ត្រៀមៗ! Mark Zuckerberg ប្រកាសជ្រើសរើសបុគ្គលិកថ្មី ៣.០០០ នាក់ ឱ្យមកអង្គុយលុបវីដេអូ Live ល្មើសលក្ខន្តិកៈស្របពេលករណីធ្វើឃាតផ្សាយផ្ទាល់កើតឡើងញឹកញាប់

    ​ក្រុមហ៊ុន Facebook និយាយថា ខ្លួន​នឹង​ជួល​មនុស្ស ៣.០០០ នាក់​ទៀត​ឱ្យមក​ពិនិត្យមើល​វីដេអូ​បទល្មើស និង ការធ្វើឃាត បន្ទាប់ពី​ករណី​ធ្វើឃាត​ផ្សាយ​ផ្ទាល់ (Live) កើត​ឡើងជា​ហូរហែ​។

 ​    ​មនុស្ស ៤.៥០០ នាក់​បាន​កំពុងធ្វើការ​ងារ​លើ​ផ្នែក​ត្រួតពិនិត្យ​រួចទៅហើយ​នៅ Facebook​។​

​    ​សេចក្តីប្រកាស​នេះ​ធ្វើឡើង​ចេញពី​នាយក​ប្រតិបត្តិ លោក Mark Zuckerberg ក្នុង Blog Post មួយ កាលពី​ថ្ងៃ​ពុធ​ទី​៣​ឧសភា​។ 

​    ​ក្រុមហ៊ុន Facebook បាន​រង​ការរិះគន់​យ៉ាងខ្លាំង​នាពេល​ថ្មីៗ​នេះ​ចំពោះ​ការ​មិនបាន​ទប់ស្កាត់​វីដេអូ ដូចជា​ករណី​ឃាតករ​សម្លាប់​មនុស្ស​ផ្សាយ​ផ្ទាល់​នៅ​ទីក្រុង Cleveland សហរដ្ឋអាមេរិក ករណី​សម្លាប់​ទារក​នៅ​ប្រទេស​ថៃ​ជាដើម កុំឱ្យ​រាលដាល​ក្នុង​បណ្តាញ​សង្គម​របស់ខ្លួន​។​

​    ​លោក Mark Zuckerberg បានសរសេរថា "​នៅ​ប៉ុន្មាន​សប្តាហ៍​នេះ យើង​បានឃើញ​មនុស្ស​ធ្វើបាប​ខ្លួនឯង និង អ្នកដទៃ នៅលើ Facebook​។ វា​ពិតជា​ឈឺចាប់​ណាស់ ហើយ​ខ្ញុំ​បាន​កំពុង​ឆ្លុះបញ្ចាំង​លើ​របៀប​ដែល​យើង​អាច​ធ្វើបាន​ប្រសើរ​ជាមុន​សម្រាប់​សហគមន៍​យើង​...​យើង​កំពុងធ្វើការ​ងារ​ដើម្បីឱ្យ​វីដេអូ​ទាំងនោះ​ងាយស្រួល Report ដូច្នេះ យើង​អាច​ចាត់វិធានការ​សមស្រប​បាន​ភ្លាមៗ​"​។ 

​    ​លោក Mark Zuckerberg និយាយថា បុគ្គលិក​ថ្មី​នឹងត្រូវ​យកមក​បណ្តុះបណ្តាល មិន​គ្រាន់តែ​សំដៅលើ​ករណី​ធ្វើឃាត និង​អត្តឃាត​ប៉ុណ្ណោះ​ទេ​។ 

​    ​លោក​និយាយថា "​អ្នកពិនិត្យ​ទាំងអស់នេះ​ក៏​នឹង​ជួយ​យើង​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​លុបចោល​វីដេអូ​ណា ដែល​យើង​មិន​អនុញ្ញាត​នៅលើ Facebook ដូចជា សម្តី​សម្អប់​មើលងាយ និង ការកេងប្រវ័ញ្ច​ក្មេង​ជាដើម​"​។​

​    ​វីដេអូ និង ផុស ដែល​ជំរុញ​ដល់​អំពើហិង្សា គឺ​ប្រឆាំងនឹង​លក្ខន្តិកៈ​សេវាកម្ម​របស់ Facebook៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...