adverise with khmeread 9

ឡាន​លាយ​ស៊ីម៉ង់ត៍​មួយទៀត​មកជួយ​ចូល​ដើម​ជាប់ផុង​ទាំង​២

    ភ្នំពេញ ៖ ឡាន​លាយ​ស៊ីម៉ងត៍​មួយគ្រឿង​របស់​ក្រុមហ៊ុន​CPAC​បាន​បើក​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ដាច់​ហ្វ្រាំង បានធ្វើ​ឲ្យ​អ្នកបើកបរ​បង្ខំចិត្ត​បើក​ឡើងលើ​សួន ហើយ​ផុង​កង់​កប់​ក្នុង​ដី​សួន​ទៅមុខ​លែងរួច​កាលពី​វេលា​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃទី​២​កុ​ម្ភះ​នេះ ខណៈពេល​នោះ​អ្នករត់ម៉ូតូឌុប​ដែល​ជ្រក​ម្លប់​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់​នាំគ្នា​រត់​ប្រសាច​គេច​ពី​រថយន្ត​។​

    នៅវេលា​ម៉ោង​ប្រមាណ​៥​កន្លះ​ល្ងាច​នេះ ឡាន​លាយ​ស៊ីម៉ង់ត៍​មួយគ្រឿង​ទៀត​មកជួយ​អូស​ចេញ បែរជា​ចូល​ដើម​កប់​ផុង​ជាប់​ស្ញេញ​ទាំង​២​គ្រឿង​ទៅណា​អត់​រួច​។​

    បន្ទាប់មក​គេ​បាន​យក​ឡានស្ទូច​ធុន​ធំ​មួយគ្រឿង​មក​ស្ទូច តែ​ស្ទូច​ឡើង​អត់​រួច​ព្រោះ​មាន​ស៊ីម៉ង់ត៍​នៅ​ពេញ​ឡាន គេ​ក៏បាន​យក​ឡានស្ទូច​ធុន​ធំ​មក​មួយទៀត​ទើប​អាច​ស្ទូច​ឡើង​បាន ។ ធ្ងន់​ម្លឹ​ងៗ​បានជា​ផ្លូវថ្នល់​ខូច​ខ្ទេច​អស់​។​

    នៅក្នុង​ឱកាស​នោះគេ​សង្កេតឃើញ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។ ទោះបីយ៉ាងណា​សមត្ថកិច្ច​រួមជាមួយ​កម្លាំង​ប្រជា​ការពារ​ជួយ​សម្រួល​ចរាចរណ៍​បាន​ដំណើរការ​បណ្តើរៗ​នា​ព្រលប់​នេះ ។    

    ហេតុការណ៍​ខាងលើនេះ កើតឡើង​ស្ថិតនៅ​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

    សាក្សី​និយាយថា ដំបូង​រថយន្ត​លាយ​ស៊ីម៉ង់ត៍​ពណ៌​ស​ស្លាក​លេខ​ភ្នំពេញ​5A-1002​ជា​របស់​ក្រុមហ៊ុន​CPAC​បើក​ចុះ​ពីលើ​ស្ពាន​យ៉ាង​លឿន​ទំនង​ដាច់​ហ្វាំ​ង​។​

    ពេលនោះ​អ្នកបើកបរ​បង្ខំចិត្ត​បើក​ឡើងលើ​សួន​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ហើយ​កង់​ក្រោយ​ក៍​កប់​ក្នុង​ដី​បណ្តាល​ឲ្យ​រថយន្ត​ទៅមុខ​លែងរួច​។​បន្ទាប់មក​អ្នកបើកបរ​រត់​បាត់​។​នេះ​ចាត់ទុកជា​សំណាង​មួយ​ដែល​នៅលើ​ស្ពាន​ស្ងាត់​។​ប្រសិន​មាន​មនុស្ស​កកកុញ​អាច​កិន​មនុស្ស​ស្លាប់​ជាមិនខាន​។​

     លុះ​ល្ងាច​ឡើង​ឡាន​លាយ​ស៊ីម៉ង់ត៍​មួយគ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ​5A-0657​មកជួយ​ក៏​ចាប់​ផុង​មួយគ្រឿង​ថែមទៀត ។​

    គេ​នៅ​ចាំបាន​ថា កាលសម័យ​លោក​កែប ជុតិមា ជា​អភិបាលក្រុង លោក​បាន​ប្តឹង​លោក​ដេវីដ ឆាយណាវ៉ា​ដាក់គុក​ដោយ​គ្រាន់តែ​លោក​បើករថយន្ត​ម៉ាក​ហាំ​ម័​រ​ឡើងលើ​សួន ។​

    ជុំវិញ​ករណីនេះ មាន​រថយន្ត​ដល់​ទៅ​២​គ្រឿង​ឡើងលើ​សួន ដូច្នេះ​គេ​សួរថា តើ​លោក​អភិបាលក្រុង ប៉ា សុជាតិ​វង្ស ហ៊ាន​ប្តឹង​រថយន្ត​លាយ​ស៊ីម៉ង់ត៍​ទាំង​២​គ្រឿង​នេះ​ទេ​? លោក​គួរតែមាន​វិធានការ​តឹង​រ៊ឹ​ង​ដល់​រថយន្ត​ទាំងនោះ ។​

    នៅមាន​បញ្ហា​ច្រើន​ទៀត​សម្រាប់​រថយន្ត​លាយ​ស៊ីម៉ង់ត៍ ក្រៅពី​ហ្វ្រាំង​មិន​ស៊ី​បើក​បុក​មនុស្ស​បណ្តាល​ឲ្យ​ស្លាប់​និង​របួស ពួកគេ​បាន​បង្ហូរ​ស៊ីម៉ង់ត៍​ដែល​សល់​ពី​ចាក់​នៅ​ការដ្ឋាន​ឲ្យ​ហូរ​ពេញ​លើ​ថ្នល់ (​លើ​ស្ពាន​ក្បែរ​នោះ​ជា​ភស្តុតាង​ស្រាប់​)​។

    ម្យ៉ាងទៀត​បាន​បង្ក​ការរំខាន​ការហាត់​ប្រាណ​របស់​ពល​រដ្ឋ​ពេញ​មួយ​ល្ងាច ៕​

 

adverise with khmeread

មតិយោបល់