adverise with khmeread 34

អស្ចារ្យ​! Airbus គ្រោង​សាកល្បង​បង្ហោះ​យាន​សំកាំង​ឥត​ម៉ាស៊ីន​ឱ្យ​ហោះ​ជិត​ដល់ទី​អវកាស​នៅ​ខែមិថុនា​ខាងមុខ​

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា ក្រុមហ៊ុន Airbus គ្រោង​នឹងធ្វើ​ការសាកល្បង​យាន​សំកាំង​មួយ​ឱ្យ​ហោះ​ដល់​កម្ពស់​ខ្ពស់បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។  ជាធម្មតា​ការធ្វើដំណើរ​ទៅ​ផ្ទៃ​ទី​អវកាស​តម្រូវឱ្យមាន​ក​ម្លាំ​ង​រុញ​ខ្លាំងណាស់​ដើម្បី​អាចឱ្យ​យន្តហោះ​ទម្លុះ​ចូល​បរិយាកាស​ព័ន្ធ​ជុំវិញ​ផែនដី​បាន​។ 

​    ​ប៉ុន្តែ​ក្រុម​អ្នកឯកទេស​ខាង​អាកាសចរណ៍​បាន​បង្កើត​យាន​សំកាំង​មួយ ដែលមាន​សមត្ថភាព​ឡើងដល់​កម្ពស់​ធៀប​នឹង​នីវ៉ូ​សមុទ្រ ២៧,៤៣ គីឡូម៉ែត្រ​ឯណោះ ដោយ​គ្មាន​ប្រើ​អ្វី​ក្រៅតែពី​ស្លាប​របស់​វា​នោះឡើយ និង​គ្រោង​ប៉ុនប៉ង​ក្លាយជា​យន្តហោះ​ដែល​ហោះ​បាន​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ខែមិថុនា​ខាងមុខនេះ​។ 

​     ប្រសិនបើ​ជោគជ័យ វា​នឹង​ក្លាយជា​យន្តហោះ​ឥត​ម៉ាស៊ីន​ដែល​ហោះ​បាន​ខ្ពស់​ជាងគេ ធៀប​នឹង​យន្តហោះ ដែលមាន​ម៉ាស៊ីន ឬ​យន្តហោះ​ប្រភេទ​ផ្សេងទៀត​។ 

​    ​ដោយ​ត្រូវបាន​ហៅថា Airbus Perlan II យាន​សំកាំង​លើ​មេឃ​នេះ​គឺជា​យន្តហោះ​ឥត​ម៉ាស៊ីន​ដំបូង​បំផុត​របស់​ពិភពលោក ដែល​គេ​រចនា​ឡើង​ដើម្បី​ឡើងដល់​កម្ពស់​បែបនេះ តាមរយៈ​ការ​ជិះ​លើ​រលក​មួយ​ដែល​គេ​ហៅថា "​រលក​ភ្នំ​"​។ 

​    ​លោក អា​ឡាន់ ម៉ាក​អា​ទ័​រ (Allan McArtor) ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Airbus Group ដែល​ផ្តល់​ការឧបត្ថម្ភ​ដល់​យាន​សំកាំង​នេះ បាន​ប្រាប់​ទស្សនា​វ​ដ្តី Forbes ថា យាន​នេះ​អាច​នឹង​ប៉ុនប៉ង​ឡើង​ទៅដល់​កម្ពស់​ខ្ពស់បំផុត ២៧,៤៣ គីឡូម៉ែត្រ​យ៉ាងយូរ​នៅត្រឹម​ខែមិថុនា​ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​។ 

​    ​ក្រុមហ៊ុន Airbus និយាយថា រាល់​ការយល់ដឹង​ទូលំទូលាយ ដែល​ទទួលបាន​ពី​ការហោះហើរ​នៅ​កម្ពស់​ដ៏​ខ្ពស់​នេះ​ក៏មាន​ជាប់ទាក់ទង​នឹង​អនាគត​របស់​យន្តហោះ​ល្បឿន​លឿន​ជាង​សម្លេង​ទាំង​ប្រភេទ Sub-sonic និង​ប្រភេទ Supersonic​។ ពេលដែល​បច្ចេកវិជ្ជា​សមស្រប​បានមក​ដល់ នោះ​រយៈកម្ពស់​ប្រតិបត្តិការ​កាន់តែ​ខ្ពស់​នឹង​អាច​ផ្តល់​អត្ថប្រយោជន៍​សក្តានុពល​ជាច្រើន​។ 

​     លោក​ម៉ាក​អា​ទ័​រ​បាន​និយាយថា "​ថ្មីៗ​នេះ Airbus បានដាក់​ពាក្យសុំ​សិទ្ធិ​ប៉ាតង់​សម្រាប់​យន្តហោះ​ដឹក​អ្នកដំណើរ​លឿន​ជាង​សម្លេង​ប្រភេទ Supersonic ដែល​អាច​ហោះ​ទៅ​ដល់ទី​អវកាស​រយៈពេល​ខ្លី រួច​វិល​ត្រឡប់មកវិញ​។ យាន​សំកាំង Airbus Perlan II ក៏​នឹង​ហោះចូល​ទៅដល់​តំបន់​អវកាស​នេះ​ផងដែរ​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់