ក្រុមចោរប្លន់សម្លាប់ កក្រើកក្រុងភ្នំពេញ ស្រក់ទឹកភ្នែករហាម ពេលឮសាលក្រមប្រកាសថា ក្រុមខ្លួនជាប់គុកពី ៥៦ ទៅ ជាង ៧០ ឆ្នាំ!

    ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ខែមេសា​ឆ្នាំ​២០១៧ តុលាការក្រុង​ភ្នំពេញ​បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនសង្ស័យ​៦​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ប្លន់​ប្រដាប់អាវុធ​ដ៏​កក្រើក​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី​៥៦​ឆ្នាំ​ដល់​៧៣​ឆ្នាំ​។​

​    ​ជនជាប់ចោទ​ឈ្មោះ ប៉ែន ចំណាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ហ៊ឹម សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ឈ្មោះ អេង អា​រី​ហ្វី​ន ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជាប់ចោទ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា​និង​មរណភាព​នៃ​ជនរងគ្រោះ​និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត ចំណែក​ជនជាប់ចោទ​ឈ្មោះ ហ្សេ​ត ម៉ាន់​រ៉ូ​ហ្សេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជាប់ចោទ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា​និង​មរណភាព​នៃ​ជនរងគ្រោះ បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​និង​បទ​មិន​រាងចាល​ក្នុង​បទ​ម​ជ្ឈឹ​ម បន្ទាប់ពី​ត្រូវ​ផ្តន្ទាទោស​ក្នុង​ប​ទម​ជ្ឈឹ​ម​។ 

​    ​បុរស​ទាំង​បួន​គឺជា​ខ្មែរឥស្លាម ចំណែក​ស្ត្រី​ខ្មែរ​ពីរ​នាក់​ឈ្មោះ ពេជ្រ សូ​ណែ​ត អាយុ ២១​ឆ្នាំ និង ញ៉ែម កន្និដ្ឋា អាយុ​២១​ឆ្នាំ​ជាប់ចោទ​ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា​និង​មរណភាព​នៃ​ជនរងគ្រោះ​និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​។​

​    ​ក្រុម​ជនជាប់ចោទ​ទាំងនេះ​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្រោយពី​ធ្វើ​សកម្មភាព​ប្លន់​សម្លាប់​យក​ម៉ូតូ​ជនរងគ្រោះ​ឈ្មោះ ឌិន ប៊ុន​ណា​រិ​ទ្ធ អាយុ​២១​ឆ្នាំ ខណៈពេល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៥ នៅ​ផ្លូវ​៥៩៨​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​កាលពី​កាលពី​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៥​។ សូមបញ្ជាក់ថា អំឡុងពេល​ប្រតិបត្តិ​ការបង្ក្រាប​កាលពី​ឆ្នាំ​២០១៥​នោះ ក្រុម​ជន​ស​ង្ស័​បាន​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ដែល​បណ្តាលឱ្យ​ជនសង្ស័យ​ពីរ​នាក់​ឈ្មោះ ម៉ី និង លីម ត្រូវ​បាញ់​ស្លាប់​នៅក្នុង​កន្លែង​ផងដែរ​។​

​    ​នៅក្នុង​សំណុំ​រឿងនេះ ប្រធាន​ក្រុមប្រឹក្សា ហេង កេស​រោ បាន​ផ្តន្ទាទោស​បុរស​ទាំង​បួន​នាក់​នេះ​ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​២៥​ឆ្នាំ ចំណែក​ស្ត្រី​ពីរ​នាក់​ត្រូវ​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​។​

​    ​ក្នុង​សំណុំរឿង​មួយទៀត លោក​ចៅក្រម ហេង កេស​រោ សម្រេច​ផ្តន្ទាទោស​ឈ្មោះ ហ្សេ​ត ម៉ាន់​រ៉ូ​ហ្សេ​ត ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៥​ឆ្នាំ ចំណែក​បក្សពួក ប៉ែន ចំណាប់ ហ៊ឹម សុ​ភ័​ក្រ និង អេង អា​រី​ហ្វី​ន ត្រូវ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២០​ឆ្នាំ ហើយ​ស្ត្រី​ពីរ​នាក់​ទៀត​ត្រូវ​ជាប់ពន្ធនាគារ​រយៈ​១៨​ឆ្នាំ​ក្នុង​ម្នាក់ៗ ចំពោះ​ករណី​ប្លន់​ប្រដាប់អាវុធ​នៅ​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​កាលពី​ថ្ងៃ​ទី​៨​ខែធ្នូ​ឆ្នាំ​២០១៥​។​

​    ​សម្រាប់​ករណី​ប្លន់​នៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០១៥ តុលាការ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ ហ្សេ​ត ម៉ាន់​រ៉ូ​ហ្សេ​ត ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៣​ឆ្នាំ​ថែមទៀត ចំណែក​បក្សពួក ប៉ែន ចំណាប់ ហ៊ឹម សុ​ភ័​ក្រ​និង​អេង អា​រី​ហ្វី​ន ត្រូវ​ផ្តន្ទាទោស​២០​ឆ្នាំ​ក្នុង​ម្នាក់ៗ​ថែមទៀត ហើយ​ស្ត្រី​ជា​គូកន​ពីរ​នាក់​ទៀត​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ឆ្នាំ​។​

​    ​ប្រធាន​ក្រុមប្រឹក្សា ហេង កេស​រោ បាន​បញ្ជាក់ថា ក្រុម​ជនជាប់ចោទ​ទាំងនេះ​នឹងត្រូវ​បង្ហាញមុខ​នៅក្នុង​សវនាការ​លើ​សំណុំរឿង​ច្រើន​ទៀត ហើយ​តុលាការ​នឹង​បន្ត​សវនាការ​លើ​សំណុំរឿង​បន្ទាប់​នៅ​ថ្ងៃទី​០៤​ខែឧសភា​ឆ្នាំ​២០១៧​។​

​    ​សរុបមក ហ្សេ​ត ម៉ាន់​រ៉ូ​ហ្សេ​ត ត្រូវ​ជាប់គុក ៧៣ ឆ្នាំ ចំណែក​បីនាក់​ទៀត​គឺ ប៉ែន ចំណាប់ ហ៊ឹម សុ​ភ័​ក្រ និង អេង អា​រី​ហ្វី​ន ត្រូវ​ជាប់គុក​ម្នាក់ៗ ៦៥ ឆ្នាំ និង​ស្ត្រី​ពីរ​នាក់​ទៀត ត្រូវ​ជាប់គុក ម្នាក់ៗ ៥៦ ឆ្នាំ​៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab