adverise with khmeread Untitled 1

ឃាត់​ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​ពាក់ព័ន្ធ​លួច​ម៉ូតូ​

      ភ្នំពេញ ៖ ស្ត្រី​ម្នាក់​និង​បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ប្រាសាទ​សំបូរ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣១​ខែមករា ឆ្នាំ​២០១៦ ម៉ោង​៤​និង​៣០​នាទី ល្ងាច​បន្ទាប់ពី​ពួកគេ​ឃុបឃិត​គ្នា​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​នៅ​កន្លែង​បុណ្យបញ្ចុះសីមា​នៅ​វត្ត​គី​រី​វង្ស ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។​

    ប៉ូលិស​និយាយថា ដោយមាន​ការសង្ស័យ​ប៉ូលិស​ស្រុក​ប្រាសាទ​សំបូរ​បាន​បញ្ជា​ឲ្យ​កម្លាំង​ប៉ុស្ដិ៍​ត្រួតពិនិត្យ​រ៉ឺម៉ក់​ម៉ូតូ​មួយគ្រឿង​ដែល​បើកបរ​ចេញពី​កន្លែង​បុណ្យបញ្ចុះសីមា​នៅ​វត្ត​គី​រី​វង្ស ឃុំ​ឈូក ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ ។​

    ក្រោយពេល​ឆែកឆេ​រកឃើញ​មាន​លាក់ទុក​ម៉ូតូ​មួយគ្រឿង​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ស៊េរី ២០០៨ លេខ​តួ និង​លេខ​ម៉ាស៊ីន ៣៤៥៣២៦ គ្មាន​ស្លាក​លេខ​ហើយ​មាន​ស្នាម​កាច់​ស្លាក​លេខ​ចេញ ។​

    បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ប៉ូលិស​ធ្វើការ​ស្រាវជ្រាវ​ឃើញថា​ម៉ូតូ​នេះ​ត្រូវបាន​ឈ្មោះ អុន រឺ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​តាំងគោក ឃុំ​សូ​យោង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​លួច​ពី​ម្ចាស់​ម៉ូតូ​ឈ្មោះ ប៊ូ ចាន់​ធឿន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​ខ្មែរ ឃុំ​ង​ន ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ដែល​ចត​ទុក​មើល​គេ​សម្តែង Concert កាលពី​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​១១​យប់​នៅ​ភូមិ​ទឹក​ម្ខាង ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​មកម្ល៉េះ​។​

   ដោយមាន​ការឃុបឃិត​សមគំនិត​ជាមួយ​ឈ្មោះ ស៊ូ ហេង ហៅ​មុំ ភេទ​ស្រី អាយុ ៤២​ឆ្នាំ នៅ​ភូមិ​ស្ដៅ​កោង ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង (​ទទួលផល​ចោរកម្ម​)​។​ក្នុងករណីនេះ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ ធុន រឺ និង ឈ្មោះ​ស៊ូ ហេង កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ធំ​៕​

adverise with khmeread

មតិយោបល់