adverise with khmeread 2

រថយន្ត​ដឹក​អ្នកដំណើរ​វី​អាយ​ភី​ពូ​វ៉េង បើក​បុក​ម៉ូតូ​ឆ្លងផ្លូវ​ស្លាប់​២​នាក់​

     ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត​បាន​ស្លាប់​ពេល​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណ​:​ពួកគេ​ជិះ​ម៉ូតូ​MSX ជិះ​ឌុប​គ្នា​ឆ្លងផ្លូវ ក៏ត្រូវ​បាន​រថយន្ត​ដឹក​អ្នកដំណើរ​វី​អាយ​ភី​ពូ​វ៉េង បើក​ក្នុង​ល្បឿន​លឿន​បុក​ពីក្រោយ​ពេញទំហឹង ប៉ើង​អូស​ប្រមាណ​ជា​២០​ម៉ែត្រ ។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​។​

    ប៉ូលិស​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ សៀង វេ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ស្រុកកំណើត​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​ចំណែក​ជនរងគ្រោះ​ទី​១-​ឈ្មោះ ស្រឿ​ន សារ៉ាត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​ទី​២-​ឈ្មោះ​សាន់ តុ ភេទ​ប្រុស អាយុ​២២​ឆ្នាំ អ្នក​ទាំង​២​មានមុខរ​បរជា​កម្ម​ករ​សំណង់ បច្ចុប្បន្ន​ស្នាក់​នៅក្នុង​ការដ្ឋាន​បុរី​ឌឹ​មេគង្គ​រ៉ូយ៉ាល់ ក្បែរ​កន្លែងកើតហេតុ​។​

  ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CT-3876 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ពី​ជើង​ទៅ​ត្បូង ដោយបាន​ជិះ​ឆ្លងផ្លូវ​ពីឆ្វេង​ទៅ​ស្តាំ​ដៃ​ទៅ​ផ្លូវ​ម្ខាង​ទៀត ។​

    ខណ​:​មកដល់​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​ដឹក​អ្នកដំណើរ​វី​អាយ​ភី​ពូ​វ៉េង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9188 បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ស្របគ្នា បាន​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​អូស​ម៉ូតូ​ប្រមាណ​ជា​២០​ម៉ែត្រ បណ្តាលឱ្យ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់ ។​

    ប្រភព​បន្តថា បន្ទាប់ពី​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ​ឱ្យមក​ដឹក​ជនរងគ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល​ដោយសារតែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ជនរងគ្រោះ​ក៏បាន​ដាច់ខ្យល់​ស្លាប់​ពេលទៅដល់​មន្ទីរពេទ្យ ។​

    បន្ទាប់ពី​បង្កហេតុ​អ្នកបើករថយន្ត​បង្ក​បាន ព្យាយាម​ឡើង​រថយន្តក្រុង​គេចខ្លួន​ដោយ​ទុក​រថយន្ត​ចោល តែ​ត្រូវបាន​សមត្ថកិច្ច​ដេញទាន់​ឃាត់​បានមក​វិញ យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ និង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ។​

    ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង រួច​យក​រថយន្ត​បង្ក​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ។​ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ឱ្យមក​ទទួល ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត ៕​

adverise with khmeread

មតិយោបល់