adverise with khmeread City

ទីក្រុង​ស្រួល​រស់នៅ​បំផុត​ទាំង ១០ ប្រចាំឆ្នាំ ២០១៥

​ឱកាស​ការងារ​អស្ចារ្យ តំហែទាំ​សុខភាព​មាន​ប្រសិទ្ធភាព សេវាសាធារណៈ​ដែល​រៀបចំ​បាន​យ៉ាង​ល្អ បរិស្ថាន​ល្អ និង​ប្រព័ន្ធ​អប់រំ​លំដាប់​អន្តរជាតិ​គឺ​សុទ្ធសឹង​ជា​លក្ខណៈសម្បត្តិ​ដែល​ធ្វើ​ឲ្យ​រាល់​ទីក្រុង​ទាំងឡាយ​ក្លាយជា​កន្លែង​ដែល​ងាយស្រួល​រស់នៅ​បំផុត​។ តែ​គួរ​ឲ្យ​សោកស្តាយ មិនមែន​ទីក្រុង​ទាំងអស់​លើ​ពិភពលោក​សុទ្ធតែ​ងាយស្រួល​រស់នៅ​ទេ​។ អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (Economist Intelligence Unit) ទើបតែ​បានប្រកាស​ជ័យលាភី​ទីក្រុង​ស្រួល​រស់នៅ​បំផុត​ប្រចាំឆ្នាំ ២០១៥ កាលពី​ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥​។ យោងតាម​ចំណាត់ថ្នាក់ 2015 Global Liveability Ranking ទីក្រុង​ដែលជា​ប់​ចំណាត់ថ្នាក់​កំពូល​ទាំង ១០ នេះ​គឺ​ត្រូវបាន​ជ្រើសរើស​ផ្អែកលើ​កត្តា​ជាង ៣០ ឯណោះ ក្នុងនោះ​រួមមាន ហេ​រដ្ឋា​រចនាសម្ព័ន្ធ ស្ថេរភាព តំហែទាំ​សុខភាព ការអប់រំ និង​បរិស្ថាន​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា​គ្មាន​ទីក្រុង​អាមេរិក​មួយណា​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​ឡើយ​។ អូស្ត្រាលី និង​កាណាដា​គឺជា​ប្រទេស​ដែលមាន​ទីក្រុង​ភាគច្រើន​ជាប់​លំដាប់​កំពូល​ទាំង ១០​។ 

១- ទីក្រុង Melbourne របស់​អូស្ត្រាលី​
​គិត​ត្រឹម​ឆ្នាំ ២០១៥ ទីក្រុង Melbourne បាន​ជាប់​ចំណាត់ថ្នាក់​លេខ ១ ជាទី​ក្រុង​ស្រួល​រស់នៅ​បំផុត​ចំនួន ៥ ឆ្នាំ​ជាប់​គ្នា​ហើយ​។ ទីក្រុង​នេះ​មាន​អត្រា​បទល្មើស​ទាប​បំផុត មាន​ហេដ្ឋារចនាសម្ព័ន្ធ​អស្ចារ្យ និង​មាន​ស្ថានភាព​ងាយស្រួល​រស់នៅ​បំផុត​។ លើសពីនេះ​ទៀត ទីក្រុង​នេះ​មាន​សហគមន៍​វប្បធម៌​ចម្រុះ​ដ៏​សុ​ខុ​ដុមរ​មនា​បំផុត​ក្នុង​ពិភពលោក​ផងដែរ​។ មនុស្ស​លើ​ពិភពលោក​ហៅ​ទីក្រុង​នេះ​ជា​ផ្ទះ​របស់ខ្លួន​។ គ្រាន់តែ​ទីក្រុង​នេះ​មួយ​មាន​សាកលវិទ្យាល័យ​លំដាប់​អន្តរជាតិ​ដល់​ទៅ ១០ រួចទៅហើយ​។ Melbourne គឺជា​ទីក្រុង​សិល្បៈ​អន្តរជាតិ​ផងដែរ ដោយមាន​វិចិត្រសាល និង​សារៈមន្ទីរ​អស្ចារ្យៗ​រាប់មិនអស់​។ ទីក្រុង​នេះ​ផ្តល់ជូន​នូវ​សេវា​ថែទាំ​សុខភាព​លំដាប់​ពិភពលោក ដោយ​ផ្តល់ជូន​ការព្យាបាល​ឥតគិតថ្លៃ​ដល់​ប្រជាជន​ក្នុងស្រុក និង​អ្នក​កាន់​ទិដ្ឋាការ​អចិន្ត្រៃយ៍​។ 

