1

ចិន​ចង់​ក្តោប​ក្តាប់​ពិភព​បាល់ទាត់​ដោយ​ចាប់ផ្តើម​ជាមួយនឹង​ការទិញ Jackson Martínez ក្នុងតម្លៃ​៤២ លាន​ផោន​

​ខ្សែប្រយុទ្ធ Jackson Martínez បាន​ដោះអាវ​ក្រុម Atlético Madrid និង​បាន​ចាក​ចេញពី​ប្រទេស​អេ​ស្ប៉ា​ញ​ដើម្បី​ចូលរួម​ជាមួយ​ក្រុម​អ្នកមាន​ចិន Guangzhou Evergrande ហើយ​។ កីឡាករ​សញ្ជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​បានមក​កាន់​ទីក្រុង​ម៉ា​ឌ្រី​ដ​ជាមួយនឹង​ការរំពឹងទុក​ដ៏​ផ្ទុយស្រឡះ​មួយ អំឡុង​ពេលវេលា​មិន​សមប្រកប​របស់គេ​ជាមួយ​ក្លឹប Atlético ហើយ​ឥឡូវ​រូបគេ​នឹង​ដើរ​ចេញពី​សុបិន​អាក្រក់​នេះ​ដើម្បី​ស្វែងរក​ពន្លឺ​ថ្មី​ក្នុង​ជីវិត​នៅ​ទឹកដី​ចិន​វិញ​ម្តង​។​

​ខណៈ​មានការ​បញ្ចុះបញ្ចូល​កីឡាករ​រូបនេះ​ដើម្បី​បន្ត​ស្នាក់នៅ​ទឹកដី Vicente Calderón  គេ​មិនអាច​ឃាត់ Martínez បានទេ​ដោយសារតែ​អំណាច​ទឹកប្រាក់​វា​ធំធេង​ចំពោះ​រូបគេ​ពេក​។​

Martínez នឹង​រក​ចំណូល​នៅ​ចិន​ច្រើនជាង​នៅ​ក្លឹប Atlético Madrid ហើយ​ក្រុម​ពិតជា​ពិបាក​ដើម្បី​ឲ្យ​កីឡាករ​ដែល​ខ្លួន​ទិញ​មក​ថ្លៃ​ចាកចេញ​ណាស់​។ ក្រុម Atlético ទិញ Martínez ក្នុងតម្លៃ ៣៥ លាន​យូរ៉ូ ប៉ុន្តែ​ពួកគេ​លក់​វិញ​បាន​ក្នុងតម្លៃ​ថ្លៃ​ជាង​មុន បើតាម​ការរាយការណ៍​គឺមាន​តម្លៃ​ដល់​ទៅ ៤២ លាន​ផោន​ឯណោះ​។ ជាមួយនឹង​ទឹកប្រាក់​នេះ ក្លឹប​មាន​គម្រោង​នាំយក Diego Costa មក​ក្រុម​វិញ​ក្នុង​ខែមិថុនា​ខាងមុខ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​សុបិន​របស់​ជំនួយការ​របស់លោក Diego Simeone តែប៉ុណ្ណោះ​៕

ប្រភព៖ ម៉ាកា

មតិយោបល់