ភ្នំពេញ៖ជនសង្ស័យចំនួន២១នាក់ពាក់ព័ន្ធករណីបទល្មើសផ្សេងៗគ្នាក្នុងនោះមានអ្នកចែកចាយគ្រឿងញៀន និង អ្នកប្រើប្រាស់គ្រឿងញៀនដែលសមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្មីៗនេះត្រូវបានបង្ហាញ មុខជាសាធា រណ:នៅព្រឹកថ្ងៃទី៣ខែកុម្ភះនេះនៅអធិការដ្ឋានប៉ូលិសខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២១នោះ គឺមាន០៩នាក់ជិះម៉ូតូ៤គ្រឿង ត្រូវបាន ឃាត់ខ្លួនកាល ពីរសៀលថ្ងៃទី២នៅចំណុចភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារខណ:សមត្ថកិច្ច កំពុងអនុវត្តច្បាប់ចរាចរណ័ផ្លូវគោក ដោយឆែកឆេររកឃើញគ្រឿងញៀនមួយចំនួន ។
ចំណែក១២នាក់ផ្សេង ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង២រំលងអាធ្រាត្រថ្ងៃទី០៣នេះនៅតាមបណ្តោយផ្លូវ ជាតិលេខ៦អា ខណ:ពួកគេជិះម៉ូតូ៥គ្រឿងទើបមកពីទិញគ្រឿងញៀនចំនួន៥កញ្ចប់ ។
សមត្ថកិច្ចបានបន្តថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២១នាក់នោះ គឺពួកគេ ទើបតែទិញគ្រឿងញៀនពីតំបន់ចំនួន៣គឺនៅត្រពាំងឈូក សង្កាត់ទឹកថ្លា ម្តុំក្តាន់ពីរសង្កាត់ស្រះចក និង ម្តុំរោងចក្រឆ្នាំងសង្កាត់បឹងកក់២ ដោយធ្វើដំណើរឆ្ពោះទៅស្រុកមុខកំពូលនិងព្រែកតាមាក់ដើម្បីយក គ្រឿងញៀនទៅចែកចាយនិងប្រើប្រាស់នៅទីនោះ ប៉ុន្តែត្រូវបានសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចឃាត់ខ្លួនលើកទី១គឺបានជនសង្ស័យ៩នាក់ ម៉ូតូ៤គ្រឿង និង វត្ថុតាងគ្រឿងញៀន៥កញ្ចប់ និងលើកទី២ដោយកម្លាំងល្បាតបានឃាត់ខ្លួនជនសង្ស័យចំនួន១២ នាក់ ម៉ូតូ៥គ្រឿង រួមនិងវត្ថុតាងគ្រឿងញៀន៥កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យទាំង២១នាក់ រួមនិង ម៉ូតូចំនួន៩គ្រឿង និងថ្នាំញៀន១០កញ្ចប់ ត្រូវបានប៉ូលិសខណ្ឌជ្រោយចង្វាកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធីបន្ត៕
