adverise with khmeread Productivity

វិធី ៤​យ៉ាង​ក្នុង​ការបង្កើន​ផលិតភាព​ការងារ​នៅ​កន្លែងធ្វើការ​

​ជួនកាល​ពេលខ្លះ យើងទាំងអស់គ្នា​បាន​ស្ថិតក្នុង​ស្ថានភាព​មួយ ដែល​យើង​នាំគ្នា​អង្គុយ​ស្ងៀម​នៅ​កន្លែងធ្វើការ និង​មាន​សកម្មភាព​ទៅមុខ​ក្នុង​ល្បឿន​ដូចជា​សត្វ​អណ្តើក​អ៊ីចឹង​។ វា​ហាក់ដូចជា​គ្មាន​កិច្ចការ​ជា​ដុំកំភួន​ណាមួយ​ត្រូវ​បានសម្រេច​ហើយ​នោះទេ ហើយ​គម្រោង​នានា​ផ្សេងទៀត​ក៏​កាន់តែ​ខកខាន​មិនបាន​ធ្វើ​ច្រើនឡើងៗ​។ ប្រសិនបើ​អ្នក​មិន​ធ្វើ​អ្វីមួយ​ឲ្យ​បាន​ឆាប់រហ័ស​ទេនោះ អ្នកនឹង​មិនអាច​ធ្វើ​ទាន់​កិច្ចការ​ទាំងឡាយ ដែល​អ្នក​ត្រូវតែ​ធ្វើ​នោះទេ​។   

​កុំ​បារម្ភ មានរឿង​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្កើន​ផលិតភាព​របស់​អ្នក​នៅ​កន្លែងធ្វើការ​។ គន្លឹះ​និង​តិច​និ​ច​សាមញ្ញៗ​ទាំងនេះ​គឺមាន​លក្ខណៈសាមញ្ញ​ជាង​ការដែល​អ្នក​គិត​ទៅទៀត ប៉ុន្តែ​អត្ថប្រយោជន៍​វិញ​គឺ​ហួស​ពីអ្វី​ដែល​អ្នក​ធ្លាប់​នឹក​ស្រមៃ​ទៅទៀត​។ កុំ​ទុក​ឲ្យ​ខ្លួន​អ្នក​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​មួយ ដែល​អ្នកមាន​អារម្មណ៍​ហាក់បីដូចជា​ខ្លួន​អ្នក​មិនអាច​ធ្វើ​អ្វីៗ​បាន​ទាល់តែសោះ​។ ជំនួស​ឲ្យ​ការបារម្ភ​អំពី​ការដាក់​ពាក្យ​ស្វែងរក​ការងារ​ថ្មី អ្នក​ត្រូវតែ​គ្រប់គ្រង​ឲ្យ​បាន​នូវ​តិច​និ​ច​បង្កើន​ផលិតភាព​មួយ​ក្នុងចំណោម​បួន​ដូចខាងក្រោម​។  

១- យក​ពេល​សម្រាក
​ទោះបីជា​អ្នក​គិតថា​នេះ​គឺជា​ការ​ប្រឆាំងនឹង​ផលិតភាព​ការងារ​ក្នុងស្ថានភាព​បច្ចុប្បន្នរ​បស់​អ្នក​ក៏ដោយ ក៏ប៉ុន្តែ​រឿងនេះ​គឺ​មិន​ដូច្នោះ​ទេ​។ តាមរយៈ​ការ​ចំណាយពេល​សម្រាក ៥​នាទី​ពី​រាល់​កិច្ចការ​ទាំងឡាយ រួច​ដើរ​ចុះឡើង អ្នកនឹង​អាចធ្វើ​ឲ្យ​ខួរក្បាល​របស់​អ្នក​ស្រស់ថ្លា និង​ជួយ​ឲ្យ​លំហូរ​ឈាម​របស់​អ្នកដើរ​បាន​ស្រួល​។ ត្រូវ​ដើរ​ចុះឡើង និង​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ​នៅ​ខាងក្រៅ​បន្ទប់ធ្វើការ​។ នៅពេលណា​ដែល​អ្នក​ត្រឡប់មក​ការិយាល័យ​វិញ អ្នក​នឹងមាន​អារម្មណ៍​ស្រស់ថ្លា និង​ស្វាហាប់​ជាង​មុន​។ អ្នកនឹង​មានការ​ភ្ញាក់ផ្អើល​ចំពោះ​របៀប​ដែល​ការ​ចំណាយពេល​សម្រាក​ត្រឹមតែ ៥​នាទី​ដ៏​សាមញ្ញ​អាចជួយ​បង្កើន​កម្រិត​ថាមពល​របស់​អ្នក​។ ដោយមាន​អារម្មណ៍​ស្រស់ថ្លា និង​មាន​ភាពស្វាហាប់​ឡើងវិញ​ហើយ​នោះ អ្នកនឹង​អាច​ត្រៀមខ្លួន​ចាប់ផ្តើម​ធ្វើការ​ជាថ្មី​ម្តងទៀត​កាន់​តែមាន​ប្រសិទ្ធភាព​។ 

