ផឹកស៊ី​ឈ្លោះ​គ្នា​វាយ​សំពង​នឹង​ដែក​ទីប​បែកក្បាល​...​ជាប់​ខ្នោះ​ ២​ នាក់​

    ភ្នំពេញ ៖ ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០២ ​នាក់​ជាក់ស្ដែង​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើឱ្យ​ខូចខាត ដោយ​ចេតនា​ដោយ​យក​ដែក​ទីប​បួន​ជ្រុង​ប្រវែង​ប្រហែល​ ៥ ​តឹក​កន្លះ វាយ​បណ្ដាលឱ្យ​របួស​ថ្ពាល់​ខាងឆ្វេង និង​ក្បាល​ខាងក្រោយ​ផ្នែក​ខា​ងក្រោយ ដោយយក​ដែក​ទីប​វាយ​ បណ្ដាលឱ្យ​ខូចខាត​ក្បាំង​ម៉ូតូ​នៅ​ចំណុច​មុខផ្ទះ​លេខ​១២៣ ផ្លូវ​រថភ្លើង ក្រុម ទី​៦២ ភូមិ​១៦ សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​ នៅ​ថ្ងៃទី​២៨ ខែមេសា​ឆ្នាំ ២០​១៧ វេលា​ម៉ោង​ប្រហែល០១ និង​២០​នាទី រំលង​អា​ធ្រា​ត្រ។​

    ប៉ូលិស​និយាយថា ជន​រង​សង្ស័យ​១-​ឈ្មោះ សូត្រ ឡេង​ហួរ ហៅ ហួរ ភេទ​ប្រុស អាយុ​២១ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ ជាងទង ស្នាក់​នៅផ្ទះ​លេខ​១២០ ផ្លូវ​រថភ្លើង ក្រុមទី​៦២ ភូមិ​១៦ សង្កាត់ ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ​និង​២-​ឈ្មោះ សូត្រ សៀង​ហ៊ីម ហៅ ហ៊ីម ភេទ​ប្រុស អា​យុ​២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១២០ ផ្លូវ​រថភ្លើង ក្រុមទី​៦២ ភូ​មិ​១៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ វត្ថុតាង​ចាប់យក​មាន ដែក​ទីប​បួ​ន​ជ្រុង​ប្រវែង​ប្រ​ហែ​យ ០,៥ តឹក​កន្លះ (ចាប់យក​ពី​ឈ្មោះ សូត្រ ឡេង​ហួរ)។​

    ចំណែក​ជនរងគ្រោះ ឈ្មោះ ពន ចំណាន ហៅ ណូយ ភេទ​ប្រុស អាយុ​២៨ឆ្នាំ ​ជនជាតិខ្មែរ មុខ​រ​បរ ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជ​ធានី​ភ្នំពេញ រងរបួស​ថ្ពាល់​ខាងឆ្វេង​ដេរ​ ១៥ ថ្នេរ និង​ក្បាល​ផ្នែក​ខាងក្រោយ​។​ ម៉ូតូ​មួយគ្រឿង​ម៉ាក Honda Scoopy ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DF-3591 លេខ​តួ និង​លេខ ម៉ា​ស៊ី​ន 80​22407 បែក​ក្បាំង​ខាងមុខ (​ដោយសារ​ជនសង្ស័យ​វាយ​ និង​ដែក​ទីប)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល១០​យប់​ជនរងគ្រោះ បា​ន​អង្គុយ​ផឹក​ស៊ី​ជុំគ្នា​នៅមុខ​ផ្ទះ​ជាមួយ​ជនសង្ស័យ ពេល​កំពុង​អង្គុយ​ផឹក​ស្រាប់តែ​ឈ្មោះ ថា​នី ភេទ​ប្រុស អាយុ​ប្រហែល​២៤​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​មិត្ត​ភក្តិ​របស់​ជនរងគ្រោះ មានទំនាស់​ពា​ក្យសំដី​គ្នា​ជាមួយ​ជនសង្ស័យ​ទាំងពីរ​នាក់ បងប្អូន (ឈ្មោះ សូត្រ ឡេង​ហួរ និង​ឈ្មោះ សូត្រ សៀ​ង​ហ៊ី​ម)។​

    ភ្លាមនោះ​ក៏មាន​ទំនាស់​គ្នា​ស្រាប់តែ​ជនសង្ស័យ​ទាំងពីរ​នាក់​បងប្អូន ក៏​រត់​ទៅយក​ដែក ទីប​បួន​ជ្រុង​ប្រវែង​ប្រហែល ០,៥ តឹក​កន្លះ យកមក​វាយ​លើ​ជនរងគ្រោះ ឈ្មោះ ពន ចំណាន បណ្ដា​ល​ឱ្យ​របួស​ថ្ពាល់​ខាងឆ្វេង​ធ្ងន់ និង​ក្បាល​ផ្នែក​ខាងក្រោយ ដោយ​ជនសង្ស័យ​ឈ្មោះ សូត្រ ឡេង​ហួ​រ ជា​អ្នកយក​ដែក​ទីប​វាយ​ទៅលើ​ជនរងគ្រោះ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ សូត្រ សៀង​ហ៊ីម ជា​អ្នកយក​ដែក ទីប​វាយ​ទៅលើ​ម៉ូតូ​របស់​ឈ្មោះ ថា​​នី ជា​មិត្ត​ភក្តិ​របស់​ជនរងគ្រោះ បណ្ដាលឱ្យ​ខូចខាត​បែក​ក្បាំង​ម៉ូតូ​ខាងមុខ ក្រោយ​កើតហេ​តុកម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក បាន​ចុះទៅ​អន្តរាគមន៍ ឃាត់​ជន​ស​ង្ស័យ​ឈ្មោះ សូត្រ ឡេង​ហួរ និង​ឈ្មោះ សូត្រ សៀង​ហ៊ីម យកមក​កាន់​អធិការដ្ឋាន​ខណ្ឌទួ​ល​គោ​ក ចាត់ការ​តាមផ្លូវ​ច្បាប់​តែម្ដង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះ អាសន្ន​នៅ អធិការដ្ឋាន​ខណ្ឌ ទួល​គោក ដើម្បី​សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕​

adverise with khmeread
tiger
Loading ad ...