adverise with khmeread Suspected

បុរស​អូស្ត្រាលី​ម្នាក់ត្រូវចាប់ខ្លួន​នៅ​​សណ្ឋាគារឃ្វី​ន​ហ្វូ​ត ពាក់ព័ន្ធ​​ឃាតកម្ម

   ភ្នំពេញ​៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធ ហត្ថ​ខណ្ឌ​ដូនពេញ​ដោយ​ធ្វើការ​ស្រាវជ្រាវ រហូត​ដល់​ឃាត់ខ្លួន​បុរសជនជាតិ​អូស្ត្រាលី​ម្នាក់​ជា​គ្រូ​កីឡា​វ៉ៃ​បុក ក្រោយ​ពាក់ព័ន្ធ​នឹងករណី​ឃាតកម្ម​សម្លាប់​មនុស្ស​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី ហើយ​រត់​គេចខ្លួន​មក​ពួន​សង្ងំ​លាក់ខ្លួន​នៅ​ប្រទេស​ខ្មែរ។
     មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ​សមត្ថកិច្ចបានចាប់ខ្លួនកាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃទី​៣​ធ្នូឆ្នាំ​២០១៥ ចំណុច​ផ្លូវ​លេខ​១១៨​កែង​លេខ​៥ សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​នៅ​ក្នុង​សណ្ឋាគារ​ឃ្វី​ន​ហ្វូ​ត​។​
     មន្ត្រីអាវុធហត្ថបន្តថា ​ជនសង្ស័យ​ឈ្មោះ BAGNATO ANTONIO ភេទ​ប្រុស កើត​ថ្ងៃ​ទី​៣០​ខែ​ឧសភា​ឆ្នាំ​១៩៨៩​អាយុ ២៦​ឆ្នាំ ជនជាតិ​អូស្ត្រាលី សាសនា​យេស៊ូ មុខរបរ​សព្វថ្ងៃ​ជា​គ្រូ​កីឡា​វ៉ៃ​បុក និង​ស្នាក់នៅ​សណ្ឋាគារ ឃ្វី​ន​ហ្វូ​ត​បន្ទប់​លេខ​៦០៥ ដែល​មាន​ទីតាំង​លេខ​៨២​នៅ​ផ្លូវ​លេខ​១៣៦​កែង​ផ្លូវ​លេខ​០៥​សង្កាត់​ផ្សារកណ្តាល​១ ខណ្ឌដូនពេញ​។​
​    មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​បានឲ្យដឹងថា បន្ទាប់​ពី​ជនសង្ស័យ​ដែរ​ជា​គ្រូ​កីឡា​វ៉ៃ​បុក​ជនជាតិ​អូស្ត្រាលី​រូបនេះ បាន​ប្រើ​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​(​សម្លាប់​)​មនុស្ស​ប្រុស​ម្នាក់​នៅ​ប្រទេស​អូ​ស្ត្រី​លី គឺ​រូបគេ​បាន​ចាកចេញ​ពី​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ ដោយ​មក​រស់នៅ​ប្រទេស​កម្ពុជា ដើម្បី​លាក់ខ្លួន​នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​នឹកស្មាន​ថា​រត់​រួច​ខ្លួន​នោះទេ ។
    លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ គឺ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ផ្នែក​ការិយាល័យ​ស្រាវជ្រាវ បទល្មើស​ព្រហ្មទណ្ឌ​ដែល ដឹកនាំ​ដោយ លោក​វរៈ​សេ​នីយ៌ទោ មុំាង សុខ​លុច្យ បាន​ធ្វើការ​ស្រាវជ្រាវ​ដឹង​ច្បាស់​ថា​ជនសង្ស័យ​បាន​ជួល​បន្ទប់​សណ្ឋាគារ​ខាងលើ​ស្នាក់នៅ​ហើយ​នោះ ក៏​ចុះ​មក​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​មក​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បាន​តែ​ម្តង ។
    បន្ទាប់​ពី​ជនសង្ស័យ​រូបនោះ​បាន​ព្យាយាម​គេចខ្លួន​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ រហូត​ដល់​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ចាប់​បាន រួច​បញ្ជូន​ជនសង្ស័យ​រូបនោះ​ទៅ​ទីញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់