1

​ផ្ទុះ​សង្គ្រាមលោក​ទី​បី​នៅលើ​ទីលាន​ប្រទេស​អា​ហ្ស​ង់​ទីន​

​មាន​ហេតុការណ៍​ដ៏​អាក្រក់​មួយ​បាន​កើតឡើង​ក្នុងការ​ប្រកួត​មិត្តភាព​ក្លឹប​រវាង​ក្រុម​សត្រូវ​ស៊ីសាច់ហុតឈាម​មួយគូ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន ដែល​ធ្វើ​ឲ្យ​ការប្រកួត​នោះ​ត្រូវបាន​ផ្អាក​ដោយមាន​ការអន្តរាគមន៍​ពី​ប៉ូលិស​ទៀតផង​។​

​ក្រុម​កីឡាករ​បាន​វាយ​ទាត់​ធាក់​គ្នា​ក្នុងអំឡុង​ការ​វ៉ៃ​គ្នា​ដ៏​មិនគួរ​ឲ្យ​ជឿ​មួយ​បន្ទាប់ពី​អាជ្ញាកណ្តាល​បានផ្តល់​កាត​ក្រហម​ឲ្យ​កីឡាករ​ម្នាក់​ដោយ​ការ​ស្លាយ​យក​បាល់​ដ៏​អាក្រក់​មួយ​។​

​ក្រុម​អាជ្ញាក​កណ្តាល​បាន​ផ្អាក​ការប្រកួត​រវាង​ក្រុម Estudiantes និង Gimnasia ក្នុង​ទីក្រុង La Plata បន្ទាប់ពី​ប៉ូលិស​ត្រូវបាន​ហៅ​មកជួយ​សង្គ្រោះ​ស្ថានការណ៍​នៅក្នុង​ទីលាន​។​

​កីឡាករ​មួយចំនួនធំ​ត្រូវបាន​គេ​រំពឹងថា នឹងត្រូវ​ហាមឃាត់​ពី​បាល់ទាត់​រយៈពេល​វែង​ដោយសារតែ​បាន​បង្ក​អំពើហិង្សា​នៅ​ចំពោះមុខ​ទស្សនិកជន ២៥.០០០ នាក់​។​

​ការ​វ៉ៃ​គ្នា​ដូច​សិស្ស​វិទ្យាល័យ​នេះ​បាន​កើតឡើង​នៅ​ចុងការ​ប្រកួត នៅពេលដែល​ក្រុម Estudiantes បាន​នាំមុខ ១-០ បើទោះជា​នៅសល់​គ្នា​តែ ១០ នាក់​ក៏ដោយ​។​

​ឡានពេទ្យ​បាន​បើក​ចូល​ទីលាន​ដើម្បី​ជួយសង្គ្រោះ​កីឡាករ Gimnasia ដែល​ស៊ី​មួយ​ស្បែកជើង​ចំ​កណ្តាល​មុខ ដោយ​ខ្សែការពារ​ក្រុម Estudiantes ដែល​បាន​ប្រើ​ក្បាច់​កា​រ៉ា​តេ​ដូ​ដើម្បី​ទាត់​បាល់​ចេញ​។​

​យុវជន​របស់​ក្រុម Estudiantes កីឡាករ Santiago Escacibar បាន​បង្ក​ឲ្យ​មាន​កម្តៅ​កើនឡើង​បន្ទាប់​ទាត់​កីឡាករ​គូប្រកួត​ពីក្រោយ​យ៉ាង​អាក្រក់​អា​ក្រៃ​។​

​ការ​រុញ​និង​ទាញ​គ្នា​រវាង​ក្រុម​ទាំងពីរ​បានធ្វើ​ឲ្យ​ទីលាន​ក្លាយជា​សង្វៀន​កីឡាកាស Smackdown​។​

​អ្នកចាំទី​របស់​ក្រុម Estudiantes កីឡាករ Mariano Andújar បាន​ក្លាយជា​អ្នក​ប្រដាល់ Mike Tyson និង​បាន​ដាល់​គូប្រកួត​របស់ខ្លួន​ជាច្រើន​ដៃ​ដោយ​ឥត​សំចៃ​មុននឹង​ត្រូវបាន​ក្រុម​ម្ខាង​ទៀត​តដៃ​វិញ​។​

​គ្រូបង្វឹក​របស់​ក្រុម Estudiantes បាន​ពណ៌​នាពី​ហេតុការណ៍​នេះ​ថា "​សោកស្តាយ​យ៉ាងខ្លាំង​" និង​បាន​ទទួលស្គាល់ថា អាជ្ញាកណ្តាល​ប្រហែលជា​បង្កើត​កំហុស ប៉ុន្តែ​អ្នក​ដែល​សាង​កំហុស​ពិតប្រាកដ​នោះ​គឺ​ក្រុម​កីឡាករ​ទាំងពីរ​៕

 

ប្រភព៖ មៀរឺ

មតិយោបល់