ពិតមែន ប៉ុន្ដែ​ក្រោយពី​គេង​បាន​បួន​ម៉ោង​ហើយ​អ្នក​នឹងត្រូវ​ភ្ញាក់ឡើង​នៅពេល​ពាក់​កណ្ដាលយប់​ឬក៏​មាន​អាកា​រៈគេង​ភ្ញាក់ៗ​។ ក្រៅពីនេះ​អ្នក​មិនត្រូវ​ចូល​គេង​ទាំង​ពោះ​ទទេ​នោះឡើយ ព្រោះថា​សំឡេង​កូរពោះ​អាច​ដាស់​ឱ្យ​អ្នក​ភ្ញាក់ឡើង​នៅពេល​យប់​បាន​។ ម្យ៉ាងទៀត​មុនពេល​ចូល​គេង​អ្នក​ត្រូវ​ចៀសវាង​ការបរិភោគ​អាហារ​មួយចំនួន​ដែល​បង្កើតឱ្យមាន​ហ្គាស នៅក្នុង​ក្រ​ពេះ​ដូចជា​ខ្ទឹមស ភី​ហ្សា ឬ​ទឹកក្រូច​កំប៉ុង​។​

​    ​៧. រក​វិធី​លួងលោម​ខ្លួនឯង​ឱ្យ​គេង​លក់
​    ​ការ​មុជទឹក​ក្ដៅ ការទទួល​ទាន​តែ​រុក្ខ​ឱសថ ឬ​ទឹកដោះគោ​ក្ដៅ​ឧណ្ហៗ​មួយ​កែវ​មុនពេល​ចូល​គេង​នឹង​ជួយ​ធ្វើឱ្យ​សាច់ដុំ​ធូរស្បើយ និង​បន្ថែម​ស៊ី​តុ​ណ្ហ​ភាព​បន្តិចបន្ដួច​ទៅលើ​រាងកាយ ថយ​ចុះមក​ក្នុង​សភាព​ធម្មតា​វិញ អ្នកនឹង​ចាប់ផ្ដើម​ងងុយគេង​ហើយៗ​អាច​គេង​លក់​ស្រួល​ទៀតផង​។ ក្រៅពីនេះ​អ្នក​ក៏​អាចធ្វើ​នូវ​សកម្មភាព​ផ្សេងៗ​ដែល​នាំឱ្យមាន​អារម្មណ៍​ធូ​ស្រាល​មុនពេល​ចូល​គេង​ផងដែរ ដូចជា​អង្គុយ​សមាធិ ហ្វឹកហាត់​យោ​ហ្កា (Yoga) ស្ដាប់ភ្លេង​ពិ​រោះ​ស្រទន់ ដកដង្ហើម​ឱ្យបាន​វែងៗ ពិសេស​ការរួម​ភេទ​ក៏​អាចជួយ​ឱ្យ​ឆាប់​គេង​លក់​ផងដែរ​។​

​    ​៨. កុំ​បង្ខំ​គេង បើ​មិនទាន់​ងងុយ
​    ​ប្រសិនបើ​អ្នក​សំងំ​គេង​រយៈពេល​២០​នាទី​ហើយ​ប៉ុន្ដែ នៅតែ​គេង​មិន​លក់​នោះ​អ្នក​គួរតែ​ក្រោក​ចេញពី​គ្រែ​ទៅ​អង្គុយ​អាន​សៀវភៅ ឬ​ស្ដាប់​ចម្រៀង​កំដរ​អារម្មណ៍​ទម្រាំ​ងងុយគេង​។ ប៉ុន្ដែ​ក្នុងអំឡុង​ពេលនេះ អ្នក​មិនត្រូវ​ក្រឡេក​មើលទៅ​នាឡិកា​នោះទេ ព្រោះ​វា​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​រសាប់រសល់ ខ្វាយខ្វល់​ចំពោះ​ពេលវេលា​ដែល​អ្នក​អូសបន្លាយ ជាហេតុ​ធ្វើឱ្យ​កាន់តែ​មានការ​ពិបាក​គេង​លក់​។​

​    ​៩. ភ្ញាក់ឡើង​ដោយ​អារម្មណ៍​រីករាយ​
​    ​គួរ​ភ្ញាក់ឡើង​ជាមួយនឹង​សំឡេង​ដែល​ពិ​រោះ គួរឱ្យ​ចាប់ចិត្ត ជំនួស​ឱ្យ​សំឡេង​នាឡិការោទិ៍​ដែល​គួរឱ្យ​ធុញទ្រាន់​។ បន្ទាប់​ពីនេះ​អ្នក​គួរ​ដើរទៅ​ដើរមក​ប្រហែល​៣០​នាទី ដើម្បីឱ្យ​រាងកាយ​មាន​ភាពស្វាហាប់​។ ប៉ុន្ដែ​នៅពេល​ភ្ញាក់ឡើង​ភ្លាមៗ​អ្នក​ពុំ​ត្រូវ​ហាត់ប្រាណ​ខ្លាំងពេក​ទេ ព្រោះ​ស៊ី​តុ​ណ្ហ​ភាព​រាងកាយ​នៅមានកម្រិត​ទាប​ហើយ​កាយ​ពុំទាន់​ត្រៀមលក្ខណៈ​សម្រប​ខ្លួន​បាន​ភ្លាមៗ​នៅឡើយ ដែលជា​ហេតុ​ធ្វើឱ្យ​ទទួលរង​នៅ​ការឈឺ​ចាប់បាន​យ៉ាង​ងាយ​។ ម្យ៉ាងទៀត​អ្នក​ត្រូវ​កម្ដៅ​សាច់ដុំ​ប្រហែល​៥-១០​នាទី​សិន​មុននឹង​ហាត់ប្រាណ​។​

​    ​១០. ព្យាបាល​អាកា​រៈគេង​មិន​លក់​
​    ​ចំពោះ​អ្នក​ដែលមាន​ជំងឺ​គេង​មិន​លក់​ច្រើន​តែមាន​អាកា​រៈគេង​មិន​ងាយ​លក់ ឧស្សាហ៍​ភ្ញាក់​ពេល​ពាក់​កណ្ដាលយប់​ឬ​គេង​តិច ប៉ុន្ដែ​ឆាប់​ភ្ញាក់​។ ក្រៅពីនេះ​ប្រសិនបើ​អ្នក​គេង​បាន​ពេញលេញ ជា​រៀងរាល់​យប់​ហើយ​ប៉ុន្ដែ​នៅតែមាន​អារម្មណ៍​ស្ពឹក​ស្រពន់​នៅពេល​ព្រឹក​នេះ អ្នក​គួរតែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ព្រោះថា​អាចមាន​បញ្ហា​ទាកទង​ទៅនឹង​ការដកដង្ហើម​ឬ​អា​ការៈខុស​ប្រក្រតី​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​ការ​គេង​លក់​របស់​អ្នក​។​

​    ​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់ ជួយ​ធ្វើឱ្យ​ការធ្វើការងារ​របស់​អ្នកមាន​ភាពប្រសើរ​ជាង​មុន ធ្វើឱ្យ​អ្នកមាន​ភាពឈ្លាសវៃ ស្វាហាប់​និង​សុខភាព​ល្អ​។ ដូច្នេះ​អ្នក​ត្រូវ​គេង​ឱ្យបាន​គ្រប់គ្រាន់ នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា​ខ្លួនឯង​ប្រៀបបាន​ដូចជា​មនុស្ស​ថ្មី​ម្នាក់​ផ្សេងទៀត​អញ្ចឹង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់