២- ដាក់ចេញ​នូវ​កិច្ចការ​អាទិភាព​ដែល​ត្រូវធ្វើ
​ពេលមកដល់​កន្លែងធ្វើកា​រ​នៅពេល​ព្រឹក ត្រូវធ្វើ​បញ្ជី​កិច្ចការ​ទាំងឡាយ ដែល​អ្នក​ត្រូវធ្វើ​ក្នុង​ថ្ងៃនោះ​។ រៀបចំ​កិច្ចការ​ទាំងអស់​ឲ្យ​តាម​លំដាប់លំដោយ ដែល​អ្នក​ចង់​បំពេញ​ឲ្យ​បាន​។ ប្រសិនបើ​អ្នក​ចង់​សន្សំ​ពេលវេលា ត្រូវ​រៀបរៀង​បញ្ជី​កិច្ចការ​ត្រូវធ្វើ​នៅពេល​យប់​មុន​ចេញមក​ធ្វើការ​។ ត្រូវ​បន្ត Update បញ្ជី​កិច្ចការ​ត្រូវធ្វើ​ក្នុង​ថ្ងៃ​ធ្វើការ​របស់​អ្នក នៅពេលដែល​អ្នក​បញ្ចប់​កិច្ចការ​អាទិភាព​ណាមួយ​រួច ឬ​គម្រោង​ថ្មីៗ​បាន​ចូល​មកដល់​។ ការពិនិត្យ​មើល​រាល់​កិច្ចការ​អាទិភាព​ចេញពី​បញ្ជី​នេះ​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​អារម្មណ៍​សម្រេចបាន​ស្នាដៃ ហើយ​វា​អនុញ្ញាត​ឲ្យ​អ្នក​ដឹងថា​អ្នក​កំពុងធ្វើការ​ឆ្ពោះទៅរក​គោលដៅ​ផងដែរ​។  

៣- ពិចារណា​អំពី​គោលដៅ​រយៈពេល​វែង
​ត្រូវ​ចំណាយពេល​គិត​អំពី​រឿង​ធំ​ពីរ ដែល​អ្នក​ចង់​សម្រេច​ឲ្យ​បាន​ក្នុង​រយៈពេល​មួយឆ្នាំ​បន្ទាប់ ហើយ​ដាក់​វា​ចូល​ទៅលើ​ស្គ្រី​ន​កុំព្យូទ័រ​របស់​អ្នក​។ តាមរយៈ​ការធ្វើ​បែបនេះ អ្នកនឹង​រំឭក​ខ្លួនឯង​ញឹកញាប់​អំពី​គោលដៅ​ទាំងនោះ និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​វា​ឲ្យ​ទាល់តែ​បាន​។ ត្រូវធ្វើ​ឲ្យ​ប្រាកដថា គោលដៅ​ទាំងនោះ​គឺជា​អ្វីមួយ ដែល​អ្នក​អាចយ​កមក​ពិភាក្សា​ក្នុង​របាយការណ៍​វាយតម្លៃ​ការងារ និង​ប្រើ​វា​ធ្វើជា​ចន្ទល់​មួយ​នៅពេល​ស្នើសុំ​ដំឡើង​ប្រាក់ខែ​។ 

៤- ទៅធ្វើ​ការ​ពី​ព្រឹក​ព្រលឹម
​ដូចដែល​អ្នក​បានដឹង​ហើយ ការិយាល័យ​ដែល​គ្មាន​មនុស្ស និង​ស្ងប់ស្ងាត់​នឹង​ពុំ​បង្ក​ការរំខាន​អ្វី​នោះទេ​។ ត្រូវ​ទៅដល់​កន្លែងធ្វើការ​មុនពេល​គ្រប់គ្នា​ចាប់ផ្តើម​សម្រុក​មកដល់​បន្ទប់ធ្វើកា​រ​។ មិត្ត​រួម​ការងារ​អាចជា​ការរំខាន​ដ៏​ធំ​មួយ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ផលិតភាព​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ការងារ​អាទិភាព​ខ្លះ​អ្នក​អាចបំពេញ​វា​បានសម្រេច​មុន​ផែនការ នៅពេលដែល​បរិយាកាស​មាន​ភាពស្ងប់ស្ងាត់​ល្អ​។ ដូច្នេះ ការកាត់បន្ថយ​បាន​នូវ​ចំនួន​មនុស្ស​ជុំវិញខ្លួន​អ្នកនឹង​ជួយ​បង្កើន​ផលិតភាព​ការងារ​របស់​អ្នក​កាន់តែច្រើន​៕ 

​ប្រភព​៖ ឡាយ​ហ៊ែ​ក 

adverise with khmeread
ប្រភព៖ ឡាយហ៊ែក

មតិយោបល់