នៅពេលកូរ៉េខាងជើងធ្វើតេស្តអាវុធនុយក្លេអ៊ែរ បន្ទុះរបស់វាបានបញ្ជូនថាមពលរញ្ជួយទៅក្នុងផែនដី ដែលអាចបង្កបំផ្ទុះភ្នំភ្លើងនៅជាប់ព្រំដែនចិន។
ក្រុមអ្នកជំនាញនិយាយថា ការធ្វើតេស្តនុយក្លេអ៊ែរលើកទីប្រាំមួយពីរដ្ឋឯកោមួយនេះអាចកើតឡើង ដែលវានឹងធ្វើឱ្យពិភពលោកស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ ខណៈភាពតានតឹងកើនឡើងខ្លាំងនៅឧបទ្វីបកូរ៉េ។
ប្រសិនបើកូរ៉េខាងជើងធ្វើតេស្តអាវុធនុយក្លេអ៊ែរធំជាងមុន លោក Bruce Bennett អ្នកវិភាគការពារជាតិជាន់ខ្ពស់នៅអង្គភាព Rand Corporation បារម្ភថា បន្ទុះរបស់វាអាចបង្កឱ្យមានផ្ទុះភ្នំភ្លើងនៅភ្នំ Paektu ដែលចិនហៅថាភ្នំឆាងប៉ៃ នៅព្រំដែនចិននិងកូរ៉េខាងជើង។
លោក Bennett បានប្រាប់ CNN ថា "នៅពេលនោះអាចជាបន្ទុះភ្នំភ្លើងដ៏ធំ ដែលសម្លាប់ប្រជាជនកូរ៉េខាងជើងនិងចិនរាប់ពាន់នាក់ ប្រសិនបើមិនរាប់ម៉ឺននាក់។ យើងមិនដឹងថាការបំផ្ទុះអាវុធនុយក្លេអ៊ែរដ៏ធំមួយអាចបង្កឱ្យមានផ្ទុះភ្នំភ្លើងឬយ៉ាងណាទេ ប៉ុន្តែវាអាចទៅរួច។ ជាច្រើនឆ្នាំហើយដែលចិនព្រួយបារម្ភថា គាត់ (គីមជុងអ៊ុន) នឹងបង្កឱ្យភ្នំភ្លើងផ្ទុះឡើង"។
យោងតាមកម្មវិធីភ្នំភ្លើងសកលរបស់វិទ្យាស្ថាន Smithsonian បានឱ្យដឹងថា ប្រជាជនប្រហែល ១,៦ លាននាក់រស់នៅក្នុងរង្វង់ ១០០ គីឡូម៉ែត្រនៃភ្នំភ្លើងខាងលើ ហើយវាមានចម្ងាយពីទីតាំងធ្វើតេស្តនុយក្លេអ៊ែរ Punggye-ri របស់កូរ៉េខាងជើងត្រឹមតែ ១១៥ ទៅ ១៣០ គីឡូម៉ែត្រប៉ុណ្ណោះ៕
ប្រភព៖ បរទេស