២- ទីក្រុង Vienna របស់​អូទ្រីស
​នៅពេល​និយាយ​ដល់​ការចាត់​ចំណាត់ថ្នាក់​លំដាប់​កំពូល ទីក្រុង Vienna កម្រ​ខកខាន​ក្នុង​ការជាប់​ក្នុង​បញ្ជី​លំដាប់​កំពូល​ពិភពលោក​ណាស់​។ ទីក្រុង Vienna ល្បី​ខាង​អត្រា​បទល្មើស​ទាប ប្រព័ន្ធ​នយោបាយ​មាន​ស្ថេរភាព សេដ្ឋកិច្ច​អភិវឌ្ឍន៍​បានល្អ ហេ​រដ្ឋា​រចនាសម្ព័ន្ធ​អស្ចារ្យ ប្រវត្តិសាស្ត្រ​សម្បូរបែប វប្បធម៌​ចម្រុះ និង​អាកាសធាតុ​ស្រួល​រស់នៅ​។ ទីក្រុង​នេះ​ផ្តល់នូវ​ប្រព័ន្ធ​អប់រំ​មាន​ប្រសិទ្ធភាព​ខ្ពស់​តម្លៃ​សមរម្យ ព្រមទាំង​តំហែទាំ​សុខភាព​លំដាប់ថ្នាក់​ពិភពលោក​។ 

៣- ទីក្រុង Vancouver របស់​កាណាដា​
​ទីក្រុង​បៃតង Vancouver គឺជា​ទីក្រុង​ក្នុង​ក្តី​សុបិន​របស់​មនុស្ស​គ្រប់គ្នា ដែល​ឲ្យ​តម្លៃ​លើ​គុណភាព​ជីវិត​ដ៏​ខ្ពង់ខ្ពស់​។ មាន​ទីតាំង​ស្ថិតនៅ​ឆ្នេរ​ខាងលិច​កាណាដា Vancouver គឺជា​ទីក្រុង​មាន​អនាម័យ​ស្អាត​មួយ ដែល​សម្បូរ​ទៅដោយ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់បំព្រង​។ ទីក្រុង​នេះ​មាន​អត្រា​បទល្មើស​ទាប គ្មាន​អំពើពុករលួយ មាន​សេដ្ឋកិច្ច​ខ្លាំងក្លា មាន​ប្រព័ន្ធ​អប់រំ​គុណភាព​ខ្ពស់ និង​តំហែទាំ​សុខភាព​ល្អ​។ អ្វីដែល​ពិសេស​គឺថា​ទីក្រុង​នេះ​ផ្តល់ជូន​នូវ​ឱកាស​ការងារ​អស្ចារ្យ​ជាច្រើន ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​ក្លាយជា​កន្លែង​ងាយស្រួល​រស់នៅ និង​ស្រួល​រក​ការងារ​ធ្វើ​។ 

៤- ទីក្រុង Toronto របស់​កាណាដា
​នេះ​គឺជា​ទីក្រុង​កាណាដា​មួយទៀត​ដែល​ផ្តល់ជូន​នូវ​តុល្យភាព​ជីវិត​ការងារ​ដ៏​អស្ចារ្យ សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា បរិស្ថាន​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង សេវា​ថែទាំ​សុខភាព​ឥតគិតថ្លៃ និង​ជីវិត​វប្បធម៌​ដ៏​សម្បូរបែប​។ ទីក្រុង​នេះ​មាន​សុ​វ​ភាព​បំផុត ដោយ​អត្រា​បទល្មើស​សឹងតែ​ពុំមាន​តែម្តង ហើយ​មាន​សេវា​ដឹកជញ្ជូន​សាធារណៈ​អភិវឌ្ឍ​រីកចម្រើន​យ៉ាងខ្លាំង​។ 

