ចាប់បានមេខ្យល់បញ្ជូនស្រីខ្មែរទៅធ្វើប្រពន្ធជនជាតិចិន ក្នុងនោះក៏មានជនរងគ្រោះជាអនីតិជនម្នាក់ផង

    ភ្នំពេញ ៖ ​ដោយមាន​ការឯកភាព​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រា​ជធានី​ភ្នំពេញ និង​ដោយមាន​ការឯកភាព​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ព្រុំ សន្ធរ ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស លោក​វរសេនីយ៍ឯក ចាន់ កិត្តិ​ខុម ស្នងការរង​ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ៣ ​នាក់ (២​នាក់​ជា​ជនជាតិ​ចិន) កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៣ និង​១៥​នាទី ពីទល្មើស​ជួញដូរ​ឆ្លងដែន។

    ប៉ូលិសនិយាយថា ចំណោមបីនាក់ ក្នុងនោះមាន​មេខ្យល់ ម្នាក់ឈ្មោះ ផែ ចន្ថា ភេទ​ស្រី អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ ពីបទ នាំយក​ចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​ឆ្លងដែន និង​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ ៣​ នាក់ ជា​អនីតិជនម្នាក់ នៅ​ចំណុច​ផ្ទះសំណាក់​ វា​ស៊ី​ន​តោន ផ្លូវ​លេខ​១១៨ សង្កាត់​ផ្សារ​ថ្មី​១ ដូនពេញ​ រាជធានីភ្នំពេញ។​

​    នេះ​បើ​យោងទៅតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះឈ្មោះ នៅ ម៉ូ​នី​កា ភេទ​ស្រី អាយុ២៧​ឆ្នាំ ដែល​ប្តឹង​ឈ្មោះ ផែ ចន្ថា និង​ត្រូវបាន​ជនសង្ស័យ​រូបនេះ​នាំទៅ​យកប្តី​ជនជាតិ​ចិន និង​ធ្លាប់​ទទួលរង​ទុក្ខទោស​ដោយសារ​ប្តី​វាយ​ធ្វើបាប បង្ខំ​រួមភេទ​ទាំង​ឈឺ និង​មក​រដូវ រស់​រងទុក្ខវេទនា ដោយ​ស៊ូទ្រាំ​នូវ​អំពើ​ឃោរឃៅ​ពី​សំណាក់​ប្តី​ជនជាតិចិន​ពុំបាន ក៏​សម្រេច​លួច​រត់​មក​ប្រទេស​កំណើត​វិញ។​

​    បច្ចុប្បន្ន ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាននិងកំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន មេខ្យល់ ឈ្មោះ ផែ ចន្ថា ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread