10

អ្នកនយោបាយ​បក្សប្រឆាំង​អាល្លឺម៉ង់​៖ ប៉ូលិស​គួរតែ​បាញ់សម្លាប់​ពួក​ជនភៀសខ្លួន​

​    ​មេដឹកនាំ​គណបក្ស​បែប​ប្រជា​និយម​ប្រកាន់​ស្តាំនិយម​មួយ​របស់​អាល្លឺម៉ង់​បាន​និយាយថា ប៉ូលិស​អាល្លឺម៉ង់ "​ប្រសិនបើ​ចាំបាច់​" គួរតែ​បាញ់សម្លាប់​ពួក​ជនភៀសខ្លួន​ដែល​ស្វះស្វែង​ចូលក្នុង​ប្រទេស​ខ្លួន​ដោយ​ខុសច្បាប់​។​

​    ​លោកស្រី ហ្វ្រូ​ក ភេ​ទ្រី (Frauke Petry) ប្រធាន​គណបក្ស Alternativ fuer Deutschland (AfD) ដែលមាន​និន្នាការ​ប្រឆាំង​អឺរ៉ុប បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា "​ខ្ញុំ​ក៏​មិន​ចង់បាន​បែបនេះ​ដូចគ្នា​។ ប៉ុន្តែ​ការប្រើ​កងកម្លាំងប្រដាប់អាវុធ​នៅ​ទីនោះ​គឺ​សម្រាប់​ជា​ជម្រើស​ចុងក្រោយ​ប៉ុណ្ណោះ​"​។ 

​    ​លោកស្រី​ភេ​ទ្រី​បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​របស់​គ​ណ​បក្ស​លោកស្រី​ថា វិធានការ​តឹងរ៉ឹង​ដែល​អនុម័ត​កាលពី​សប្តាហ៍​មុន​គួរតែ​អាច​កាត់បន្ថយ​នូវ​ការហូរចូល​នៃ​ជនភៀសខ្លួន​បាន ប៉ុន្តែ​សេចក្តីសម្រេច​របស់​អឺរ៉ុប​ចាំបាច់​នៅតែ​ត្រូវការ​ឱ្យមាន​ដដែល​។​    ​

​    ​លោកស្រី​បាន​ប្រាប់​កាសែត Mannheimer Morgen ថា ប៉ូលិស​ត្រូវតែ​បញ្ឈប់​ការ​ឆ្លងដែន​ខុសច្បាប់​ពី​អូទ្រីស ហើយ "​ប្រសិនបើ​ចាំបាច់​" ត្រូវ​ប្រើ​អាវុធ​តែម្តង​។ លោកស្រី​បន្ថែមថា "​នេះ​គឺជា​អ្វីដែល​ច្បាប់​បានចែង​"​។ 

​    ​តែ​ទោះយ៉ាងណា ការ​ថ្លែង​របស់​លោកស្រី​ត្រូវបាន​ស្វាគមន៍​វិញ​ដោយ​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សំណាក់​បណ្តា​គណបក្ស​ឆ្វេងនិយម និង​សហភាព​ប៉ូលិស​អាល្លឺម៉ង់​។ 

​    ​គួរ​បញ្ជាក់ថា ជនភៀសខ្លួន​ជាង ១,១ លាន​នាក់​បានមក​ដល់​អាល្លឺម៉ង់​កាលពី​ឆ្នាំមុន​។ 

​    ​កាលពី​ថ្ងៃ​សៅរ៍​ផងដែរ អធិការបតី​អាល្លឺម៉ង់ លោកស្រី អ៊ែន​ជែ​ឡា មឺ​គែរ (Angela Merkel) បាន​និយាយថា ជនភៀសខ្លួន​ភាគច្រើន​បំផុត​ដែល​មកពី​ស៊ី​រី​និង​អ៊ីរ៉ាក់​អាច​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ នៅពេលណា​ដែល​សង្គ្រាម​បានបញ្ចប់​៕ 

ប្រភព៖ ប៊ីប៊ីស៊ី

អ្នកនឹងចូលចិត្ត

មតិយោបល់