៥- ទីក្រុង Calgary របស់​កាណាដា
​ទីក្រុង​ដែលមាន​អនាម័យ​ស្អាត សម្រស់​ស្រស់បំព្រង និង​មាន​សុវត្ថិភាព​ខ្ពស់​មួយ​នេះ​គឺជា​ទីក្រុង​កាណាដា​មួយទៀត​ដែលជា​ប់​ក្នុង​បញ្ជី​ទីក្រុង​ងាយស្រួល​រស់នៅ​បំផុត​របស់​ពិភពលោក​។ ថ្លៃ​រស់នៅក្នុង​ទីក្រុង​នេះ​គឺ​ពិតជា​ទាប​បំផុត រីឯ​ប្រាក់បៀវត្សរ៍​វិញ​ក៏​រឹតតែ​ខ្ពស់​ថែមទៀត​។ ទីក្រុង​នេះ​ពុំបាន​យកពន្ធ​លើ​ការលក់ទំនិញ​ទេ ហើយ​ពន្ធ​ផ្សេងទៀត​គឺ​សុទ្ធតែ​ទាប​ទាំងអស់ ហេតុនេះហើយ​បានជា​អត្រា​អ្នកកាន់កាប់​សិទ្ធិ​ផ្ទះសម្បែង​មាន​កម្រិត​ខ្ពស់​។ ទីក្រុង Calgary ផ្តល់នូវ​ប្រព័ន្ធ​អប់រំ និង​សេវា​ថែទាំ​សុខភាព​លំដាប់​អន្តរជាតិ ព្រមទាំង​ប្រព័ន្ធ​ដឹកជញ្ជូន​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ទៀតផង​។ 

៥- ទីក្រុង Adelaide របស់​អូស្ត្រាលី
​ទីក្រុង Adelaide ដណ្តើមបាន​លេខ ៥ ស្ទួន​ក្នុង​បញ្ជី​ទីក្រុង​ស្រួល​រស់នៅ​បំផុត​ប្រចាំឆ្នាំ ២០១៥​។ ទីក្រុង​នេះ​មាន​ឆ្នេរសមុទ្រ​ស្រស់ស្អាត មាន​អនាម័យ​ស្អាត មាន​សន្តិភាព និង​មាន​សេដ្ឋកិច្ច​ខ្លាំងក្លា​គួបផ្សំ​នឹង​ថ្លៃ​រស់នៅ​ទាប សេវា​ថែទាំ​សុខភាព​ធូរ​ថ្លៃ និង​ប្រព័ន្ធ​អប់រំ​ស្តង់ដារ​អន្តរជាតិ​។ 

៧- ទីក្រុង Sydney របស់​អូស្ត្រាលី
​ទីក្រុង Sydney គឺជា​ទីក្រុង​ល្អ​បំផុត​មួយ​ដែល​ល្បី​ខាង​គុណភាព​ជីវិត​ល្អប្រសើរ និង​ជាទី​ក្រុង​ងាយស្រួល​រស់នៅ​បំផុត​មួយ​លើ​ពិភពលោក​។ ដូច​ទីក្រុង Vienna ដែរ ទីក្រុង Sydney សឹងតែ​ជាប់​គ្រប់ការ​ចាត់ថ្នាក់​ទីក្រុង​ដែល​ល្អ​បំផុត​របស់​ពិភពលោក​។ ទីក្រុង Sydney គឺជា​គោលដៅ​ធ្វើ​ជំនួញ​ដ៏​កំពូល​មួយ ដែល​ផ្តល់ជូន​ឱកាស​ការងារ​រាប់មិនអស់ តំហែទាំ​សុខភាព​លំដាប់ថ្នាក់​ពិភពលោក មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថែទាំ​សុខភាព​កុមារ និង​ប្រព័ន្ធ​អប់រំ​គុណភាព​ខ្ពស់​។

 

៨- ទីក្រុង Perth របស់​អូស្ត្រាលី
​ទៀតហើយ​អូស្ត្រាលី​។ បញ្ជី​ចំណាត់ថ្នាក់​ទីក្រុង​ងាយស្រួល​រស់នៅ​បំផុត​ប្រចាំឆ្នាំ ២០១៥ នេះ​ស​បញ្ជាក់ថា អូស្ត្រាលី​គឺជា​កន្លែង​ល្អឥតខ្ចោះ​ក្នុងការ​រស់នៅ និង​ធ្វើការ​។ ក្នុងនាម​ជាទី​ក្រុង​ដាច់​ស​ង្វែ​គ​ជាងគេ​បំផុត​របស់​ពិភពលោក Perth ផ្តល់នូវ​ប្រព័ន្ធ​អប់រំ​និង​តំហែទាំ​សុខភាព​លំដាប់​ពិភពលោក ហេដ្ឋារចនាសម្ព័ន្ធ​អស្ចារ្យ អត្រា​ការងារ​ខ្ពស់ និង​ប្រាក់បៀវត្សរ៍​ខ្ពស់​។ ក្រៅពីនេះ​ទីក្រុង​នេះ​នៅមាន​ឆ្នេរសមុទ្រ​ស្អាតៗ​ច្រើន​កន្លែង និង​មាន​សកម្មភាព​កម្សាន្ត​ខាងក្រៅ​ជាច្រើន​។ 

៩- ទីក្រុង Auckland របស់​នូ​វែ​សេ​ឡង់
​នូ​វែ​សេ​ឡង់​ក៏មាន​ទីក្រុង​ងាយស្រួល​រស់នៅ​បំផុត​មួយ​របស់​ពិភពលោក​ដែរ​។ ទីក្រុង Auckland មាន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា បែបផែន​ជីវិត​គុណភាព​ខ្ពស់ ឱកាស​ធ្វើ​អាជីវកម្ម​រាប់មិនអស់ ប្រព័ន្ធ​អប់រំ​គុណភាព​ខ្ពស់​មានតម្លៃ​សមរម្យ សេវា​ថែទាំ​សុខភាព​ឥតគិតថ្លៃ និង​បរិស្ថាន​ដ៏​ស្រស់បំព្រង​។ ទីក្រុង​នេះ​មាន​សុវត្ថិភាព​បំផុត និង​គ្មាន​អំពើពុករលួយ​ទេ​។ 

១០- ទីក្រុង Helsinki របស់​ហ្វាំ​ង​ឡង់
​ចុងក្រោយ​គឺ​ទីក្រុង​របស់​ហ្វាំ​ង​ឡង់​! ក្រៅពី​ទីក្រុង​របស់​កាណាដា និង​អូស្ត្រាលី Helsinki គឺជា​ទីក្រុង​មិនគួរ​ឲ្យ​ជឿ​មួយទៀត​សម្រាប់​ការរស់នៅ​ដ៏​រីករាយ​។ ជាមួយនឹង​ស្តង់ដារ​រស់នៅ​ខ្ពស់ ប្រជាជន​រួសរាយ ប្រព័ន្ធ​អប់រំ​ល្អ​បំផុត​មួយ​របស់​ពិភពលោក ប្រព័ន្ធ​ថែទាំ​សុខភាព​គុណភាព​ខ្ពស់ និង​ច្បាប់បរិស្ថាន​តឹងរ៉ឹង​របស់ខ្លួន ទីក្រុង Helsinki សក្តិសម​នឹង​ជាប់​ក្នុង​បញ្ជី​ទីក្រុង​ងាយស្រួល​រស់នៅ​បំផុត​របស់​ពិភពលោក​ណាស់​។ ស្ថិតិ​បាន​បង្ហាញថា ប្រជាជន​រស់នៅ​ទីក្រុង​នេះ​មាន​អាយុ​វែង​ជាងគេ​បំផុត​។ 

១០- ទីក្រុង Zurich របស់​ស្វ៊ី​ស
​ទីក្រុង​នេះ​បាន​ជាប់​លេខ ១០​ស្ទួន​ជាមួយនឹង​ទីក្រុង Helsinki ដែរ​។ ហើយ​ក្នុងនាម​ជាទី​ក្រុង​ធំ​បំផុត និង​ពេញនិយម​បំផុត​ក្នុងប្រទេស​ស្វ៊ី​ស Zurich គឺជា​កន្លែង​ដែលមាន​សុវត្ថិភាព និង​ស្រស់ស្អាត​មួយ​ក្នុង​ការរស់នៅ និង​ធ្វើការ​។ អត្រា​បទល្មើស​នៅទីនេះ​មាន​ទាប​បំផុត​។ អាហារ តំហែទាំ​សុខភាព និង​ការអប់រំ​គឺ​សុទ្ធ​តែមាន​គុណភាព​ខ្ពស់​។ ក្រៅពី​សេដ្ឋកិច្ច ទីក្រុង​នេះ​នៅមាន​កន្លែង​ជាច្រើន​សម្រាប់​ការកម្សាន្ត​។ ទោះបី Zurich មិនអាច​ប្រៀបធៀប​នឹង​ទីក្រុង London និង Milan ក៏​វា​នៅតែ​ជាទី​ក្រុង​សម្រាប់​ដើរ​ទិញ​ឥ​វ៉ាន់​ដ៏​ពេញនិយម​មួយ​ក្នុង​ពិភពលោក​ផងដែរ​៕ 

​ប្រភព​៖ វ៉ូ​មែន​ណាយ​លី​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់