3

Liverpool អាចមាន​កាល​វិភា​គប្រ​កួត​មមាញឹក​ខ្លាំង​ក្នុងអំឡុងពេល ២៩ ថ្ងៃ​ខាងមុខនេះ​

​ក្រុម​របស់លោក Jurgen Klopp កំពុង​ប្រឈមមុខ​នឹង​កម្មវិធី​ប្រកួត​ដ៏​មមាញឹក​បន្ទាប់ពី​ហង្ស​ក្រហម Liverpool ធ្វើបាន​ត្រឹម​លទ្ធផល​ស្មើ​ជាមួយ​ក្រុម West Ham កាលពី​ម្សិលមិញ ដែល​ត្រូវ​បង្ខំ​ឲ្យ​ពួកគេ​លេង​ជើង​ទី​ពីរ​ក្នុង​ការប្រកួត FA Cup ជុំ​ទី​បួន​។​

​ទើបតែ​បញ្ចប់​កាលវិភាគ​ការប្រកួត​បាល់ទាត់​ប្រាំបួន​ប្រកួត​ក្នុង​ខែមករា​នេះ ឥឡូវ Liverpool នឹង​ប្រឈមមុខ​នឹង​ការប្រកួត​ចំនួន​ប្រាំបី​ផ្សេងទៀត​ក្នុង​ខែកុម្ភៈ​ខាងមុខនេះ ប្រសិនបើ​ពួកគេ​ឈ្នះ​ការប្រកួត​ជើង​ទី​ពីរ​ជាមួយ​ក្រុម West Ham នៅ​ទឹកដី Upton Park​។​

​នេះ​មានន័យថា ក្រុម Liverpool នឹង​លេង​ពាក់កណ្តាល​សប្តាហ៍​ចាប់ពី​ឥឡូវ​ទៅ និង​ការប្រកួត​ជាមួយ​ក្រុម Manchester City នៅ​ថ្ងៃទី ២ ខែមីនា​។​

​ហង្ស​ក្រហម​នឹង​វិល​ត្រឡប់មក​សមរភូមិ​វិញ​នៅ​ថ្ងៃ​អង្គារ​នេះ​នៅពេលដែល​ពួកគេ​នឹង​ទទួល​ស្វាគមន៍​ក្រុម​កំពូល​តារាង Leicester ហើយ​ការប្រកួត​នេះ​នឹង​ក្លាយជា​ប្រកួត​ដំបូង​នៃ​ការប្រកួត​ចំនួន​៩​ប្រកួត​ក្នុង​ចន្លោះ ២៩ ថ្ងៃ ដែល​រួមទាំង​ការប្រកួត​ជាមួយ Manchester City​។​

​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​អឺរ៉ុប​ក៏​នឹង​វិលត្រឡប់​មកវិញ​ក្នុង​ខែកុម្ភៈ​នេះដែរ និង​ការប្រកួត​ដ៏​ធូរ​ជាងគេ​មួយ​សម្រាប់ Liverpool គឺ​ពួកគេ​នឹងធ្វើ​ដំណើរ​ក្នុង​រយៈ​ចម្ងាយ​ជិត​ប៉ុណ្ណោះ​ទៅ​ប្រទេស​អាល្លឺម៉ង់​សម្រាប់​ការប្រកួត Europa League ជាមួយ​ក្រុម Augsburg ជាជាង​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ទៅលេង​ជាមួយ​ក្រុម​នៅ​អឺរ៉ុប​ខាងកើត​។​

​ប្រសិនបើ​ហង្ស​ក្រហម​យកឈ្នះ​នៅ​ទឹកដី Upton Park មែន​នោះ ការប្រកួត FA Cup ជុំ​ទី​ប្រាំ​របស់​ពួកគេ​នឹង​នៅ​ស្ថិត​ចំ​កណ្តាល​ការប្រកួត Europa League ទាំងពីរ​ជើង​។​

​វា​ប្រហែលជា​ខែ​ដែល​មមាញឹក​សម្រាប់ Liverpool ទៀតហើយ ប៉ុន្តែ​វា​ក៏​មិនអាក្រក់​ណាស់​ពេក​ដែរ ព្រោះ​ក្រុម​របស់​គ្រូបង្វឹក​លោក Klopp អាច​បញ្ចប់​ខែកុម្ភៈ​ជាមួយនឹង​ពានរង្វាន់ Capital One Cup ប្រសិនបើ​ពួកគេ​បំបាក់​ក្រុម​អ្នកមាន Manchester City នៅ​កីឡដ្ឋាន​ជាតិ Wembley ក្នុង​ថ្ងៃទី ២៨ ខែក្រោយ​៕​

ប្រភព៖ ដេលីមែល

មតិយោបល់