adverise with khmeread Kovalev belts

អ្នក​ប្រដាល់​រុស្ស៊ី Kovalev ផ្តួល Pascal របស់​កាណាដា​ការពារ​ខ្សែក្រវាត់​បី​ស្ថាប័ន​បានសម្រេច​

​    ​ជើងឯក​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់ Light Heavyweight (៧៥ ទៅ ៨១ គីឡូក្រាម​) កីឡាករ សឺ​ហ្គេ គ្រូ​សឺ កូ​វ៉ា​ឡេវ (Sergey "Krusher" Kovalev) បាន​ការពារ​ខ្សែក្រវ៉ាត់​បី​ស្ថាប័ន​របស់ខ្លួន​បានសម្រេច តាមរយៈ​ការ​ផ្តួល​គូប្រជែង​របស់ខ្លួន​គឺ​កីឡាករ​ស្បែក​ខ្មៅ​សញ្ជាតិ​កាណាដា ហ្ស​ង់ ប៉ា​ស្កាល់ (Jean Pascal) ក្នុងការ​ប្រកួត​សងសឹក​កាលពី​ថ្ងៃ​សៅរ៍ (៣០ ខែមករា​)​។ 

​    ​កីឡាករ​រុស្ស៊ី​អាយុ ៣២ ឆ្នាំ​រូបនេះ​មានប្រៀប​គ្រប់ទឹក​ទាំងអស់ ដោយបាន​វាយ​សម្រុក​មិនឱ្យ​គូប្រកួត​តដៃ​បានឡើយ​តាមរយៈ​ការ​ស៊ក​កណ្តាប់ដៃ​ឆ្វេង​តាមចិត្ត​ចង់ មុនពេល​គ្រូបង្វឹក​របស់​ប៉ា​ស្កាល់​លោក ហ្វ្រេ​ដ​ឌី រ៉ូ​ច (Freddie Roach) សុំ​បោះបង់​ការប្រកួត​នៅមុន​ទឹក​ទី ៨ ចូលមក​ដល់ ជាហេតុ​ធ្វើឱ្យ​កូ​វ៉ា​ឡេវ​ឈ្នះ​នៅ​ទឹក​ទី​៧​ដោយ​ស្វ័យប្រវត្តិ​។ 

​    ​នេះ​គឺជា​ការប្រកួត​លើកទីមួយ​របស់​អ្នក​ប្រដាល់​កាណាដា​ជាមួយ​គ្រូបង្វឹក​ឆ្នើម ៦ សម័យកាល លោក​រ៉ូ​ច ប៉ុន្តែ​លទ្ធផល​គឺ​នៅតែ​ដដែល ខណៈ​ការប្រកួត​កាលពី​ខែមីនា​ជាមួយនឹង​កីឡាករ​កូ​វ៉ា​ឡេវ បានបញ្ចប់​ជាមួយនឹង​ការ​សន្លប់​ទឹក​ទី ៨ ។ 

​    ​កូ​វ៉ា​ឡេវ​នៅតែ​រក្សាបាន​ខ្សែក្រវាត់​ពិភពលោក​បី​ស្ថាប័ន​របស់ខ្លួន​មានដូចជា​ខ្សែក្រវាត់ World Boxing Association, ខ្សែក្រវាត់ International Boxing Federation និង​ខ្សែក្រវាត់ World Boxing Organization ខណៈដែល​រូបគេ​ប្រកួត ៣០ លើក​កន្លងមក​ឈ្នះ ២៩ និង​ចាញ់​ម្តងគត់ ជាមួយនឹង​ការ​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​ចំនួន ២៦ លើក​៕

 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់